ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីអភិវឌ្ឍយុវជន កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាលើកទី៧ ស្តីពីភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាល និង វិស័យឯកជន ក្នុងការអភិវឌ្ឍយុវជនកម្ពុជា ក្រោមប្រធានបទ «យុវជនក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)៖ សុវត្ថិភាព ជំនាញ និងការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ» ដើម្បីលើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីសុវត្ថិភាពឌីជីថល បញ្ញាសិប្បនិម្មិត ព្រមទាំងជម្រុញឱ្យយុវជនប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសីលធម៌ និងទំនួលខុសត្រូវ។
ព្រឹត្តិការណ៍នេះ ធ្វើឡើងដោយផ្តោតលើគោលបំណងសំខាន់ៗ បួនដូចជា ទី១ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តការរវាងស្ថាប័នរដ្ឋាភិបាលអង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន និងដៃគូពាក់ព័ន្ធ លើការលើកកម្ពស់សុវត្ថិភាព និងសមត្ថភាពឌីជីថលសម្រាប់យុវជន។ ទី២ បង្កើតវេទិកាសម្រាប់ចែករំលែកចំណេះដឹង បទពិសោធន៍ពាក់ព័ន្ធនឹងសុវត្ថិភាព សាយប័រ សុវត្ថិភាពឌីជីថល ចំណេះដឹងផ្នែកបញ្ញាសិប្បនិម្មិត និងការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយ សីលធម៌ និង ការទទួលខុសត្រូវ។ ទី៣ កំណត់បញ្ហាប្រឈម និងដំណោះស្រាយដែលអាចអនុវត្តបាន សម្រាប់ការការពារយុវជនពីហានិភ័យឌីជីថល និងការជំរុញឱ្យយុវជនប្រើប្រាស់បច្ចេកវិទ្យាដើម្បីការសិក្សា ការងារ នវានុវត្តន៍ និងការចូលរួមក្នុងសង្គម និងទី៤ប្រមូលធាតុចូល និងអនុសាសន៍ពីភាគីពាក់ព័ន្ធ ដើម្បីជាធាតុចូលសម្រាប់ការរៀបចំ ឬកែលម្អគោលនយោបាយ ផែនការសកម្មភាព និងកម្មវិធីអភិវឌ្ឍយុវជននាពេលអនាគត។
ដើម្បីឆ្លើយតបនឹងគោលបំណងទាំង៤ កម្មវិធីបានរៀបចំឱ្យមានការធ្វើបទបង្ហាញពីប្រធានបទសំខាន់គឺ ប្រធានបទទី១ ស្តីពី «បញ្ញាសិប្បនិម្មិត និងឱកាសសម្រាប់អភិវឌ្ឍយុវជនកម្ពុជា» ដោយលោក អ៊ិន សុវណ្ណ ប្រធាននាយកដ្ឋានបរិវត្តកម្មរដ្ឋាភិបាលឌីជីថល នៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។
ប្រធានបទទី២ ស្តីពី «សុវត្ថិភាពសាយប័រ៖ ការពារខ្លួនពីហានិភ័យ និងការបោកប្រាស់តាមអនឡាញ» ដោយ លោក ង៉ែត វិទ្យា នាយនាយការិយាល័យវាយតម្លៃ និងប្រឹក្សាយោបល់សុវត្ថិភាពឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ។កម្មវិធីនេះបិទបញ្ចប់ដោយ វេទិកាពិភាក្សាក្រោមប្រធានបទ «យុវជនកម្ពុជា និងការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយទំនួលខុសត្រូវ» ពីសំណាក់អ្នកតំណាងមកពី មជ្ឈមណ្ឌលកម្ពុជា ៤.០ អង្គការយូណេស្កូ និងវិទ្យាសា្ថនបច្ចេកវិទ្យា។
នៅក្នុងការបើកសុន្ទរកថា លោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ បានផ្តល់អនុសាសន៍ឱ្យយុវជន ប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ដើម្បីបង្កើនចំណេះដឹង និងជាជំនួយនៃការរៀនសូត្រ ព្រមទាំងប្រកបដោយវិន័យ និងសីលធម៌។ លោករដ្ឋលេខាធិការ ចង់ឃើញយុវជនកម្ពុជាក្លាយជាជំនាន់ដែលមានទាំងសមត្ថភាពបច្ចេកវិទ្យា សមត្ថភាពគិតត្រិះរិះពិចារណា សីលធម៌ ស្មារតីច្នៃប្រឌិត និងការទទួលខុសត្រូវចំពោះសង្គម។
«- សូមប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើនចំណេះដឹង មិនមែនដើម្បីជំនួសការរៀនសូត្រ។
- សូមប្រើប្រាស់ AI ដើម្បីជួយអភិវឌ្ឍសមត្ថភាព មិនមែនដើម្បីជំនួសការគិតពិចារណា។
- សូមប្រើប្រាស់បណ្តាញសង្គមដើម្បីចែករំលែកចំណេះដឹង និងគុណតម្លៃវិជ្ជមាន មិនមែនដើម្បីបង្កការយល់ច្រឡំ ឬប៉ះពាល់ដល់អ្នកដទៃ។
- ហើយសូមប្រើប្រាស់ចំណេះដឹង និងជំនាញរបស់ខ្លួន ដើម្បីបង្កើតប្រយោជន៍សម្រាប់គ្រួសារ សហគមន៍ និងប្រទេសជាតិ។»
គួរបញ្ជាក់ថា កម្មវិធីនេះប្រព្រឹត្តទៅ ក្រោមកិច្ចសហការរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន ជាមួយក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ UNFPA Cambodia ដែលមានការចូលរួមដោយលោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ តំណាងស្ថាប័នជាតិរបស់រាជរដ្ឋាភិបាល តំណាងដៃគូអភិវឌ្ឍយុវជន តំណាងអង្គការ សមាគម ដៃគូអភិវឌ្ឍនានាទាំងជាតិ និងអន្តរជាតិ សិស្ស និស្សិត ប្រមាណ ១៥០នាក់៕