Khmer suport khmer cc time

ឱកាសអាហារូបករណ៍ ៨០កន្លែង សម្រាប់និស្សិតសិក្សាជំនាញព័ត៌មានវិទ្យា

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/


ភ្នំពេញ៖ មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី (Korea Software HRD Center) កំពុងប្រកាសផ្តល់អាហារូបករណ៍ផ្នែកព័ត៌មានវិទ្យា ចំនួន ៨០កន្លែង ដល់និស្សិតព័ត៌មានវិទ្យា កំពុងសិក្សាឆមាសទី២ ឡើងទៅ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍នេះ មិនត្រឹមតែផ្តល់នូវការបណ្តុះបណ្តាលផ្នែកព័ត៌មានវិទ្យានោះទេ មជ្ឈមណ្ឌលថែមទាំងឧបត្ថម្ភប្រចាំខែរហូតដល់ ១៦០ដុល្លារក្នុងមួយខែទៀតផង។

យោងតាមគេហទំព័រផ្លូវការរបស់ មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី ដើម្បីដាក់ពាក្យបេក្ខជនត្រូវតែជានិស្សិតដែលកំពុងសិក្សាជំនាញព័ត៌មានវិទ្យា ចាប់ពីឆមាសទី២ នៃឆ្នាំទី២ ឡើងទៅ និងអាចសិក្សាពេញម៉ោង ចាប់ពីម៉ោង ៨:00 ព្រឹកដល់ម៉ោង ៥:00 ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងថ្ងៃសៅរ៍មួយព្រឹក។ បើសិនជាបេក្ខជនមានចំណាប់អារម្មណ៍ ដាក់ពាក្យតាមរយៈ តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

បើតាមប្រភពដដែល និស្សិតអាហារូបករណ៍ នឹងទទួលបានការបង្ហាត់បង្រៀនពីអ្នកដែលមានជំនាញ និងបទពិសោធន៍លើផ្នែកព័ត៌មានវិទ្យា ព្រមទាំងការបណ្តុះបណ្តាល និងធ្វើការស្រាវជ្រាវលើផ្នែកអភិវឌ្ឍកម្មវិធីកម្រិតខ្ពស់ និងជំនាញបញ្ញាសិប្បនិមិ្មត (AI) ដែលសមស្របនឹងទីផ្សារនាពេលបច្ចុប្បន្ន។ បន្ថែមពីនេះ និស្សិតក៏ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែរហូតដល់ ១២០$ក្នុងមួយខែសម្រាប់ថ្នាក់មូលដ្ឋាន និងរហូតដល់ ១៦០$ ក្នុងមួយខែសម្រាប់ថ្នាក់កម្រិតខ្ពស់ អាស្រ័យទៅតាមពិន្ទុប្រចាំខែរបស់និស្សិត។ ស្របគ្នា មជ្ឈមណ្ឌកក៏មានបណ្តុះបណ្តាលអំពីមូលដ្ឋានគ្រឹះភាសាកូរ៉េ ហើយមានឱកាសឱកាសទទួលបានអាហារូបករណ៍ ផ្នែកព័ត៌មានវិទ្យាទៅសិក្សាថ្នាក់អនុបណ្ឌិត និង បណ្ឌិតនៅប្រទេសកូរ៉េ និងប្រទេសផ្សេងៗទៀតផង។

គួរបញ្ជាក់ថា និស្សិតមានចំណាប់អារម្មណ៍ អាចចូលទៅកាន់ តំណភ្ជាប់ ឬទាក់ទងទៅកាន់លេខទូរស័ព្ទ 023 991 314, 078 350 941, 069 96 93 92, 098 379 803 ដើម្បីទទួលបានព័ត៌មានបន្ថែមទាក់ទងការចុះឈ្មោះ និងកាលបរិច្ឆេទសំខាន់នានា៕


Khcct banner

អត្ថបទទាក់ទង