ភ្នំពេញ៖ Smean AI ដែលជាប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) សម្រាប់បកប្រែភាសា បង្កើតឡើងដោយយុវជនខ្មែរ ត្រូវបានប្រើប្រាស់ដើម្បីបកប្រែភាសាខ្មែរ អង់គ្លេស និងបារាំង តាមរយៈការកត់ត្រាជាអក្សរ និងការបកប្រែជាសំឡេងបទបង្ហាញក្នុងពេលជាក់ស្តែង (real-time) ក្នុងព្រឹត្តិការណ៍ FrancoTech 2026 ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូល Francophonie លើកទី២០ ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែវិច្ឆិកា។
បើតាមតំណាងក្រុម Smean AI បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ FrancoTech 2026 អ្នកចូលរួមគ្រាន់តែស្កេនកូដ QR ដើម្បីបើកវគ្គពិភាក្សានៅលើទូរសព្ទដៃរបស់ពួកគេ ជ្រើសរើសភាសាដែលខ្លួនចង់បាន រួចអាចអានអត្ថបទដែលវាគ្មិនកំពុងនិយាយតាមរយៈអក្សរបង្ហាញនៅលើអេក្រង់ (live captions)។ អ្នកចូលរួមក៏អាចជ្រើសរើសការស្តាប់ ដោយមុខងារបំប្លែងសំឡេង (speech-to-speech) របស់ Smean Prism នឹងអានការបកប្រែនោះចេញមកក្រៅដោយប្រើសំឡេងធម្មជាតិ ដោយមិនចាំបាច់ត្រូវការបន្ទប់បកប្រែ ឬកាសស្តាប់ដូចនៅក្នុងព្រឹត្តិការណ៍នានានោះទេ។
ប្រភពដដែលបានបន្តថា ក្នុងអំឡុងព្រឹត្តិការណ៍ FrancoTech 2026 វាគ្មិនបាននិយាយជាភាសារបស់ពួកគេ ហើយប្រព័ន្ធ Smean Prism បានចាប់យកសំឡេង និងបំប្លែងទៅជាអត្ថបទភ្លាមៗ។ ប្រព័ន្ធ Prism អាចសម្គាល់ភាសានិយាយបានចំនួន ចំនួន៦ គឺ៖ ខ្មែរ អង់គ្លេស បារាំង ចិន ជប៉ុន និងវៀតណាម។ អ្នកចូលរួមអាចតាមដានការថ្លែងសុន្ទរកថានីមួយៗតាមរយៈទូរសព្ទដៃរបស់ពួកគេជាភាសាចំនួន ៩ រួមមាន៖ ខ្មែរ អង់គ្លេស បារាំង ចិន ជប៉ុន វៀតណាម កូរ៉េ ថៃ និងអាល្លឺម៉ង់។ សម្រាប់ភាសានីមួយៗ ប្រព័ន្ធ Prism ក៏បានអានការបកប្រែនោះចេញមកក្រៅដោយប្រើសំឡេងធម្មជាតិផងដែរ ដែលមានន័យថាការថ្លែងសុន្ទរកថាជាភាសាខ្មែរ ត្រូវបានស្តាប់ជាភាសាចំនួន ៩ ផ្សេងគ្នាបានក្នុងពេលតែមួយ។ បន្ទាប់ពីបញ្ចប់វគ្គនីមួយៗ ប្រព័ន្ធ Prism ក៏បានរៀបចំឯកសារកត់ត្រាជាលាយលក្ខណ៍អក្សរដែលមានពីរភាសា អំពីខ្លឹមសារដែលបានលើកឡើងនៅក្នុងវគ្គនោះ៕