ភ្នំពេញ៖ និស្សិតអាហារូបករណ៍ទេព្យកោសល្យឌីជីថលតេជោ ប្រមាណ៣០នាក់ មកពីសាកលវិទ្យាល័យចំនួន៦ សហការគ្នារៀបចំកម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យា និងនវានុវត្តន៍ «Open Data X AI Venture Hackathon 1.0» ដែលបើកទទួលពាក្យចូលរួម សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យ និងនិស្សិតទើបបញ្ចប់ការសិក្សាឆ្នាំ ២០២៦ មកពីគ្រប់សាកលវិទ្យាល័យ។ កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណងលើកទឹកចិត្តដល់យុវជនឱ្យចេះប្រើប្រាស់ទិន្នន័យបើកទូលាយ (Open Data) រួមបញ្ចូលជាមួយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីប្រែក្លាយគំនិតច្នៃប្រឌិតឱ្យទៅជាផលិតផលគំរូ (MVP) ពិតប្រាកដ បង្កើតអាជីវកម្មបច្ចេកវិទ្យាថ្មីៗ និងដោះស្រាយបញ្ហាជាក់ស្តែងក្នុងសង្គម។
កម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យា និងនវានុវត្តន៍ «Open Data X AI Venture Hackathon 1.0» ក្រោមមូលបទ «Build With Open-Data | Use AI | Solve Real Problems» ជាគម្រោងផ្តួចផ្តើមដោយ និស្សិតប្រមាណជាង៣០នាក់ មកពីសមាគមនិស្សិតដែលបានអាហារូបករណ៍ទេព្យកោសល្យឌីជីថលតេជោ និងមានការចូលរួមសហការរៀបចំពី ក្រសួងប្រៃសណីយ៍ ព្រមទាំងអង្គការទិន្នន័យសម្រាប់ការអភិវឌ្ឍន៍ និងគាំទ្រដោយមូលនិធិ ស.អ ។ និស្សិតទាំង៣០រូប មកពីសាកលវិទ្យាល័យផ្សេងៗគ្នាដែលស្ថិតនៅក្រោមការផ្តល់អាហារូបករណ៍ទេព្យកោសល្យឌីជីថលតេជោ រួមមាន សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP), បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT), វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ) សាកលវិទ្យាល័យផារ៉ាហ្គន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP) និងសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)។
ការប្រកួតប្រជែងនេះ បេក្ខជនទាំងអស់ត្រូវបង្កើតគំនិតច្នៃប្រឌិត និងដំណោះស្រាយបច្ចេកវិទ្យាដោយផ្តោតលើប្រធានបទគោលសំខាន់ៗចំនួនបី រួមមាន វិស័យបរិស្ថាន និងធនធានធម្មជាតិ (Environment & Natural Resources) វិស័យទីក្រុងឆ្លាតវៃ និងសេវាកម្មទីប្រជុំជន (Smart City & Urban Services) និងវិស័យសុខាភិបាល និងការអភិវឌ្ឍសង្គម (Health & Social Development)។
យុវតី ឡាំ សិរីហ្សូរីតា ជានិស្សិតមកពីសាកលវិទ្យាល័យAUPP មានតួនាទីជា Event Project Co-lead កម្មវិធីប្រកួតប្រជែង «Open Data X AI Venture Hackathon 1.0» បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា «យើងបានជ្រើសរើសប្រធានបទទាំងបីនេះ ពីព្រោះវាគ្របដណ្តប់លើផ្នែកសំខាន់ៗនៃជីវភាពរស់នៅប្រចាំថ្ងៃ និងការអភិវឌ្ឍជាតិ។ យើងចង់ឱ្យអ្នកចូលរួមប្រើប្រាស់ទិន្នន័យបើកចំហ និង AI មិនមែនគ្រាន់តែដើម្បីបង្កើតបច្ចេកវិទ្យាថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែដើម្បីដោះស្រាយបញ្ហាដែលមានសារៈសំខាន់សម្រាប់សហគមន៍កម្ពុជា។»។
ក្រៅពីឱកាសក្នុងការបញ្ចេញសមត្ថភាពច្នៃប្រឌិត ក្រុមបេក្ខជនដែលចូលរួមនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីកម្មវិធី ដូចជាការរៀនសូត្រ និងទទួលបានការប្រឹក្សាណែនាំផ្ទាល់ពីគ្រូបណ្តុះបណ្តាល អ្នកប្រឹក្សា (Mentors) និងគ្រូបង្វឹក (Coaches) ដែលជាអ្នកជំនាញមានបទពិសោធន៍ខ្ពស់ក្នុងឧស្សាហកម្ម។ ទន្ទឹមនឹងនេះ បេក្ខជនក៏នឹងអាចពង្រឹងសមត្ថភាពលើជំនាញដោះស្រាយបញ្ហា ការអភិវឌ្ឍផលិតផល និងការធ្វើបទបង្ហាញ (Pitching) ព្រមទាំងមានឱកាសពង្រីកបណ្តាញទំនាក់ទំនងជាមួយអ្នកច្នៃប្រឌិត អ្នកឯកទេស និងសហគ្រិនផងដែរ។ លើសពីនេះទៅទៀត គ្រប់ក្រុមដែលត្រូវបានជ្រើសរើស (Shortlisted teams) នឹងទទួលបានគណនីប្រើប្រាស់ AI (AI Subscription) ដោយឥតគិតថ្លៃ ដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍគម្រោងរបស់ពួកគេ។
យុវជន ឌីណា វង្សវឌ្ឍនៈ មានតួនាទីជា Event Project Lead នៅក្នុងកម្មវិធីប្រកួតនេះ បានរៀបរាប់ប្រាប់ស៊ីស៊ីថាមស៍ថា «យើងជឿជាក់ថាកម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យា (Hackathon) នេះ នឹងអាចជួយបង្កើនសមត្ថភាពយុវជនកម្ពុជា តាមរយៈការផ្តល់ឱកាសឱ្យពួកគេអភិវឌ្ឍជំនាញជាក់ស្តែងក្នុងវិស័យបច្ចេកវិទ្យា នវានុវត្តន៍ និងសហគ្រិនភាព។ លើសពីនេះ តាមរយៈកម្មវិធីនេះ អ្នកចូលរួមនឹងបានសិក្សាអំពីរបៀបប្រើប្រាស់ទិន្នន័យបើកចំហ (Open Data) និងបញ្ញាសិប្បនិម្មិត (Artificial Intelligence) ដើម្បីកំណត់បញ្ហាជាក់ស្តែងក្នុងសង្គម និងបង្កើតដំណោះស្រាយប្រកបដោយសក្តានុពល។»។
គួរបញ្ជាក់ថា បេក្ខជនដែលមានបំណងចូលរួមប្រកួតប្រជែង ត្រូវចងក្រងជាក្រុមដែលមានសមាជិកចាប់ពី ៤ ទៅ ៥ នាក់ ដោយសមាជិកទាំងអស់ត្រូវជានិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យ ឬជានិស្សិតទើបបញ្ចប់ការសិក្សាជំនាន់ឆ្នាំ ២០២៦។ កម្មវិធីនេះនឹងរៀបចំវគ្គបណ្តុះបណ្តាលនៅថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៦ មុននឹងឈានដល់ថ្ងៃប្រកួត និងធ្វើបទបង្ហាញ (Demo & Pitching Day) នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៦ នៅសាលសន្និសីទ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.)។ និស្សិត និងយុវជនដែលមានចំណាប់អារម្មណ៍ អាចរៀបចំក្រុម និងចុះឈ្មោះដាក់ពាក្យតាមរយៈតំណភ្ជាប់ https://v0-open-data-x-ai-hackathon.vercel.app/ ឱ្យបានមុនថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ ត្រឹមម៉ោង ១១:៥៩ យប់៕