Swift cc time

ស.ស.យ.ក រាជធានីភ្នំពេញ ប្រកាសផ្តល់«អាហារូបករណ៍សម្រាប់មន្រ្តីរាជការ»សិក្សាថ្នាក់អនុបណ្ឌិត នៅប្រទេសសិង្ហបុរី

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
 

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ (ស.ស.យ.ក រាជធានីភ្នំពេញ) ប្រកាសផ្ដល់ឱកាសអាហារូបករណ៍ថ្នាក់អនុបណ្ឌិត ពីសាលាគោលនយោបាយសាធារណៈ លី ក្វាន់យូ (Lee Kuan Yew School of Public Policy) នៃសាកលវិទ្យាល័យជាតិសិង្ហបុរី (National University of Singapore - NUS) ដែលជាគ្រឹះស្ថានឧត្តមសិក្សាចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ី សម្រាប់ឆ្នាំសិក្សា ២០២៧ ខាងមុខនេះ ដើម្បីបន្តលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងជួររដ្ឋបាលសាធារណៈកម្ពុជា។

អាហារូបករណ៍នេះ ផ្ដោតលើមុខជំនាញសិក្សាសំខាន់ៗចំនួន ៣ រួមមាន ជំនាញរដ្ឋបាលសាធារណៈ (Master in Public Administration) ដែលមានរយៈពេលសិក្សា ១ ឆ្នាំ ជំនាញគោលនយោបាយសាធារណៈ (Master in Public Policy) រយៈពេល ២ ឆ្នាំ និងជំនាញកិច្ចការអន្តរជាតិ (Master in International Affairs) រយៈពេល ២ ឆ្នាំ។

 

ចំពោះលក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនដែលមានបំណងដាក់ពាក្យត្រូវតែជាមន្ត្រីរាជការដែលកំពុងបម្រើការងារនៅក្នុងស្ថាប័នរដ្ឋ និងមានបទពិសោធការងារចាប់ពី ២ ឆ្នាំឡើងទៅ។ បន្ថែមលើនេះ បេក្ខជនតម្រូវឱ្យបញ្ចប់ការសិក្សាទទួលបានសញ្ញាបត្រចាប់ពីកម្រិតបរិញ្ញាបត្រឡើងទៅ ព្រមទាំងមានលទ្ធផលប្រឡងសមត្ថភាពភាសាអង់គ្លេសស្ដង់ដារអន្តរជាតិ TOEFL iBT ឬ IELTS។ បេក្ខជនត្រូវរៀបចំសំណុំឯកសារសំខាន់ៗឱ្យបានគ្រប់ជ្រុងជ្រោយ រួមមាន លិខិតឧទ្ទេសនាម (Nomination Letter) ប្រវត្តិរូបសង្ខេបកម្រិតអាជីព (Professional CV) លិខិតបង្ហាញពីគោលបំណង (Letter of Intent) និងអត្ថបទស្រាវជ្រាវស្ដីពីបញ្ហាប្រឈមនៃគោលនយោបាយ (Policy Challenge Essay)។

មន្ត្រីរាជការដែលមានចំណាប់អារម្មណ៍ និងបំពេញបានគ្រប់លក្ខខណ្ឌតម្រូវ អាចដាក់ពាក្យស្នើសុំតាមប្រព័ន្ធអនឡាញតាមរយៈ ស.ស.យ.ក រាជធានីភ្នំពេញ ដោយចូលទៅកាន់ តំណភ្ជាប់  ។ ការទទួលពាក្យនឹងត្រូវបិទបញ្ចប់ជាស្ថាពរត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ៕


Khcct banner

អត្ថបទទាក់ទង