ភ្នំពេញ៖ ទោះមិនធ្លាប់មានឱកាសរៀនភាសាអង់គ្លេសបានដិតដល់កាលនៅវ័យកុមារភាព កញ្ញា ហុង វលក្ខណ៍ ខិតខំដុសខាត់សមត្ថភាព រហូតអាចជម្នះរនាំងភាសាអង់គ្លេស ហើយជាប់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត សិក្សានៅអូស្រ្តាលី តាមរយៈការគាំទ្រនិងយកចិត្តទុកដាក់ពីកម្មវិធី Equity Pathway Program (EPP) ដែលស្ថិតក្រោមការផ្តួចផ្តើមរបស់អាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលី។ ទម្រាំបានជាប់អាហារូបករណ៍នេះ កញ្ញាធ្លាប់រងការបដិសេដពីការដាក់ពាក្យលើកទី១ ដោយសារតែភាសាអង់គ្លេសរបស់ខ្លួនហាក់នៅមានកម្រិត។ យ៉ាងណាមិញ ក្រោយការបរាជ័យលើកទី១ មិនបានបញ្ឈប់កញ្ញាពីការរត់តាមក្តីស្រមៃនោះឡើយ វាធ្វើឱ្យកញ្ញាកាន់តែខិតខំជាងមុន។
កញ្ញា ហុង វលក្ខណ៍ ជាសមាជិក នៃក្រុមការងារជំរុញការនាំចេញ នៃក្រសួងពាណិជ្ជកម្ម ព្រមទាំងមានតួនាទីជាអនុប្រធានការិយាល័យ នៃនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងកិច្ចការពិព័រណ៍ នៃក្រសួងពាណិជ្ជកម្ម។ មុនពេលទៅសិក្សាអនុបណ្ឌិតផ្នែកពាណិជ្ជកម្មអន្តរជាតិ និងការអភិវឌ្ឍ នៅអូស្ត្រាលី កញ្ញាធ្លាប់ជាបុគ្គលិក និងស្រ្តីមួយរូប ដែលពុំសូវមានភាពក្លាហានក្នុងការបញ្ចេញមតិ និងផ្តល់បទពិសោធន៍ទៅកាន់ការងារ ឬ មនុស្សជុំវិញខ្លួន ដោយសន្មតដោយខ្លួនឯងថាពុំទាន់មានចំណេះដឹង និងបទពិសោធន៍គ្រប់គ្រាន់។ ក្រោយមកពីសិក្សាអនុបណ្ឌិតនៅអូស្រ្តាលី កញ្ញាបានកត់សម្គាល់ថា ចំណេះដឹង និងបទពិសោធន៍ដែលបានក្រេបចិញ្ជក់រយៈពេល២ឆ្នាំ បានចូលរួមចំណែកក្នុងការធ្វើឱ្យកញ្ញាមានភាពក្លាហានជឿជាក់ជាងមុន ក្នុងការបន្លឺសម្លេងរបស់ខ្លួនមិនថានៅក្នុងកន្លែងធ្វើការ ឬ ចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមតាមរយៈជំនាញរបស់ខ្លួន ក្នុងនាមជាមន្រ្តីមួយរូបដែលធ្វើការជាមួយភ្នាក់ងារពាក់ព័ន្ធ ចាប់ពីប្រជាជន ម្ចាស់អាជីវកម្ម ស្ថាប័នឯកជន និងរដ្ឋនានា។
ធ្លាប់តែជាសិស្សរៀនភាសាអង់គ្លេសក្រៅម៉ោងនៅសាលាម្តុមបាក់ទូក កញ្ញា មិននឹកស្មានថាអាចប្រើភាសាអង់គ្លេសក្នុងការនិយាយជាមួយជនបរទេសនៅលើទឹកដីអូស្រ្តាលីនោះឡើយ។ កញ្ញាធ្លាប់ធ្វើការដោយប្រើភាសាអង់គ្លេស តែគ្រាន់តែបែបទំនាក់ទំនងមូលដ្ឋានពាក់ព័ន្ធនឹងការងារ មិនសូវពាក់ព័ន្ធបែបស្រាវជ្រាវ ឬសិក្សាស៊ីជម្រៅស្តង់ដានោះឡើយ។ កញ្ញាបានរៀបរាប់ប្រាប់ស៊ីស៊ីថាមស៍ថា «បើឆ្នាំ២០២១ ខ្ញុំមិនបានសម្រេចចិត្តក្នុងការជម្នះភាពភ័យខ្លាចរបស់ខ្លួនទេ ប្រហែលមិនអាចក្លាយជាអតីតនិស្សិតអាហារូបករណ៍ដ៏មានកិត្យានុភាព ពី Australia Awards ដូចពេលបច្ចុប្បន្ននោះឡើយ។ អាហារូបករណ៍នេះជាអាហារូបករណ៍ដែលនិស្សិតជ័យលាភីគ្រប់រូប មានមោទកភាពក្នុងការទទួលបាន ព្រោះតែវាជាការផ្តល់ជូនមកកាន់អ្នកដែលមានសក្តានុពលក្នុងការក្លាយជាអ្នកដឹកនាំនាពេលអនាគត ចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។»។
ក្នុងបទសម្ភាសជាមួយស៊ីស៊ីថាមស៍ កញ្ញាបានបន្តថាទម្រាំបានជាប់អាហារូបករណ៍នេះ កញ្ញាធ្លាប់រងការបដិសេដពីការដាក់ពាក្យលើកទី១ ដោយសារតែភាសាអង់គ្លេសរបស់ខ្លួនហាក់នៅមានកម្រិត។ យ៉ាងណាមិញ ក្រោយការបរាជ័យលើកទី១ មិនបានបញ្ឈប់កញ្ញាពីការរត់តាមក្តីស្រមៃនោះឡើយ វាធ្វើឱ្យកញ្ញាកាន់តែខិតខំបន្តទៀត រហូតបានសម្រេចចិត្តចូលរួមវគ្គបណ្តុះបណ្តាលភាសាអង់គ្លេស ដែលរៀបចំដោយ Equity Pathway Program (EPP) ស្ថិតក្រោមការផ្តួចផ្តើមរបស់អាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលី។
តាមរយៈកម្មវិធី EPP កញ្ញា ទទួលបានឱកាសក្នុងការប្រឡងតេស្តកម្រិតភាសាអង់គ្លេស បណ្តុះសមត្ថភាពក្នុងការប្រើប្រាស់ភាសាអង់គ្លេសបែបផ្លូវការ និងធ្វើតេស្តស្តង់ដាអន្តរជាតិរហូតបានកម្រិតមួយដែលអាចសមស្របនឹងតម្រូវការភាសាអង់គ្លេសក្នុងការសិក្សានៅប្រទេសអូស្រ្តាលី។ កញ្ញាបានដាក់ពាក្យម្តងទៀត រហូតបានឆ្លងកាត់វគ្គសម្ភាសដោយជោគជ័យ នៅលើកទី២ ហើយសិក្សានៅសាកលវិទ្យាល័យ Adelaide នៅអូស្រ្តាលី កាលពីឆ្នាំ២០២២។
កញ្ញា បានផ្តល់សារទៅកាន់យុវជនជំនាន់ក្រោយដែលមានបំណងសិក្សានៅក្រៅប្រទេសថា «កុំចាត់ទុកខ្លួនឯងជាឧបសគ្គ បើដឹងថាខ្លួនខ្វះអ្វី ត្រូវប្រឹងពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីអាចសម្រេចក្តីស្រមៃ ហើយបើធ្លាក់ម្តងជាពីរដង កុំអស់សង្ឃឹម ត្រូវរៀនទទួលការបដិសេដ ដើម្បីដុសខាត់ខ្លួនឯងម្តងទៀត រហូតសម្រេចគោលដៅដែលប៉ងប្រាថ្នា»៕
ទស្សនាវីដេអូលម្អិត៖