Swift cc time

ជ័យលាភីមេដាយមាស៦ក្រុម នឹងប្រកួតវគ្គផ្តាច់ព្រ័ត្រ«ជំនាញមហាវិទ្យាល័យវិជ្ជាជីវៈពិភពលោកឆ្នាំ២០២៦» នៅចិន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កម្មវិធីប្រកួតប្រជែងជំនាញមហាវិទ្យាល័យវិជ្ជាជីវៈពិភពលោកឆ្នាំ២០២៦ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ប្រព្រឹត្តឡើង ក្រោមប្រធានបទ «ជំនាញរំលេចវ័យក្មេង សមត្ថភាពបង្កើតអនាគត» មានក្រុមចូលរួមប្រកួតជាង ៩០ក្រុម ដែលសរុបមានប្រមាណ ៣០០នាក់ មកពី ៨ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាលទ្ធផល ជ័យលាភីមេដាយមាស៦ក្រុម នឹងប្រកួតវគ្គផ្តាច់ព្រ័ត្រនៅប្រទេសចិន។

កម្មវិធីប្រកួតប្រជែងជំនាញមហាវិទ្យាល័យវិជ្ជាជីវៈពិភពលោកឆ្នាំ២០២៦ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ មានក្រុមចូលរួមប្រកួតជាង ៩០ក្រុម ដែលសរុបមានប្រមាណ ៣០០នាក់ មកពី ៨ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រកួតប្រជែងលើវិញ្ញាសាចំនួន ៣ រួមមាន៖ បច្ចេកវិទ្យាព័ត៌មានជំនាន់ថ្មី ពាណិជ្ជកម្ម និងការអនុវត្តឧបករណ៍ឆ្លាតវៃ ត្រូវបានរៀបចំឡើងនៅសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។ កម្មវិធីនេះបង្កប់នូវខ្លឹមសារស្នូលគឺ «ជួយជំរុញការលូតលាស់ និងជោគជ័យរបស់សិស្ស ដឹកនាំការអភិវឌ្ឍការអប់រំវិជ្ជាជីវៈ និងជួយជ្រោមជ្រែងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរអន្តរជាតិ»។

បើតាមក្រសួងអប់រំ ក្រុមបេក្ខជនជ័យលាភីមេដាយមាសទាំង ៦ក្រុម ក្នុងការប្រកួតថ្នាក់តំបន់អាស៊ីអាគ្នេយ៍នេះ នឹងត្រូវបន្តចូលរួម «វគ្គផ្ដាច់ព្រ័ត្រកម្មវិធីប្រកួតប្រជែងជំនាញមហាវិទ្យាល័យវិជ្ជាជីវៈពិភពលោកឆ្នាំ២០២៦» នៅប្រទេសចិននាពេលខាងមុខ។ ឆ្នាំនេះចំនួនក្រុមបេក្ខជនកម្ពុជាដែលចូលរួមប្រកួតបានកើនឡើង ១២០% ធៀបនឹងឆ្នាំមុន ដែលឆ្លុះបញ្ចាំងថាយុវជនជាច្រើនបានរកឃើញទិសដៅអភិវឌ្ឍខ្លួន តាមរយៈការកសាងសមត្ថភាពក្នុងការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានគូសបញ្ជាក់ថា «ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាវេទិកាបង្ហាញនូវសមត្ថភាព បច្ចេកទេស និងគំនិតច្នៃប្រឌិតរបស់យុវជនប៉ុណ្ណោះទេ ថែមទាំងជាសក្ខីភាពបញ្ជាក់នូវស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ក្នុងការលើកកម្ពស់គុណភាពអប់រំបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីអនាគតរួមគ្នាមួយដ៏ត្រចះត្រចង់។»។

ជាមួយគ្នានេះ លោក វ៉ាង វិនពិន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងក្នុងពិធីនេះថា «ការអប់រំវិជ្ជាជីវៈទំនើបប្រកបដោយគុណភាព គឺជាស្ពានភ្ជាប់រវាងឧស្សាហកម្ម និងធនធានមនុស្ស ដែលរដ្ឋាភិបាលចិនយកចិត្តទុកដាក់អភិវឌ្ឍបំផុត ដើម្បីផ្ដល់ថាមពលដល់ការលូតលាស់របស់យុវជនជំនាន់ក្រោយ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។»៕

Khcct banner

អត្ថបទទាក់ទង