ភ្នំពេញ៖ កម្មវិធី YSEALI បានបង្កើតកម្មវិធីសិក្សារយៈពេលខ្លី តាមប្រព័ន្ធអនឡាញ YSEALILearns ដើម្បីឱ្យសាធារណជនអាចអភិវឌ្ឍខ្លួន តាមរយៈការសិក្សាវីដេអូបណ្តុះបណ្តាលសំខាន់ៗ ដែល មេរៀនទាំងអស់ត្រូវបានរៀបចំដោយសាស្ត្រាចារ្យ និងអ្នកជំនាញនៅសហរដ្ឋអាម៉េរិក ហើយអ្នកសិក្សាអាចចូលរៀនពេលដែលទំនេរ និងទទួលបានវិញ្ញាបនបត្រអេឡិចត្រូនិកបន្ទាប់ពីបញ្ចប់ការសិក្សា។
យោងតាមគេហទំព័រផ្លូវការរបស់ YSEALI អ្នកចូលរួមអាចសិក្សាលើជំនាញសំខាន់ៗដូចជា មូលដ្ឋានគ្រឹះនៃការចាប់ផ្តើម និងការដំណើរការអាជីវកម្ម, មូលដ្ឋានគ្រឹះនៃការពង្រីកអាជីវកម្ម, ភាពជាអ្នកដឹកនាំយុវជន, យុទ្ធសាស្ត្រក្នុងការអភិវឌ្ឍខ្លួន, យុទ្ធសាស្ត្រនៃការរៃអង្គាសថវិកា (Fundraising Concepts), និងមូលដ្ឋាននៃការសរសេរព័ត៌មាន។
ជាមួយគ្នា ដើម្បីទទួលបានវិញ្ញាបនបត្រអេឡិចត្រូនិក បេក្ខជនត្រូវអនុវត្តតាមជំហានដូចជា រៀនមេរៀនទាំងអស់ ដែលមានទាំងមើល ស្តាប់ និងការអាន។ បន្ទាប់មក ឆ្លើយសំណួរតេស្តឱ្យបានត្រឹមត្រូវ។ ជាចុងក្រោយ អ្នកចូលរួមនឹងទទួលបានវិញ្ញាបនបត្រតាមរយៈ Email។
គួរបញ្ជាក់ថា សាធារណជនដែលមានចំណាប់អារម្មណ៍ អាចចូលទៅកាន់ តំណភ្ជាប់ និងជ្រើសរើសវគ្គសិក្សាដែលខ្លួនពេញចិត្ត៕