ភ្នំពេញ៖ អគ្គនាយកដ្ឋានយុវជន នាថ្ងៃទី២៥ កញ្ញា បានបង្ហាញមុខយុវជនកម្ពុជា ២០រូប ដែលត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំង ដើម្បីទទួលបានយុវជនដែលមានសមត្ថភាពពេញលេញ អាចតំណាងឱ្យប្រទេសកម្ពុជា ចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ខែមករា ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៧។
បើតាមអគ្គនាយកដ្ឋានយុវជន អមជាមួយប្រតិភូមកពីបណ្តាប្រទេសអាស៊ាន និងជប៉ុន យុវជនកម្ពុជានឹងចូលរួមក្នុងសិក្ខាសាលានានា កម្មវិធីផ្លាស់ប្តូរវប្បធម៌ ព្រមទាំងសហការលើគម្រោងរួមគ្នា ដើម្បីរឹតចំណងសហប្រតិបត្តិការក្នុងតំបន់ឱ្យកាន់តែជិតស្និទ្ធ។ ដំណើរនាវា SSEAYP លើកទី៥០ នឹងចូលចតជាផ្លូវការនៅប្រទេសសមាជិកអាស៊ានចំនួនបី រួមទាំងកម្ពុជាផងដែរ។ នេះជាឱកាសដ៏ល្អប្រសើរសម្រាប់ប្រតិភូ ក្នុងការចុះជួបប្រស្រ័យទាក់ទងជាមួយសហគមន៍មូលដ្ឋាន ការផ្លាស់ប្តូរយោបល់ និងការបង្កើតគំនិតផ្តួចផ្តើមផ្សេងៗដែលដឹកនាំដោយយុវជន។
គួរបញ្ជាក់ថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ "The Ship for Southeast Asian and Japanese Youth Program - SSEAYP” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ខែមករា ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៧ នៅប្រទេសជប៉ុន, ព្រះរាជាណាចក្រកម្ពុជា, ម៉ាឡេស៊ី និងហ៊្វីលីពីន៕