ភ្នំពេញ៖ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណៈរដ្ឋប្រជាមានិតចិន កំពុងជ្រើសរើសយុវជនកម្ពុជាចំនួន ៣រូប ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Pu’er University ប្រទេសចិន។ នៅក្នុងអាហារូបករណ៍នេះ និងនិស្សិតអាចជ្រើសរើសជំនាញសិក្សាជាច្រើនជំនាញទាំង វិទ្យាសាស្ត្រសង្គម និងបច្ចេកវិទ្យា។
យោងតាមគេហទំព័រផ្លូវការរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណៈរដ្ឋប្រជាមានិតចិន អាហារូបករណ៍នេះនឹងជួយផ្គត់ផ្គង់និស្សិតដូចជា ថ្លៃសិក្សា ថ្លៃស្នាក់នៅ ប្រាក់ឧបត្ថម្ភ ៦០០យ័នក្នុងមួយខែ និងធានារ៉ាប់រងសុខភាព។ សាកលវិទ្យាល័យនេះ ផ្តល់ជូនជម្រើសជំនាញសិក្សារហូតដល់ ៤០ជំនាញ នៅក្នុងមហាវិទ្យាល័យចំនួនទាំង១១។
បើតាមប្រភពដដែល ដើម្បីដាក់ពាក្យបេក្ខជនតម្រូវឱ្យរៀបចំឯកសារដូចជា លិខិតឆ្លងដែន, សញ្ញាបត្រ, ឯកសារតេស្តសម្រាប់និស្សិតបរទេស CSCA , សញ្ញាបត្រ, វិញ្ញាបនបត្រHSK, គម្រោងសិក្សា, លិខិតអនុសាសន៍ ២ច្បាប់, លិខិតបញ្ជាក់ពីភាពគ្មានទោសពៃរ៍ពីក្រសួងយុត្តិធម៌, និងឯកសារពិនិត្យសុខភាព។ ជាចុងក្រោយ បេក្ខជនអាចយកឯកសារទៅដាក់ពាក្យតាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ឱ្យបានត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៧។
គួរបញ្ជាក់ថា អាហារូបករណ៍នេះគឺស្ថិតនៅក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណៈរដ្ឋប្រជាមានិតចិន និងសាកលវិទ្យាល័យ Pu’er University។ ចំពោះព័ត៌មានបន្ថែម បេក្ខជនអាចទាក់ទងទៅកាន់ តេលេក្រាមលេខ 099 985 987 និង 099 985 987៕