ភ្នំពេញ៖ Next-Gen Engagement Program នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំកម្មវីធីប្រគល់ពានរង្វាន់ដល់ក្រុមដែលទទួលបានជ័យលាភីក្រោយឆ្លងកាត់ការបណ្តុះបណ្តាល និងប្រកួតប្រជែងអស់ជាច្រើនសប្តាហ៍។ នៅក្នុងចំណោម ៨ក្រុមដែលបានមកដល់វគ្គផ្តាច់ព្រ័ត្រ ជ័យលាភីលេខ១ បានទៅលើក្រុម PassKru ជ័យលាភីលេខ២ បានលើក្រុម (សង្កេត-Songket) និងជ័យលាភីលេខ៣ បានលើក្រុម (វាចា-VEAJA)។
Next-Gen Engagement Program ជំនាន់ទី៣ មាននិស្សិតចូលរួមសរុប ១២២នាក់ ដែលស្មើនឹង ១៦ក្រុម ដែលក្នុងនោះមានបេក្ខជន ១១៩នាក់មកពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បេក្ខជន ២នាក់មកពីសាកលវិទ្យាល័យន័រតុន និង បេក្ខជន១នាក់មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ចំពោះក្រុម PassKru ដែលជាម្ចាស់ជ័យលាភី បានបង្កើតគេហទំព័រដែលចង់ក្រងវិញ្ញាសាប្រឡងគ្រូដែលធ្លាប់ចេញនៅឆ្នាំចាស់ៗ ដើម្បីងាយស្រួលដល់បេក្ខជនដែលត្រៀមខ្លួនប្រឡងគ្រូ។ ក្រុមលេខ២ (Songket- សង្កេត) បានបង្កើត Telegram Bot ដើម្បីឱ្យអ្នកប្រើប្រាស់អាចការពារគណនីរបស់ពួកគេពីការគំរាមកំហែងតាមអ៊ីនធឺណេត (Hack) តាមរយៈការត្រួតពិនិត្យឯកសារ តំណភ្ជាប់ QR Code ខ្លឹមសារដែលគួរឱ្យសង្ស័យ ឬអាចបង្ករគ្រោះថ្នាក់ បន្ទាប់មក Telegram Bot នឹងផ្ញើការជូនដំណឹងដើម្បីដោះស្រាយបញ្ហាទាំងនោះ។ លេខ៣ (VEAJA-វាចា) បង្កើតកម្មវិធី AI ដែលផ្តល់ភាពងាយស្រួលដល់អាជីវករ តាមរយៈការប្រើប្រាស់ បច្ចេកវិទ្យាមួយនេះ ដើម្បីឆ្លើយតបអតិថិជន។
ក្រៅពីក្រុមជ័យលាភីទាំងបី ក៏មានបេក្ខជនបីក្រុមទៀតដែលទទួលបានជ័យលាភីផ្សេងៗគ្នាពីកម្មវីធី។ ក្នុងនោះ ជ័យលាភី Best Audience Favorite award បានទៅក្រុម(ចក្ខុ-Jakkho) បង្កើតកម្មវិធី AI ដែលអ្នកប្រើប្រាស់អាចយល់ដឹងពីរបៀបផ្សេងៗនៃការគំរាមកំហែងតាមអ៊ីនធឺណេត ដោយចូលនៅអនុវត្តផ្ទាល់នៅក្នុងកម្មវិធី។ ជ័យលាភី Best Innovation Award បានទៅលើក្រុម (អង្កេត -Angket) បង្កើត Telegram Bot និង Website Application ដែល ជួយអ្នកប្រើប្រាស់ស្វែងរក និងការពារខ្លួនពីការឆបោកតាមប្រព័ន្ធឌីជីថលតាមរយៈ ផ្ញើសារដែលគួរឱ្យសង្ស័យ ឯកសារ (File) ឬតំណភ្ជាប់ (Link) ដោយផ្ទាល់ទៅកាន់ Bot។ បន្ទាប់មក Bot នឹងវិភាគ និងផ្តល់ព័ត៌មានជូនអ្នកប្រើប្រាស់។ជាចុងក្រោយ ជ័យលាភី Best Social Impact Award បានទៅលើក្រុម (ដំណើរ-Domner) ដែលបង្កើតមុខងារ AI ជួយសិស្ស ក្នុងការជ្រើសរើសជំនាញ។
យុវជន រិន ឡាយហៀង ជាសមាជិកនៅក្នុងក្រុម PassKru បានថ្លែងថា «ជ័យលាភីលេខ១ គឺជាលទ្ធផលដែលលើសពីការរំពឹងទុក ហើយពិតជាមានន័យសម្រាប់ក្រុមរបស់គាត់ព្រោះសមាជិកនីមួយៗបានខំអស់ពីសមត្ថភាព និងជាកម្លាំងចិត្តឱ្យពួកគាត់បន្តរៀនសូត្រ បន្តអភិវឌ្ឍ និងបង្កើតអ្វីដែលមានអត្ថប្រយោជន៍សម្រាប់សង្គមជាតិ ហើយអ្វីដែលសំខាន់សម្រាប់ការប្រកួតនេះ គឺមិនមែនត្រឹមតែជាជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបង្កើតនូវសមិទ្ធផលមួយដែលអាចជួយអ្នកប្រើប្រាស់បានយ៉ាងពិតប្រាកដ»។
គួរបញ្ជាក់ថា Next-Gen Engagement Program គឺជាកម្មវិធីដែលផ្តល់ឱកាសឱ្យនិស្សិតសាកលវិទ្យាល័យដែលសិក្សាជំនាញ IT, Computer Science, Network, និងជំនាញពាក់ព័ន្ធផ្សេងៗទៀត ដែលកំពុងសិក្សាឆ្នាំទី២ និងទី៣ ដើម្បីឱ្យពួកគេអាចប្រើប្រាស់ និងអភិវឌ្ឍជំនាញ ព្រមទាំងសមត្ថភាព ក្នុងការដោះស្រាយបញ្ហាដែលកំពុងជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃ រួមទាំងបង្កើនសមត្ថភាពក្នុងការធ្វើការជាក្រុម និងបង្កើតទំនាក់ទំនង៕