Khmer suport khmer cc time

ចិនផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បន្តសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត នៅសាកលវិទ្យាល័យ BFSU

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ រដ្ឋាភិបាលចិន ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតឱ្យបន្តការសិក្សា ថ្នាក់អនុបណ្ឌិត និងបណ្ឌិត នៅសាកលវិទ្យាល័យ Beijing Foreign Studies (BFSU) ប្រទេសចិន។ អាហារូបករណ៍នេះ អនុញ្ញាតឱ្យនិស្សតអាចជ្រើសរើសជំនាញសិក្សាជាច្រើនជំនាញ ព្រមទាំងអាចជ្រើសរើសកម្មវិធីសិក្សា ជាភាសាអង់គ្លេស និងភាសាចិន។

យោងតាមគេហទំព័រផ្លូវការរបស់សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ដើម្បីដាក់ពាក្យបេក្ខជនត្រូវបំពេញតាមលក្ខខណ្ឌដូចជា ត្រូវមានអាយុក្រោម ៣៥ឆ្នាំ និងសញ្ញាបត្របរិញ្ញាបត្រសម្រាប់បេក្ខជនមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិត។ រីឯអាហារូបករណ៍ថ្នាក់បណ្ឌិត បេក្ខជនត្រូវមានអាយុក្រោម ៤០ឆ្នាំ និងមានសញ្ញាបត្រថ្នាក់អនុបណ្ឌិត។ បន្ថែមពីនេះ មានវិញ្ញាបនបត្រ HSK សម្រាប់អ្នកជ្រើសរើសកម្មវិធីសិក្សាភាសាចិន និងមានវិញ្ញាបនបត្រ IELTS ឬ TOFEL សម្រាប់ការជ្រើសរើសកម្មវិធីសិក្សាភាសាអង់គ្លេស ដែលពិន្ទុគឺត្រូវស្របតាមតម្រូវការនៃជំនាញនីមួយៗ។ ចុងក្រោយ បេក្ខជនត្រូវមានប្រវត្តិល្អ និងមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។

ជាមួយគ្នា ដើម្បីងាយស្រួលក្នុងការដាក់ពាក្យ បេក្ខជនតម្រូវឱ្យមានឯកសារដូចជា លិខិតឆ្លងដែន, សញ្ញាបត្រ និងព្រឹត្តិបត្រពិន្ទុ ដែលបកប្រែជាភាសាចិន ឬអង់គ្លេស, ប្រវត្តិរូបសង្ខេប និងគម្រោងស្រាវជ្រាវ, លិខិតអនុសាសន៍ពីរច្បាប់, លិខិតពិនិត្យសុខភាព, និងលិខិតបញ្ជាក់ថាគ្មានទោសពៃរ៍។

បើតាមប្រភពដដែល និស្សិតអាហារូបករណ៍នឹងទទួលបានអត្ថប្រយោជន៍ដូចជា ការលើកលែងថ្លៃសិក្សា កន្លែងស្នាក់នៅក្នុងសាកលវិទ្យាល័យ ប្រាក់ឧបត្ថម្ភប្រចាំខែ ៣០០០យ័នក្នុងមួយខែសម្រាប់ថ្នាក់អនុបណ្ឌិត និង ៣៥០០យ័នក្នុងមួយខែ សម្រាប់ថ្នាក់បណ្ឌិត ព្រមទាំងការធានារ៉ាប់រងសុខភាពនៅប្រទេសចិន។ ស្របគ្នា ចំពោះបេក្ខជនដែលមិនស្នាក់នៅក្នុងសាកលវិទ្យាល័យនឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់បង់ថ្លៃស្នាក់នៅ ៧០០យ័នក្នុងមួយខែសម្រាប់ថ្នាក់អនុបណ្ឌិត និង ១០០០យ័នក្នុងមួយខែសម្រាប់ថ្នាក់បណ្ឌិត។ រីឯ ថ្លៃធ្វើដំណើរទៅមកកម្ពុជា-ចិន ជាបន្ទុករបស់បេក្ខជន។

គួរបញ្ជាក់ថា បេក្ខជនអាចជ្រើសរើសវិធីដាក់ពាក្យចំនួនពីរ។ ទី១ ការដាក់ពាក្យតាមប្រព័ន្ធសាកលវិទ្យាល័យ បេក្ខជនអាចចូលទៅកាន់ តំណភ្ជាប់ ហើយដាក់ពាក្យ ឱ្យបានត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៧។ ទី២ ការដាក់ពាក្យតាមប្រព័ន្ធអាហារូបករណ៍រដ្ឋាភិបាលចិន បេក្ខជនអាចដាក់ពាក្យតាម តំណភ្ជាប់ ចាប់ពីថ្ងៃទី០៥ ខែមករា ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៧៕

Khcct banner

អត្ថបទទាក់ទង