Khmer suport khmer cc time

យុវជនខ្មែរ ៣៥រូប នឹងចេញទៅបន្តការ«សិក្សានៅនូវែលហ្សេឡង់» នាដើមឆ្នាំ២០២៧ ខាងមុខ

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ យុវជនខ្មែរ ៣៥រូប ទទួលបានអាហារូបករណ៍រដ្ឋាភិបាលនូវែលហ្សេឡង់ សម្រាប់ឆ្នាំសិក្សា២០២៧ - ២០២៨ គ្រោងនឹងចេញដំណើរទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅនូវែលហ្សេឡង់ ក្នុងដើមឆ្នាំ២០២៧ ខាងមុខនេះ។ មុនចេញដំណើរ យុវជនទាំង៣៥រូប បានចូលជួបសំណេះសំណាល និងទទួលបានអនុសាសន៍ណែនាំលើកទឹកចិត្តពីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ក្នុងការត្រៀមខ្លួន និងទាញយកអត្ថប្រយោជន៍ពីការសិក្សាស្រាវជ្រាវ មកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជានាពេលអនាគត។

និស្សិតជ័យលាភីអាហារូបករណ៍ទាំង ៣៥រូប នឹងបន្តការសិក្សានៅលើមុខវិជ្ជារួមមាន៖ (១)ភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ វិទ្យាសាស្ត្រ និងបរិស្ថាន, (២)ភាពធន់នៃសេដ្ឋកិច្ច និងវិស័យឯកជន, (៣)ការអប់រំ, (៤)សុវត្ថិភាពចំណីអាហារ និងកសិកម្ម, (៥)អភិបាលកិច្ច, (៦)បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន, (៧)ហេដ្ឋារចនាសម្ព័ន្ធ, (៨)សន្តិភាព សន្តិសុខ និងយុត្តិធម៌, និង (៩)សង្គមដែលមានភាពធន់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់នូវទស្សនទាន និងពុទ្ធិសំខាន់ៗជុំវិញការបន្សាំខ្លួនទៅនឹងបរិបទអប់រំនៅក្រៅប្រទេស ដោយបានក្រើនរំលឹកដល់និស្សិតទាំងអស់ ឱ្យទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការសិក្សាស្រាវជ្រាវ ការចាប់យកបច្ចេកវិទ្យានវានុវត្តន៍ថ្មីៗ និងបែបផែននៃការរស់នៅក្រៅប្រទេស យកមកកែច្នៃប្រើប្រាស់សំដៅអភិវឌ្ឍខ្លួនឱ្យក្លាយជាមូលធនមនុស្សដ៏រឹងមាំ និងពោរពេញដោយសមត្ថភាព សម្រាប់ចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជានាពេលអនាគត។

បន្ថែមពីនេះ លោក ស៊ុន ចាន់ថុល បានជំរុញលើកទឹកចិត្តដល់និស្សិតជ័យលាភីទាំងអស់ គួរព្យាយាមរំលេចពីគោលជំហររបស់រាជរដ្ឋាភិបាល ក្នុងការរក្សាសន្តិភាពក្នុងតំបន់ ស្ថិរភាពនយោបាយ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សក្តានុពលសេដ្ឋកិច្ច និងបរិយាកាសវិនិយោគដ៏ប្រពៃរបស់កម្ពុជា ទៅកាន់មជ្ឈដ្ឋានអន្តរជាតិ ជាពិសេសដល់មិត្តរួមថ្នាក់ មិត្តរួមស្ថាប័នអប់រំ សាស្រ្តាចារ្យ និងសហគមន៍ដែលខ្លួនទៅរស់នៅសិក្សា។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងនូវសុភាសិតមួយឃ្លាដែលពោលថា៖ «សម្ដីឥតប្រយោជន៍ នាំគ្រោះដល់ជាតិ ការងារមានប្រសិទ្ធភាព នាំជាតិរុងរឿង» ដើម្បីជាការដាស់ស្មារតីបេក្ខភាពនិស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ ឱ្យខិតខំប្រឹងប្រែងបំពេញភារកិច្ចក្នុងការសិក្សារៀនសូត្រ ប្រកបដោយការយកចិត្តទុកដាក់ បង្កើនភាពប្រយ័ត្នប្រយែងក្នុងការបញ្ចេញទស្សនៈយោបល់ និងប្រកាន់ខ្ជាប់នូវភាពឆ្លាតវៃក្នុងការទំនាក់ទំនង ព្រមទាំងបោះជំហានទៅមុខដោយស្មារតីទទួលខុសត្រូវខ្ពស់៕

Khcct banner

អត្ថបទទាក់ទង