ភ្នំពេញ៖ ក្លឹបធរណីវិទ្យាកម្ពុជា នាថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំពិធីប្រគល់ពាន មេដាយ និងវិញ្ញាបនបត្រទៅដល់សិស្សជ័យលាភីសរុបជាង២០០នាក់ ដែលបានចូលរួមនៅក្នុងកម្មវិធីប្រកួតប្រជែងផែនដីវិទ្យា (ESC) លើកទី៦។ក្នុងនោះ មានបេក្ខជនចូលរួមប្រកួតចំនួន ៦០៩នាក់ ហើយបេក្ខជនដែលទទួលបានជ័យលាភីរួមមាន ជ័យលាភីមេដាយមាស ៦នាក់ ជ័យលាភីមេដាយប្រាក់ ៩នាក់ ជ័យលាភីមេដាយសំរឹទ្ធិ ៧៩នាក់ និងជ័យលាភីកិត្តិយស ១៤៣នាក់ ព្រមទាំងមានបេក្ខជនចំនួន ១៣៦ ត្រូវបានដកចេញពីការប្រកួតដើម្បីរក្សាស្តង់ដា និងគុណភាពនៃកម្មវិធី ព្រោះមិនបានគោរពតាមលក្ខខណ្ឌ និងបទបញ្ញត្តិនៃកម្មវិធី។
នៅក្នុងឆ្នាំ ២០២៦នេះ មានបេក្ខជនចូលរួមប្រកួតសរុប ៦០៩នាក់ ក្នុងនោះយុវសិស្ស ថោង សិរីវិចិត្រ ថ្នាក់ទី១១ មកពី សាលាអន្តរជាតិស៊ី អាយ អេ ហ្វឺសត៍ គឺជាម្ចាស់ជ័យលាភីបេក្ខជនឆ្នើមប្រចាំឆ្នាំ២០២៦ នៅក្នុងចំណោមសិស្សានុសិស្សដែលទទួលបានជ័យលាភីទាំង ២៣៧នាក់។ក្នុងនាមជាម្ចាស់ជ័យលាភីបេក្ខជនឆ្នើម វិចិត្រនឹងទទួលបានឱកាសចូលរួមកម្មវិធីទាំងអស់របស់ក្លឹបធរណីវិទ្យាកម្ពុជា ដោយឥតគិតថ្លៃរយៈពេល ១ឆ្នាំ។
យុវតី មុនី វិជិតា ជ័យលាភីមេដាយមាស ថ្នាក់ទី១២ និងជាតំណាងបេក្ខជនជ័យលាភីមេដាយ មកពីវិទ្យាល័យព្រះស៊ីសុវត្ថិ សាលារៀនជំនាន់ថ្មី បានថ្លែងថា វិជិតាបានចូលរួមក្នុងកម្មវិធីនេះរយៈពេល ៦ឆ្នាំហើយ ពោលគឺចាប់តាំងពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ហើយកម្មវិធីESC គឺពិតជាបានដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងការយល់ដឹងរបស់គាត់ក្នុងមុខវិជ្ជាផែនដីវិទ្យា។ វិជិតាបន្តថា « នាងខ្ញុំបានចូលរួមក្នុងកម្មវិធីនេះ លើកដំបូងតាំងពីពេលសិក្សាក្នុងកម្រិតថ្នាក់ទី៧ រហូតដល់ថ្នាក់ទី១២ ហើយពីមួយឆ្នាំទៅមួយឆ្នាំគឺកម្មវិធីនេះភាពប្រសើរឡើងជាងមុនដោយបានរួមបញ្ចូលសំណួរដែលទាមទារការគិតពិចារណាច្បាស់លាស់ពីបេក្ខជននីមួយៗ ដែលបានជួយជម្រុញឱ្យបេក្ខជនគ្រប់រូបទទួលបានចំណេះដឹងថ្មីៗនិងមានការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនផងដែរ»។
ថ្លែងនៅក្នុងកម្មវិធី លោកស្រី ម៉ិច ស៊ីណា សហស្ថាបនិកក្លឹបធរណីវិទ្យាកម្ពុជា និងជាប្រធានកម្មវិធី ESC2026 បានមានប្រសាសន៍ថា « ការជោគជ័យមួយនេះ មិនមែនកើតឡើងដោយសារតែការខិតខំប្រឹងប្រែងរបស់ប្អូនៗមួយមុខនោះទេ ប៉ុន្តែគឺមានការចូលរួមចំណែកយ៉ាងធំធេងពីសំណាក់អាណាព្យាបាល និងលោកគ្រូអ្នកគ្រូ។ ពួកគាត់បានលះបង់កម្លាំងកាយចិត្ត ថវិកា ការបង្ហាត់បង្រៀន ពន្យល់ និងផ្ទេរចំណេះដឹងទៅកាន់ប្អូនៗជារៀងរាល់ថ្ងៃរហូតមកដល់ពេលនេះ។ ដូច្នេះ ជ័យជម្នះនាថ្ងៃនេះ មិនត្រឹមតែជាមោទនភាពផ្ទាល់ខ្លួនរបស់ប្អូនៗប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្លែផ្កានៃក្តីសង្ឃឹម ការលះបង់ និងក្តីស្រឡាញ់ឥតលក្ខខណ្ឌរបស់ពួកគាត់ផងដែរ។ សូមប្អូនៗយកជោគជ័យនេះធ្វើជាទុន និងជាជំហានដំបូង ក្នុងការបន្តពង្រឹងសមត្ថភាព រក្សាសីលធម៌ និងអភិវឌ្ឍខ្លួនឯងបន្ថែមទៀត ដើម្បីប្រែប្រួលចំណេះដឹងទាំងនេះឱ្យក្លាយជាប្រយោជន៍ដ៏ពិតប្រាកដសម្រាប់គ្រួសារ និងសង្គមជាតិ ជាការឆ្លើយតបទៅនឹងគុណូបការៈដ៏ធំធេងរបស់ពួកគាត់»។
គួរបញ្ជាក់ថា កម្មវិធីនេះ មានការចូលរួមពីសំណាក់គណៈធិបតី ភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សសរុបប្រមាណ ៣០០នាក់។ក្លឹបធរណីវិទ្យាកម្ពុជា។ជាក្លឹបដែលបង្កើតឡើងដោយគ្រូបង្រៀនឯកទេសផែនដីវិទ្យា និងសិស្ស-និស្សិត ដែលជាក្លឹបដែលមិនស្វែងរកប្រាក់ចំណេញ ហើយឆ្នាំនេះ ជាឆ្នាំទី៦ហើយដែលក្លឹបធរណីវិទ្យាកម្ពុជា បានរៀបចំកម្មវិធីប្រកួតប្រជែងផែនដីវិទ្យា ដោយធ្វើឡើងក្រោមប្រធានបទ «បរិវត្តកម្មវិទ្យាសាស្រ្តផែនដីដើម្បីអ្នកជំនាន់ក្រោយ» ដើម្បីបណ្តុះស្មារតី និងពង្រឹងសមត្ថភាពយុវជន ដោយផ្ដោតទៅលើការអប់រំ និងការបណ្ដុះបណ្ដាលក្មេងៗ និងសិស្សានុសិស្សជំនាន់ក្រោយឱ្យយល់ច្បាស់ពីផែនដី និងបរិស្ថានវិទ្យា៕