ភ្នំពេញ៖ ក្រោយឆ្លងកាត់ការហ្វឹកហាត់យ៉ាងស្វាត់ស្វាញជាងកន្លះឆ្នាំ សិស្ស១១នាក់ (ស្រី៦រូប) មកពីសាលារៀន៥ផ្សេងគ្នា នឹងតំណាងកម្ពុជា ដើម្បីចូលរួមប្រកួតរ៉ូបូត ក្នុងកម្មវិធី FIRST Global Challenge។ ការប្រកួតនេះ យុវជនកម្ពុជា នឹងប្រកួតជាមួយយុវជនមកពីជា១៩០ប្រទេសផ្សេងទៀត ចន្លោះថ្ងៃទី៦ ដល់ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២៦ នៅឯទីក្រុងIncheon នៃកូរ៉េខាងត្បូង។
សិស្សទាំង១១រូប ដែលនឹងតំណាងកម្ពុជាក្នុងកម្មវិធីប្រកួតរ៉ូបូតលំដាប់ពិភពលោក ជាសិស្សដែលសិក្សាចន្លោះថ្នាក់ទី៨ ដល់ទី១២ មកពីសាលារៀន៥ផ្សេងគ្នានៅរាជធានីភ្នំពេញ។ សិស្សទាំង១១រូប ជាសិស្សដែលបានបង្ហាញឆន្ទៈខ្ពស់ក្នុងការលើកកម្ពស់វិស័យរ៉ូបូតនាពេលអនាគត តាមរយៈការប្រើប្រាស់ជំនាញរបស់ខ្លួនពាក់ព័ន្ធជាមួយស្ទែម។ យុវជនទាំង១១រូប ត្រូវបានជ្រើសរើសតាមរយ:ការវាយតម្លៃអត្តចរិត និងផ្នត់គំនិត(Growth Mindset) ព្រមទាំងឆ្លងកាត់ការហ្វឹកហាត់ជាមួយគ្រូបង្វឹកចំនួន៧នាក់ តាំងពីដើមខែមីនា ឆ្នាំ២០២៦មកម្ល៉េះ។
នៅឆ្នាំ២០២៦នេះ ក្នុងកម្មវិធី First Global Challenge តម្រូវលក្ខខណ្ឌឱ្យយុវជនមកពីគ្រប់ប្រទេសទាំងអស់បង្កើតរ៉ូប៉ូត ក្រោមប្រធានបទ “Igniting Innovation” ដែលនិយាយទាក់ទងជាមួយបញ្ហានៃភ្លើងឆេះព្រៃ ដើម្បីបញ្ចេញគំនិតរួមគ្នាក្នុងការដោះស្រាយ ការពារ និងផ្សព្វផ្សាយពីបញ្ហាភ្លើងឆេះព្រៃ។
យុវតី ឌិត សុវណ្ណ ដានីកា ជាសមាជិក១រូប ក្នុងចំណោមសមាជិកទាំង១១រូប នៃក្រុម FGC កម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ «ពួកយើងយល់ថា ការប្រកួតរ៉ូបូត ក៏ដូចជាការបងើ្កតកម្មវិធីផ្សេងៗដែលចូលរួមក្នុងការបណ្តុះបណ្តាលស្មារតី STEM ដើម្បីឱ្យយុវជនខ្មែរមានភាពច្នៃប្រឌិតកាន់តែខ្លាំងជាមុន ដើម្បីជួយអភិវឌ្ឍសង្គមជាតិឱ្យកាន់តែប្រសើរឡើង។ ក្នុងនាមជាយុវជនខ្មែរ ពួកយើងពិតជាមានមោទកភាពក្នុងការតំណាងប្រទេសជាតិយើង ឆ្ពោះទៅកាន់ឆាកអន្តរជាតិ។»
ជាមួយគ្នានេះ ក្រុមតំណាងកម្ពុជា បានបន្តថា «ពួកយើងពិតជាលើកទឹកចិត្តឱ្យសិស្សានុសិស្សជំនាន់ក្រោយ មានចំណាប់អារម្មណ៍ក្នុងការសិក្សាស្វែងយល់ខាងផ្នែក STEM ឲ្យកាន់តែច្បាស់ជាងមុន ដោយវិជ្ជាមួយនេះជាកាតាលីករនៃការជម្រុញឱ្យសង្គមឈានទៅកាន់ភាពរីកចម្រើនដ៏ប្រសើរ។»។
គួរបញ្ជាក់ថា យុវជនទាំង១១រូបរួមមានសិស្សចំនួន ៣រូប មកពីអង្គការមូលនិធិកុមារកម្ពុជា (Cambodian Children's Fund) ២រូប មកពីសាលាបញ្ញាសាស្រ្តសាខាទី១ ៣រូប មកពីសាលា AUPP High School- Foxcroft Academy ២រូប មកពីសាលាវេស្ទើន និង ១រូប មកពីសាលា Asian Hope៕