Khmer suport khmer cc time

វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេច ឆ្នាំ២០២៦ នឹងធ្វើឡើងនៅថ្ងៃទី១០ ដល់ទី១២ ខែវិច្ឆិកា

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេច ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ដល់ទី១២ ខែវិច្ឆិកា ក្រោមប្រធានបទ «ពីកម្ពុជាទៅកាន់ពិភពលោក» ដោយផ្តោតពិសេសលើការធ្វើពាណិជ្ជកម្មជាមួយទីផ្សារអឺរ៉ុប នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra ដើម្បីប្រមូលផ្តុំនូវអ្នកទិញ វិនិយោគិន និងអ្នកជំនាញក្នុងវិស័យពាណិជ្ជកម្ម ស្វែងយល់ពីតម្រូវការទីផ្សារអឺរ៉ុប វិធីកែលម្អ និងការកែច្នៃផលិតផល តាមស្តង់ដារគុណភាព និងពង្រីកការនាំចេញផលិតផលរបស់ខ្លួន។

បើយោងតាមគេហទំព័រផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម កម្មវិធីនេះ នឹងបើកទទួលអ្នកចូលរួមរហូតដល់ ៤០០នាក់ ឱ្យចូលរួមដែលរួមមាន អ្នកទិញ អ្នកផលិត អ្នកកែច្នៃ អ្នកនាំចេញគ្រាប់ស្វាយចន្ទី និងម្រេច ព្រមទាំងវិនិយោគិន ឱ្យស្វែងយល់ពីទីផ្សារនៃផលិតផលទាំងពីរ ជាពិសេសការនាំចេញទៅសហភាពអឺរ៉ុប ការបង្កើតទំនាក់ទំនងអាជីវកម្មថ្មីៗ ព្រមទាំងស្វែងរកឱកាសពង្រីកអាជីវកម្មរបស់ខ្លួន។ ជាពិសេស កម្មវិធីក៏មានរៀបចំ សិក្ខាសាលាជាក់ស្តែងស្តីពីការលក់ និងការកែច្នៃផលិតផល ផងដែរ។

គួរបញ្ជាក់ថា ចំពោះសាធារណជនដែលមានចំណាប់អារម្មណ៍ ត្រូវចុះឈ្មោះ តាម តំណភ្ជាប់ ជាមុនសិន៕


Khcct banner

អត្ថបទទាក់ទង