Khmer suport khmer cc time

ឱកាស សម្រាប់បុគ្គលិក និងអ្នកស្ម័គ្រចិត្តនៅក្នុងអង្គការសង្គមស៊ីវិល ពង្រឹងជំនាញវិជ្ជាជីវៈ នៅប្រទេសអាល្លឺម៉ង

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ ក្រសួងការបរទេសប្រទេសអាល្លឺម៉ង់ កំពុងប្រកាសស្វែងរកបុគ្គលិក និងអ្នកស្ម័គ្រចិត្តនៅក្នុងអង្គការសង្គមស៊ីវិល មកពី ៤០ប្រទេស ដែលរួមមានកម្ពុជា ឱ្យដាក់ពាក្យនៅក្នុងកម្មវិធី CrossCulture Program (CCP) ដើម្បីពង្រឹងសមត្ថភាព និងវិជ្ជាជីវៈ ទាក់ទងនឹងគោលនយោបាយ លទ្ធិប្រជាធិបតេយ្យ ព្រមទាំងអភិវឌ្ឍជំនាញអន្តរវប្បធម៌ រយៈពេល ២ ទៅ៣ខែ នៅប្រទេសអាល្លឺម៉ង់។

យោងតាមគេហទំព័រផ្លូវការរបស់ ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា កម្មវិធីនេះផ្តល់ឱ្យសម្រាប់បុគ្គលិក និងអ្នកស្ម័គ្រចិត្តនៅតាមបណ្តាអង្គការសង្គមស៊ីវិលដែលមានអាយុយ៉ាងតិច ២៣ឆ្នាំ និងមានបទពិសោធន៍ការងារយ៉ាងតិច ២ឆ្នាំ និងអាចប្រើប្រាស់ភាសាអង់គ្លេស។ ជាមួយគ្នា CCP ឆ្នាំ២០២៧ នឹងផ្តល់អាទិភាពដល់បេក្ខជនដែលធ្វើការទាក់ទងនឹង គោលនយោបាយ និងសង្គម, ប្រព័ន្ធផ្សព្វផ្សាយ និងវប្បធម៌, សិទ្ធិមនុស្ស និងសន្តិភាព, ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាព និងយុត្តិធម៌អាកាសធាតុ ព្រោះឆ្នាំនេះកម្មវិធីនឹងផ្តោតសំខាន់លើប្រធានបទ “ភាពធន់នៃលទ្ធិប្រជាធិតេយ្យ”។

បើតាមប្រភពដដែល នៅក្នុងការផ្លាស់ប្តូរបទពិសោធន៍រយៈពេល ២ ទៅ៣ ខែនេះ អ្នកចូលរួមនឹងទទួលបានអត្ថប្រយោជន៍ដូចជា ការទទួលបានការបណ្តុះបណ្តាលទាំងផ្ទាល់ និងអនឡាញ ព្រមទាំងទទួលបានការរ៉ាប់រងលើថ្ងៃចំណាយដូចជា ប្រាក់ឧបត្ថម្ភប្រចាំខែ ថ្លៃធ្វើដំណើរទៅមក កន្លែងស្នាក់នៅ ការប្រើប្រាស់សេវាសាធារណៈដោយឥតគិតថ្លៃនៅអាល្លឺម៉ង់ និងធានារ៉ាប់រងសុខភាព ។

គួរបញ្ជាក់ថា និស្សិតមិនអាចដាក់ពាក្យនៅក្នុងកម្មវិធីនេះបានឡើយ។ ដោយឡែក បេក្ខជនមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាម តំណភ្ជាប់ រហូតដល់ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២៦៕


Khcct banner

អត្ថបទទាក់ទង