Khmer suport khmer cc time

បច្ចេកវិទ្យាថ្មីៗពេញនិយមជាច្រើន នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍អម«ហ្រ្វង់កូតិចឆ្នាំ២០២៦» ពីថ្ងៃទី១៤-១៦ វិច្ឆិកា នៅកោះពេជ្រ

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ ព្រឹត្តិការណ៍អម «ហ្វ្រង់កូតិចឆ្នាំ២០២៦» នឹងតាំងបង្ហាញនូវបច្ចេកវិទ្យាថ្មីៗពេញនិយម ដូចជា AI-Generated Magnet,  Meta AI Glasses Gen 2 & 3, Apple Vision Pro និងបច្ចេកវិទ្យាជាច្រើនទៀត ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃ១៦ ខែវិច្ឆិកា ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ A–F រាជធានីភ្នំពេញ។ ក្រៅពីនេះ អ្នកចូលរួមនឹងបានចូលរួមកម្មវិធីសំខាន់ៗជាច្រើន រួមមាន ពិព័រណ៍បច្ចេកវិទ្យានិងនវានុវត្តន៍ ការប្រកួតនវានុវត្តន៍ឌីជីថល វេទិកាវិនិយោគ និងជំនួបផ្គូផ្គងធុរកិច្ច។


«ហ្វ្រង់កូតិច-FrancoTech» នឹងក្លាយជាវេទិកាជួបជុំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាល ថ្នាក់ដឹកនាំស្ថាប័ន អ្នកជំនាញ ក្រុមហ៊ុនបច្ចេកវិទ្យា វិនិយោគិន និងធុរជនមកពីបណ្តាប្រទេសនិយាយភាសាបារាំង ដើម្បីចែករំលែកចំណេះដឹង បទពិសោធ យុទ្ធសាស្ត្រ និងបច្ចេកវិទ្យាថ្មីៗ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បច្ចេកវិទ្យា និងការវិនិយោគ ព្រមទាំងតភ្ជាប់សហគមន៍ហ្វ្រង់កូហ្វូនីទៅកាន់តំបន់អាស៊ាន។

ព្រឹត្តិការណ៍នេះ នឹងមានកម្មវិធីសំខាន់ៗជាច្រើន រួមមាន ពិព័រណ៍បច្ចេកវិទ្យានិងនវានុវត្តន៍ ការប្រកួតប្រជែងនវានុវត្តន៍ឌីជីថល វេទិកាវិនិយោគ និងជំនួបផ្គូផ្គងធុរកិច្ច។ ទន្ទឹមនឹងនេះ ក៏មានវេទិកាពិភាក្សាដេញដោលស៊ីជម្រៅលើប្រធានបទស្នូលចំនួន ៧ រួមមាន និរន្តរភាពនិងការប្រែប្រួលអាកាសធាតុ, បញ្ញាសិប្បនិម្មិត (AI), រដ្ឋាភិបាលឌីជីថល, បច្ចេកវិទ្យាហិរញ្ញវត្ថុនិងបរិយាបន្នហិរញ្ញវត្ថុ, បច្ចេកវិទ្យាកសិកម្មនិងសន្តិសុខស្បៀង, ធុរកិច្ចឌីជីថលនិងនវានុវត្តន៍, ស្ត្រីនៅក្នុងនវានុវត្តន៍ និងបច្ចេកវិទ្យាសម្រាប់វិស័យទេសចរណ៍និងវប្បធម៌។

គួរបញ្ជាក់ថា កម្មវិធីនេះទទួលបានការសហការរៀបចំពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្ព័ន្ធសភាប្រើភាសាបារាំង (APF) និងដៃគូពាក់ព័ន្ធជាច្រើនទៀត។ សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះចូលរួម សាធារណជនអាចចូលទៅកាន់គេហទំព័រផ្លូវការ https://francotech.gov.kh (https://francotech.gov.kh/)៕


Khcct banner

អត្ថបទទាក់ទង