ភ្នំពេញ៖ លោកស្រី Éléonore Caroit រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកហ្វ្រង់កូហ្វូនី ភាពជាដៃគូអន្តរជាតិ និងជនជាតិបារាំងរស់នៅក្រៅប្រទេស នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានជួបសំណេះសំណាលជាមួយអ្នកស្ម័គ្រចិត្តមកពីបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកដែលរួមមានកម្ពុជា ដើម្បីស្វែងយល់អំពីបទពិសោធន៍នៃបេសសកម្មរបស់ពួកគេ។ ជំនួបសំណេះសំណាលនេះ បានធ្វើឡើងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
ជំនួបនេះ គឺជាឱកាសមួយសម្រាប់អ្នកស្ម័គ្រចិត្តបារាំងមកពីជុំវិញពិភពលោក និងអតីតអ្នកស្ម័គ្រចិត្តខ្មែរនៅបារាំងអាចជួបជុំគ្នា ចែករំលែកអំពីបទពិសោធន៍ស្ម័គ្រចិត្ត បញ្ជ្រាបអំពីតួនាទីភាសាបារាំងនៅក្នុងហ្រ្វង់កូហ្វូនី ក៏ដូចជាការសិក្សារបស់ពួកគេ និងការបំពេញបេសកកម្មការងារស្ម័គ្រចិត្តរបស់ពួកគេ។ បទពិសោធន៍ទាំងអស់នេះ ត្រូវបានចែករំលែកដោយ កញ្ញា ប្រពៃ ដែលជាគ្រូបង្រៀនភាសាបារាំង និងជាអតីតអ្នកស្ម័គ្រចិត្តកម្ពុជានៅប្រទេសបារាំង ព្រមទាំងកញ្ញា Juliana ដែលជាអ្នកស្ម័គ្រចិត្តក្នុងកម្មវិធី V-Francophonie។
គួររម្លឹកថា តាំងពីឆ្នាំ២០២៤មក កម្ពុជាបន្តឈរឈ្មោះជាគោលដៅចម្បង និងលេចធ្លោជាងគេបំផុតនៅតំបន់អាស៊ី ក្នុងការទទួលអ្នកស្ម័គ្រចិត្តអន្តរជាតិមកពីប្រទេសបារាំង ក្រោមកិច្ចសហប្រតិបត្តិការស្ម័គ្រចិត្តអន្តរជាតិដើម្បីការផ្លាស់ប្តូរ និងសាមគ្គីភាព (VIES)។ ក្រៅពីការគ្រងចំណាត់ថ្នាក់លេខ១នៅអាស៊ី កម្ពុជាក៏ជាប្រទេសលំដាប់លេខ២នៅលើពិភពលោក ដែលទទួលបានអ្នកស្ម័គ្រចិត្តសាមគ្គីភាពអន្តរជាតិ (VSI) ពីប្រទេសបារាំងច្រើនជាងគេផងដែរ៕