Khmer suport khmer cc time

យុវតី មុយ គន្ធកនិដ្ឋា ជាប់ជាយុវទូតតំណាងកម្ពុជា បង្កើតមាតិកាអប់រំពីសុវត្ថិភាពឌីជីថល ចំណោមយុវជន១៥នាក់ ក្នុងប្រទេស៥ នៅអាស៊ាន

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ យុវតី មុយ គន្ធកនិដ្ឋា គឺជានិស្សិតឆ្នាំទី៥ សិក្សាជំនាញវិស្វកម្មជីវសាស្រ្ត និងបច្ចេកវិទ្យាអាហារ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ សព្វថ្ងៃនេះ កញ្ញាគឺជាយុវទូតតំណាងកម្ពុជាតែម្នាក់នៅក្នុងកម្មវិធី ASEAN Guardians Against Scam (ASEAN GAS!) ដែលប្រមូលផ្តុំយុវជនសរុប ១៥នាក់ មកពី ប្រាំប្រទេសក្នុងអាស៊ាន ឱ្យក្លាយជាអ្នកបង្កើត និងផ្សព្វផ្សាយមាតិកាអប់រំ ទាក់ទងនឹងសុវត្ថិភាពឌីជីថល ដើម្បីបង្កើនការយល់ដឹងអំពីអំពើឆបោកតាមប្រព័ន្ធអនឡាញ។

កញ្ញា គន្ធកន្និដ្ឋា បានប្រាប់មកកាន់ ស៊ីស៊ីថាមស៍ ថា មុននឹងចូលរួមធ្វើជាយុវទូតនៅក្នុង ASEAN Guardians Against Scam កញ្ញាបានមើលឃើញ និងស្វែងយល់ជាច្រើនអំពីការឆបោកតាមប្រព័ន្ធអនឡាញ ដែលជាបញ្ហាដ៏ធំមួយ នាពេលសព្វថ្ងៃ។ យុវទូតរូបនេះ បានបន្ថែមថាបញ្ហាមួយដែលគេមិនសូវមើលឃើញពីការឆបោកតាមអនឡាញ គឺការប្រើប្រាស់ល្បិចកលផ្លូវចិត្តដើម្បីបោកបន្លំ។ អាស្រ័យហេតុនេះហើយ ទើបកញ្ញាសម្រេចចិត្តដាក់ពាក្យធ្វើជាយុវទូតតំណាងកម្ពុជា នៅក្នុងកម្មវិធីមួយនេះ ដើម្បីជាចំណែកមួយក្នុងការជួយទប់ស្កាត់អំពើឆបោក និងបំផុសការយល់ដឹងអំពីសុវត្ថិភាពឌីជីថលដល់សាធារណៈជន។

គន្ធកន្និដ្ឋា បានរៀបរាប់បន្តថា ក្នុងនាមជាយុវទូតម្នាក់ គាត់ត្រូវមានទំនួលខុសត្រូវក្នុងការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពឌីជីថល និងវិធីសាស្ត្រការពារខ្លួនពីការឆបោកតាមប្រព័ន្ធអនឡាញ ជាពិសេសក្នុងចំណោមយុវជន។សកម្មភាពជាក់ស្តែងដែលគាត់បានអនុវត្ត រួមមានការផលិត និងផ្សព្វផ្សាយវីដេអូអប់រំនៅលើបណ្តាញសង្គម TikTok របស់ខ្លួន @theonly.kan_ រយៈពេល ៤ខែនៃយុទ្ធនាការ ដើម្បីជូនដំណឹង និងបង្កើនការប្រុងប្រយ័ត្នដល់អ្នកប្រើប្រាស់អ៊ីនធឺណិត ក៏ដូចជាទស្សនិកជនគាត់ផ្ទាល់។ រីឯយុទ្ធសាស្ត្របង្កើតមាតិកាវិញ កញ្ញាផ្តោតលើការយក ករណីឆបោកដែលកើតឡើងក្នុងជីវិតពិត មកធ្វើជាឧទាហរណ៍ រួចភ្ជាប់ជាមួយចំណេះដឹង និងបទពិសោធន៍ដែលបានសិក្សាពីហ្គេមអប់រំ «Be Scam Ready» របស់កម្មវិធី។ តាមរយៈវិធីនេះ គាត់អាចពន្យល់ឱ្យអ្នកទស្សនាយល់កាន់តែច្បាស់ពីល្បិចដែលជនខិលខូចប្រើប្រាស់ ព្រមទាំងវិធីសាស្ត្រការពារខ្លួនពីការក្លាយជាជនរងគ្រោះ។

ក្នុងអំឡុងពេល ៤ខែនៃការសិក្សាស្រាវជ្រាវបន្ថែមពីបញ្ហាសុវត្ថិភាពឌីជីថលនេះ កញ្ញាបានសង្កេតឃើញថា ចំណុចមួយដែលគួរឱ្យបារម្ភបំផុត គឺការប្រើប្រាស់ល្បិចកលផ្លូវចិត្ត ដោយជនខិលខូចឆ្លៀតឱកាសកេងចំណេញពីចំណង់ចង់បានរបស់មនុស្ស ដូចជាការសន្យាផលចំណេញរហ័ស ការផ្តល់ឱកាសការងារដែលមានប្រាក់ចំណូលខ្ពស់ខុសពីធម្មតា ឬការអះអាងថាអាចរកប្រាក់បានយ៉ាងងាយស្រួល។ ការសន្យាទាំងនេះអាចធ្វើឱ្យមនុស្សមួយចំនួនបាត់បង់ការប្រុងប្រយ័ត្ន ព្រោះពួកគេចង់ចាប់យកឱកាសទាំងនោះ។ វិធីសាស្រ្តមួយទៀតដែលមនុស្សជាច្រើនអាចមើលរំលង គឺជនខិលខូចមិនចាំបាច់ទាល់តែប្រើបច្ចេកវិទ្យាទំនើប ឬវិធីសាស្ត្រស្មុគស្មាញដើម្បីបោកប្រាស់មនុស្សនោះទេ ពេលខ្លះ ពួកគេគ្រាន់តែចាប់ផ្តើមពីការបង្កើតទំនុកចិត្ត និងការបញ្ចុះបញ្ចូលបន្តិចម្តងៗ រហូតដល់ជនរងគ្រោះជឿជាក់ និងធ្វើតាមអ្វីដែលពួកគេប្រាប់។

នៅក្នុងបទសម្ភាសនេះ យុវទូត ASEAN GAS! Creator ក៏បានរំលេចបន្ថែមទៀតអំពីភាពខុសប្លែកកពីកម្មវិធីដទៃទៀតផងដែរ គឹការភ្ជាប់ចំណេះដឹងអំពី បច្ចេកវិទ្យា និងសុវត្ថិភាពឌីជីថល ជាមួយនឹងការអនុវត្តជាក់ស្តែង និងកិច្ចសហការរវាងយុវជនក្នុងតំបន់អាស៊ាន។ ចំណុចមួយទៀតដែលកញ្ញាមើលឃើញពិសេស គឺទោះបីជា ASEAN GAS! Creators មកពីប្រទេសផ្សេងៗគ្នាក៏ដោយ ក៏យុវទូតៗម្នាក់ៗត្រូវបង្កើតមាតិកាដោយប្រើភាសារបស់ប្រទេសខ្លួន ដើម្បីឱ្យសមស្រប និងងាយស្រួលយល់សម្រាប់ទស្សនិកជនក្នុងស្រុក។ គាត់គិតថា វាជាវិធីដ៏ល្អមួយក្នុងការនាំយកចំណេះដឹងអំពីសុវត្ថិភាពឌីជី ថលទៅដល់មនុស្សកាន់តែច្រើន ដោយមិនមានរនាំងផ្នែកភាសា។

លើសពីនេះ កម្មវិធីនេះក៏បង្រៀនកញ្ញាឱ្យចេះបកស្រាយព័ត៌មានបច្ចេកទេសដែលស្មុគស្មាញ ឱ្យទៅជារឿងរ៉ាវ ឬមាតិកាអប់រំដែលងាយយល់ និងទាក់ទាញចំណាប់អារម្មណ៍របស់សាធារណជនផងដែរ។ តាមរយៈបទពិសោធន៍នេះ គាត់បានយល់ថា ការមានចំណេះដឹងបច្ចេកទេសតែមួយមុខមិនទាន់គ្រប់គ្រាន់នោះទេ យើងក៏ត្រូវចេះចែករំលែក និងពន្យល់ចំណេះដឹងទាំងនោះឱ្យអ្នកដទៃយល់បានច្បាស់ និងអាចយកទៅប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃបានផងដែរ។

បើក្រឡេកមកមើលអំពីចំណេះដឹងដែលកញ្ញាទទួលបានវិញ កញ្ញាអាចពង្រឹងជំនាញទំនាក់ទំនងជាសាធារណៈ ជំនាញផលិតមាតិកាឌីជីថល និងការប្រាស្រ័យទាក់ទងជាមួយមនុស្សដែលមានប្រវត្តិ និងបទពិសោធន៍ខុសៗគ្នា។ លើសពីនេះ កញ្ញាក៏ទទួលបានចំណេះដឹងកាន់តែស៊ីជម្រៅអំពីបញ្ហាសុវត្ថិភាពឌីជីថល និងបានពង្រីកបណ្តាញទំនាក់ទំនងជាមួយយុវជនមកពីបណ្តាប្រទេសអាស៊ានផងដែរ។ ទោះបី នៅក្នុងបរិបទនៃការរីករាលដាលនៃការបោកប្រាស់ និងមានអ្នកធ្លាប់រងគ្រោះជាច្រើន ព្រមទាំងជាបញ្ហាពិបាកនឹងបកស្រាយយ៉ាងណាក្តី ក៏កញ្ញា យល់ថា គាត់ក៏អាចជាចំណែកមួយជួយទប់ស្កាត់កុំឱ្យមានជនរងគ្រោះថ្មីៗបន្ថែមទៀតបានខ្លះផងដែរ។

ជាចុងក្រោយ ក្នុងនាមជាយុវជនសកម្មក្នុងសង្គមម្នាក់ កញ្ញាសូមសំណូមពរឱ្យយុវជន ឱ្យចាប់ផ្តើមធ្វើការពីរឿងតូចៗទៅ កុំរង់ចាំទាល់តែមានសមត្ថភាពគ្រប់គ្រាន់ទើបហ៊ានធ្វើ ព្រមទាំងត្រូវហ៊ានសាកល្បង រៀនអ្វីថ្មីៗ និងយកអ្វីដែលយើងចេះទៅប្រើប្រាស់ដើម្បីជួយសង្គម។ ជាពិសេស យុវជន មិនមែនគ្រាន់តែជាអនាគតនៃសង្គមជាតិនោះទេ ដែលយុវជនក៏អាចចាប់ផ្តើមបង្កើតការផ្លាស់ប្តូរបានក្នុងពេលបច្ចុប្បន្នតទៅ។ Link ទៅកាន់ វីដេអូរបស់ កញ្ញា គន្ធកន្និដ្ឋា។

គួរបញ្ជាក់ថា ASEAN Guardians Against Scam គឺជាគំនិតផ្តួចផ្តើមមួយនៅក្នុងតំបន់អាស៊ាន ក្រោមកម្មវិធីធំ Scam Ready ASEAN ដែលរៀបចំឡើងដោយ ASEAN Foundation និងទទួលបានការគាំទ្រថវិកាពី Google.org។ កម្មវិធីនេះមានគោលបំណងចម្បងក្នុងការលើកកម្ពស់ការយល់ដឹង និងចូលរួមទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដែលកំពុងក្លាយជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរនៅក្នុងតំបន់អាស៊ាន តាមរយៈការបណ្តុះបណ្តាលយុវជន ឱ្យក្លាយជាអ្នកបង្កើតមាតិកាអប់រំ។ ដោយឡែក ចំពោះការដាក់ពាក្យយុវជនបេក្ខជនត្រូវបំពេញទម្រង់ពាក្យស្នើសុំតាមប្រព័ន្ធអនឡាញ (Application Form) ព្រមទាំងបង្កើតមាតិកាមួយជាមុន ដោយយកបទពិសោធន៍ជាក់ស្តែងពីការលេង ឬស្វែងយល់អំពីហ្គេម «Be Scam Ready» មកធ្វើជាស្នាដៃសម្រាប់ដាក់ពាក្យ ដែលគេហៅថា Entry Ticket ដើម្បីឱ្យគណៈកម្មការវិនិច្ឆ័យ៕

ស្នាដៃវីដេអូ ចេញពី «Be Scam Ready» ដើម្បីដាក់ពាក្យ Entry Ticket


Khcct banner

អត្ថបទទាក់ទង