ភ្នំពេញ៖ កម្មវិធី Aspire Leaders កំពុងផ្តល់ឱកាសសម្រាប់យុវជនដែលមានអាយុចាប់ពី ១៨ ដល់ ២៩ឆ្នាំ ចុះឈ្មោះវគ្គសិក្សារយៈពេលខ្លី ដើម្បីពង្រឹងភាពជាអ្នកដឹកនាំ ពង្រីកបណ្តាញទំនាក់ទំនង និងត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់អាជីពការងារ តាមរយៈប្រព័ន្ធអនឡាញដោយឥតគិតថ្លៃ។ កម្មវិធីនេះ នឹងបិទទទួលពាក្យនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៧។
យោងតាមគេហទំព័រផ្លូវការរបស់ Aspire Leader ដើម្បីដាក់ពាក្យចូលរួមកម្មវិធី យុវជនត្រូវតែមានអាយុពី ១៨ ដល់២៩ឆ្នាំ ព្រមទាំងជានិស្សិតសាកលវិទ្យាល័យ និស្សិតទើបបញ្ចប់ការសិក្សា និងអ្នកកំពុងសិក្សាថ្នាក់អនុបណ្ឌិត។ ជាមួយគ្នា យុវជនដែលមានចំណាប់ចង់ដាក់ពាក្យ គួរតែជាមនុស្សដំបូងក្នុងគ្រួសារនៅក្នុងសាកលវិទ្យាល័យ ឬមានប្រាក់ចំណូលទាប។
បើតាមប្រភពដដែល អ្នកចូលរួមនឹងអាចបង្កើតទំនាក់ទំនងជាមួយអ្នកជំនាញ អ្នកដឹកនាំ និងអ្នកចូលរួមមកពី ១៩០ប្រទេសមកពីជុំវិញពិភពលោក។ ក្រៅពីនេះ អ្នកចូលរួមក៏អាចអភិវឌ្ឍជំនាញ តាមរយៈការសិក្សាជាមួយ អ្នកជំនាញមកពីស្ថាប័នល្បីៗនៅលើពិភពលោក ដែលទាំងអស់នេះ សុទ្ធសឹងតែជាទុនសម្រាប់យុវជនអាចពង្រឹងសមត្ថភាពសម្រាប់អាជីពការងារ ការសិក្សា ហើយយុវជនថែមទាំងអាចទទួលបានមូលនិធិសម្រាប់បង្កើតសហគ្រាសផ្ទាល់ខ្លួនទៀតផង។
គួរបញ្ជាក់ថា បេក្ខជនអាចស្វែងយល់ព័ត៌មានបន្ថែមតាមរយៈ តំណភ្ជាប់ និងដាក់ពាក្យឱ្យបានត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២៧៕