ភ្នំពេញ៖ លោកស្រី ស្រូយ សុជាតិ ទទួលពានរង្វាន់ INTERNATIONAL SERVICE AWARD (Silver) ពីសមាគមកាយរឹទ្ធិសិង្ហបុរី ។ ពិធីប្រគល់ពានរង្វាន់នេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានប្រធានាធិបតី (The Istana) នៃសាធារណរដ្ឋសិង្ហបុរី។
យោងតាមគេហទំព័រក្រសួងអប់រំ លោកស្រី ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ និងជាប្រធានស្នងការកាយរឹទ្ធិជាតិកម្ពុជា ទទួលបានពានរង្វាន់ INTERNATIONAL SERVICE AWARD (Silver) ពីសមាគមកាយរឹទ្ធិសិង្ហបុរី ដោយសារតែការខិតខំប្រឹងប្រែង ការលះបង់កម្លាំងកាយចិត្ត និងការបំពេញការងារស្ម័គ្រចិត្តប្រកបដោយស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់របស់លោកជំទាវ ក្នុងការរួមចំណែកអភិវឌ្ឍចលនាកាយរឹទ្ធិជាតិកម្ពុជា និងអន្តរជាតិ។
ក្នុងកិច្ចសម្ភាសដែលផ្សាយលើគេហទំព័ររបស់ អគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ លោកស្រី ស្រូយ សុជាតិ បានគូសបញ្ជាក់ថា «កិត្តិយសមួយនេះ មិនមែនត្រឹមតែជាមោទនភាពសម្រាប់បុគ្គលម្នាក់នោះទេ ប៉ុន្តែជាកម្លាំងចិត្តសម្រាប់ចលនាកាយរឹទ្ធិជាតិកម្ពុជា និងយុវជនកម្ពុជាទាំងមូល។ ពានរង្វាន់នេះ គឺជាការលើកទឹកចិត្តឱ្យបន្តបេសកកម្មក្នុងការអប់រំ អភិវឌ្ឍសមត្ថភាព ឆន្ទៈស្ម័គ្រចិត្ត ភាពជាអ្នកដឹកនាំ និងស្មារតីទទួលខុសត្រូវរបស់យុវជន តាមរយៈចលនាកាយរឹទ្ធិ។»។
គួរបញ្ជាក់ថា ពិធីប្រគល់ពានរង្វាន់ដ៏មានកិត្តិយសនេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានប្រធានាធិបតី (The Istana) នៃសាធារណរដ្ឋសិង្ហបុរី ដែលនឹងមានការចូលរួមពីថ្នាក់ដឹកនាំកាយរឹទ្ធិនៃសមាគមកាយរឹទ្ធិសិង្ហបុរី និងឥស្សរជនពាក់ព័ន្ធ រួមមាន សាស្ត្រាចារ្យប្រធានកិត្តិយសនៃសមាគមកាយរឹទ្ធិសិង្ហបុរី ប្រធានស្នងការនៃសមាគមកាយរឹទ្ធិសិង្ហបុរី ព្រមទាំងថ្នាក់ដឹកនាំកាយរឹទ្ធិមកពីបណ្តាប្រទេសក្នុងតំបន់ជាច្រើនរូបផងដែរ៕