Khmer suport khmer cc time

វិទ្យាស្ថានគរុកោសល្យបាត់ដំបង បាន«ជ័យលាភីឆ្នើម» ក្នុងវេទិកាជជែកដេញដោលគរុនិស្សិត គរុសិស្ស ភូមិភាគពាយ័ព្យ ឆ្នាំ២០២៦

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

បាត់ដំបង៖ ក្នុងចំណោមគ្រឹះស្ថានគរុកោសល្យ ចំនួន៤ វិទ្យាស្ថានគរុកោសល្យបាត់ដំបង នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានទទួលជ័យលាភី ឆ្នើម នៅក្នុង «វេទិកាជជែកដេញដោលគរុនិស្សិត គរុសិស្ស ភូមិភាគពាយ័ព្យ ឆ្នាំ២០២៦» ក្រោមប្រធានបទ «ការបណ្តុះផ្នត់គំនិតស្អាត បៃតង និងចីរភាព ឆ្នាំ២០២៦» ។

កម្មវិធីជជែកដេញដោលប្រចាំឆ្នាំ២០២៦ នេះ មានវិសាលភាពអនុវត្តចំពោះគរុនិស្សិត និងគរុសិស្ស មកពីគ្រឹះស្ថានបណ្តុះបណ្តាលគ្រូចំនួន ៤ រួមមាន៖ វិទ្យាស្ថានគរុកោសល្យបាត់ដំបង វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សាលាគរុកោសល្យ និងវិក្រឹតការខេត្តពោធិ៍សាត់ និងសាលាគរុកោសល្យ និងវិក្រឹតការខេត្តបន្ទាយមានជ័យ។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលពហុបំណងសាគូរ៉ា នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង ខេត្តបាត់ដំបង។

ជាលទ្ធផល «វេទិកាជជែកដេញដោលគរុនិស្សិត គរុសិស្ស ភូមិភាគពាយ័ព្យ ឆ្នាំ២០២៦» ជ័យលាភី គូទី១ គឺគរុនិស្សិត វិទ្យាស្ថានគរុកោសល្យបាត់ដំបង ដែលជាក្រុមបដិសេធ បានយកឈ្នះ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ (ក្រុមស្រប) ដែលបានជជែកពិភាក្សាលើប្រធានបទ៖ «សាលារៀនគ្មានធុងសំរាម ធ្វើឱ្យបរិស្ថានស្អាត និងគ្មានសំរាម»។ ខណៈ គូទី២ គឺក្រុមគរុនិស្សិត វិទ្យាស្ថានគរុកោសល្យបាត់ដំបង ដែលជាក្រុមស្រប បានយកឈ្នះ ក្រុមមកពីវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ (ក្រុមបដិសេធ)។ ក្រុមទាំង២នេះបានពិភាក្សាដេញដោលលើប្រធានបទ៖ «មានភាពស្អាត មានភាពបៃតង គឺមានយុត្តិធម៌អាកាសធាតុ»។

លោក អ៊ាត សីលា រដ្ឋលេខាធិការក្រសួងបរិស្ថាន

លោក អ៊ាត សីលា រដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងក្នុងពិធីបិទវេទិកានេះថា «វេទិកានេះ លើកកម្ពស់ការយល់ដឹង និងបញ្ជ្រាបចំណេះដឹងផ្នែកបរិស្ថានដល់គរុនិស្សិត និងគរុសិស្ស ដែលជាធនធានមនុស្សដ៏សំខាន់ក្នុងវិស័យអប់រំ ដើម្បីក្លាយជាចលករដ៏រឹងមាំ ក្នុងការផ្ទេរចំណេះដឹង និងបណ្តុះទម្លាប់ល្អៗ បន្តដល់សិស្សានុសិស្ស និងសហគមន៍មូលដ្ឋាន»។

ទន្ទឹមនឹងនេះ លោកក៏បានរំលេចអំពីអត្ថន័យដ៏ជ្រាលជ្រៅនៃពាក្យថា «ភាពស្អាត» សម្រាប់ប្រទេសកម្ពុជា ដោយបានសង្កត់ធ្ងន់ថា៖ «ភាពស្អាតរបស់កម្ពុជាយើងមាន ៣ គឺ ស្អាតក្នុងចិត្ត ស្អាតក្នុងបរិស្ថានជាតិ និងស្អាតលើឆាកអន្តរជាតិ»។ ការលើកឡើងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា កិច្ចការពារបរិស្ថានត្រូវចាប់ផ្តើមចេញពីការកែប្រែផ្នត់គំនិត និងឥរិយាបថរបស់បុគ្គលម្នាក់ៗជាមុនសិន ទើបអាចឈានទៅរកការសម្អាតបរិស្ថានជុំវិញខ្លួន និងលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិបាន៕

Khcct banner

អត្ថបទទាក់ទង