ភ្នំពេញ៖ ប្រតិភូយុវជនកម្ពុជាចំនួន ២រូប រួមមាន កញ្ញា ម៉ិល អ៊ាងលី និង លោក សៅ ឡៃហេង នឹងចូលរួមក្នុងកម្មវិធី 5th ASEAN Youth Dialogue 2026 និង កម្មវិធី ASEAN Leaders’ Interface with Representatives of ASEAN Youth ដែលជាកម្មវិធីអម កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ វិច្ឆិកា ២០២៦។ តាមរយៈការតំណាងនេះ យុវជនកម្ពុជាមានឱកាសបានបង្ហាញសក្តានុពល សំឡេង និងទស្សនៈរបស់ខ្លួន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ សាមគ្គីភាព និងមិត្តភាពជាមួយយុវជនក្នុងតំបន់អាស៊ាន។
យោងតាមអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ កម្មវិធី 5th ASEAN Youth Dialogue 2026 និង កម្មវិធី ASEAN Leaders’ Interface with Representatives of ASEAN Youth ជាវេទិកាដ៏មានសារៈសំខាន់ក្នុងការផ្តល់ឱកាសដល់យុវជនអាស៊ានចូលរួមផ្លាស់ប្តូរទស្សនៈ ចែករំលែកបទពិសោធន៍ និងចូលរួមចំណែកក្នុងការរៀបចំគោលនយោបាយពាក់ព័ន្ធនឹងការអភិវឌ្ឍតំបន់ ព្រមទាំងបង្កើតឱកាសសន្ទនាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំអាស៊ាន ប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋភិបាលប្រទេសសមាជិកអាស៊ាន។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមប្រធានបទ «យុវជនអាស៊ានក្នុងការត្រៀមខ្លួនឆ្ពោះទៅអនាគតប្រកបដោយភាពធន់ បរិវត្តកម្មឌីជីថល និងបរិយាបន្ន» (ASEAN Youth Navigating a Resilient, Digital and Inclusive Future) ដោយផ្តោតលើការពង្រឹងតួនាទីយុវជនជាអ្នកចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងអភិបាលកិច្ចក្នុងតំបន់។ យុវជនទាំងពីររូបដែលតំណាងកម្ពុជានៅក្នុងវេទិកានេះ រួមមាន កញ្ញា ម៉ិល អ៊ាងលី ជានិស្សិតមកពីសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន និង លោក សៅ ឡៃហេង ជានិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
អគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ បានគូសបញ្ជាក់ថា ការចូលរួមនេះជាឱកាសដ៏មានតម្លៃសម្រាប់យុវជនកម្ពុជាក្នុងការបង្ហាញសក្តានុពល សំឡេង និងទស្សនៈរបស់យុវជនកម្ពុជា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ សាមគ្គីភាព និងមិត្តភាពជាមួយយុវជនក្នុងតំបន់អាស៊ាន ដើម្បីរួមគ្នាកសាងសហគមន៍អាស៊ានមួយដែលមានភាពធន់ ឌីជីថល និងបរិយាបន្ន៕