ភ្នំពេញ៖ កម្មវិធី SEA Youth Harmony CoLab កំពុងបើកទទួលពាក្យសម្រាប់យុវជនអាស៊ីអាគ្នេយ៍ មានអាយុពី ១៥ ដល់២៥ឆ្នាំ ដែលមានចំណាប់អារម្មណ៍ក្នុងការដោះស្រាយបញ្ហាសង្គម ចូលរួមកម្មវិធីសិក្សាតាមប្រព័ន្ធអនឡាញរយៈពេល ៨សប្តាហ៍ ដើម្បីពង្រឹងការយល់ដឹងអំពីអន្តរវប្បធម៌ ភាពចម្រុះ និងបង្កើតទំនាក់ទំនងយុវជននៅក្នុងអាស៊ីអាគ្នេយ៍។
យោងតាម School of Leadership កម្មវិធីសិក្សានេះគឺសម្រាប់យុវជនអាស៊ីអាគ្នេយ៍មានអាយុចាប់ពី ១៥ ដល់២៥ ឆ្នាំ ដែលមានចំណងចំណូលចិត្តនៅក្នុងការផ្លាស់ប្តូរគំនិត បង្កើតទំនាក់ទំនង ព្រមទាំងជាអ្នកផ្លាស់ប្តូរវ័យក្មេងដែលមានគំនិតក្នុងការ ស្វែងរកដំណោះស្រាយ និងផ្តល់វិជ្ជមានចំពោះសង្គម។ ជាចុងក្រោយ យុវជនត្រូវតែប្តេជ្ញាចិត្តសិក្សាតាមប្រព័ន្ធអនឡាញក្នុងរយៈពេល ២០ម៉ោងក្នុង ១សប្តាហ៍ក្នុងរយៈពេល ៨សប្តាហ៍។
បើតាមប្រភពដដែល កម្មវិធីនេះគឺជាឱកាសមួយដែលយុវជនអាចបង្កើតទំនាក់ទំនងជាមួយយុវជន និងសិក្សាពីអង្គការនានានៅក្នុងអាស៊ីអាគ្នេយ៍ ព្រមទាំងសិក្សាអំពីវប្បធម៌គ្នាទៅវិញទៅមក។ បន្ថែមពីនេះ យុវជននឹងទទួលបានការហ្វឹកហ្វឺនពីគ្រូដឹកនាំ (Mentor) សិក្សាអំពីបញ្ហាសង្គម និងរៀនវិធីសាស្ត្រក្នុងការដោះស្រាយឱ្យមានប្រសិទ្ធិភាព ព្រមទាំងមានឱកាសពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នានៅថ្ងៃអនាគត។
គួរបញ្ជាក់ថា កម្មវិធីសិក្សានេះ នឹងចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ២០២៧ ដែលទទួលបានការឧបត្ថម្ភពីមូលនិធិ Temasek Foundation។ យុវជនមានចំណាប់អារម្មណ៍ អាចដាក់ពាក្យតាមរយៈ តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦៕