Swift cc time

អាហារូបករណ៍ផ្នែកព័ត៌មានវិទ្យាចំនួន ៥០ កន្លែង សម្រាប់និស្សិតព័ត៌មានវិទ្យា ដើម្បីត្រៀមចូលទីផ្សារការងារបច្ចេកវិទ្យាក្នុងស្រុក និងក្រៅស្រុក

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី បានប្រកាសផ្ដល់ឱកាសអាហារូបករណ៍សិក្សាលើជំនាញព័ត៌មានវិទ្យា (IT) រហូតដល់ ៥០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧ ក្នុងគោលបំណងបណ្ដុះបណ្ដាលធនធានមនុស្សជំនាន់ថ្មីស្របតាមតម្រូវការទីផ្សារការងារបច្ចេកវិទ្យាបច្ចុប្បន្នទាំងក្នុងស្រុក និងក្រៅស្រុក។ សិក្ខាកាមជ័យលាភីនឹងទទួលបានការបណ្ដុះបណ្ដាលដោយឥតគិតថ្លៃពីសំណាក់អ្នកជំនាញដែលមានបទពិសោធន៍ខ្ពស់ ផ្ដោតសំខាន់លើការស្រាវជ្រាវ និងអភិវឌ្ឍន៍កម្មវិធីកម្រិតខ្ពស់ ព្រមទាំងជំនាញបញ្ញាសិប្បនិម្មិត (AI) នៅក្នុងបរិយាកាសសិក្សាទំនើប និងហេដ្ឋារចនាសម្ព័ន្ធសម្បូរបែបទាំងផ្នែកទ្រឹស្ដីនិងការអនុវត្តជាក់ស្ដែង។

 

យោងតាមគេហទំព័រ មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី (Korea Software HRD Center) បានឱ្យដឹងថា ក្រៅពីការរៀនសូត្រដោយឥតគិតថ្លៃ និស្សិតក៏នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែរហូតដល់ ១២០ ដុល្លារសម្រាប់ថ្នាក់កម្រិតមូលដ្ឋាន និងរហូតដល់ ១៦០ ដុល្លារសម្រាប់ថ្នាក់កម្រិតខ្ពស់ ផ្អែកលើការវាយតម្លៃពិន្ទុសិក្សាប្រចាំខែ។ កម្មវិធីនេះក៏មានការបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះភាសាកូរ៉េ ដើម្បីត្រៀមខ្លួនសម្រាប់ទំនាក់ទំនងការងារក្នុងក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅសាធារណរដ្ឋកូរ៉េ និងផ្ដល់ឱកាសបន្តការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅក្រៅប្រទេសផងដែរ។ ទន្ទឹមនឹងនេះ និស្សិតនឹងទទួលបានការឧបត្ថម្ភឯកសណ្ឋាន សៀវភៅសិក្សា ការចែករំលែកបទពិសោធន៍ពីវាគ្មិនពិសេសៗ និងសកម្មភាពកម្សាន្តប្រចាំខែដើម្បីពង្រឹងសាមគ្គីភាព។

 

ចំពោះលក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនត្រូវតែជានិស្សិតកំពុងសិក្សាជំនាញព័ត៌មានវិទ្យាចាប់ពីឆ្នាំទី២ ឆមាសទី២ ឡើងទៅ និងអាចចូលរួមសិក្សាពេញម៉ោងចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៥:០០ ល្ងាច ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងថ្ងៃសៅរ៍មួយព្រឹក។ ដំណើរការប្រឡងនឹងវាស់ស្ទង់សមត្ថភាពលើមុខវិជ្ជាសំខាន់ៗរួមមាន តក្កវិជ្ជា និងការវិភាគដោះស្រាយបញ្ហា, ជំនាញសរសេរកូដ (Java Programming, HTML, CSS, JavaScript, React, Next.js, SQL, Basic Network, AI Literacy) ព្រមទាំងសំណេរជាភាសាអង់គ្លេស។

 

ដំណើរការចុះឈ្មោះប្រឡងបានបើកទទួលចាប់ពីថ្ងៃទី ២២ ខែកញ្ញា រហូតដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៦។ បញ្ជីឈ្មោះបេក្ខជនប្រឡងនឹងប្រកាសនៅថ្ងៃទី ០២ ខែធ្នូ ហើយការប្រឡងសរសេរនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៦។ លទ្ធផលបឋមនឹងត្រូវប្រកាសនៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៦ និងបន្តធ្វើការសម្ភាសន៍នៅថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៧ មុនពេលចេញលទ្ធផលផ្លូវការនៅថ្ងៃទី ០៦ ខែមករា។ បន្ទាប់ពីជាប់ការជ្រើសរើស និស្សិតនឹងត្រូវចូលរៀនវគ្គត្រៀមនៅថ្ងៃទី ១៨ ខែមករា និងបើកបវេសនកាលផ្លូវការនៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៧។ សិស្ស-និស្សិតដែលមានចំណាប់អារម្មណ៍ អាចចុះឈ្មោះតាមរយៈគេហទំព័រ https://register.kshrd.com.kh  ឬទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមទូរស័ព្ទលេខ 023 991 314, 078 350 941, 069 96 93 92, 098 379 803 និងតេឡេក្រាម https://t.me/HRDCenter


Khcct banner

អត្ថបទទាក់ទង