ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី តាមរយៈគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) បានប្រកាសជ្រើសរើសសិស្សានុសិស្សមកពីវិទ្យាល័យគោលដៅឱ្យទទួលបានអាហារូបករណ៍មិនបង់ថ្លៃសិក្សា ១០០% ចំនួន ៦០ នាក់ ដោយក្នុងនោះផ្ដល់អាទិភាពដល់សិស្សនារីរហូតដល់ ៥០%។ អាហារូបករណ៍នេះគឺសម្រាប់សិក្សានៅមហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។
យោងតាមសេចក្តីជូនដំណឹងនៃក្រសួងអប់រំ បានឱ្យដឹងថា អាហារូបករណ៍នេះ គឺផ្ដល់ជូនសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ លើមុខជំនាញសំខាន់ៗចំនួន ៤ រួមមាន ជំនាញសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល ចំនួន ១៥ នាក់, បច្ចេកវិទ្យាហិរញ្ញវត្ថុ ចំនួន ១៥ នាក់, វិទ្យាសាស្ត្រកុំព្យូទ័រ ចំនួន ១៥ នាក់ និងការគ្រប់គ្រងផែនការទីក្រុងឆ្លាតវៃ ចំនួន ១៥ នាក់។
បើតាមក្រសួងអប់រំ បេក្ខជនដែលមានសិទ្ធិដាក់ពាក្យស្នើសុំ ត្រូវតែមានសញ្ជាតិខ្មែរ និងបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ ២០២៦។ ទន្ទឹមនឹងនេះ បេក្ខជនត្រូវតែជាសិស្សនៃវិទ្យាល័យគោលដៅក្រោមគម្រោង SE4HC ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ការបញ្ចប់ការសិក្សាតាមប្រព័ន្ធអនឡាញដោយជោគជ័យលើមុខវិជ្ជា «មូលដ្ឋានគ្រឹះសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល» និង «គណិតវិទ្យាអនុវត្តន៍»។ ក្រៅពីនេះ បេក្ខជនត្រូវតែជាអ្នកដែលមិនធ្លាប់ទទួលបានអាហារូបករណ៍ណាមួយពីក្រសួងអប់រំ យុវជន និងកីឡា ឬអាហារូបករណ៍ផ្សេងទៀតក្នុងអំឡុងពេលដាក់ពាក្យឡើយ ហើយត្រូវឆ្លងកាត់ការប្រឡងជ្រើសរើសជាកំណត់។
សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ អាចបំពេញពាក្យស្នើសុំ និងបញ្ជូនឯកសារតាមរយៈប្រព័ន្ធអនឡាញ (Google Forms) ឬស្កេន QR Code ចាប់ពីថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៦ រហូតដល់ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២៦ វេលាម៉ោង ៥:០០ នាទីរសៀល ជាកំហិត។ ការប្រឡងជ្រើសរើសនឹងផ្ដោតលើមុខវិជ្ជាចំនួន ៣ រួមមាន ភាសាអង់គ្លេស, គណិតវិទ្យាអនុវត្តន៍ (ជាភាសាអង់គ្លេស) និងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល (ជាភាសាអង់គ្លេស) ដោយមុខវិជ្ជានីមួយៗមានរយៈពេល ៤៥ នាទី។ ការប្រឡងជ្រើសរើសនឹងប្រព្រឹត្តទៅជាផ្លូវការនៅថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យជាតិគ្រប់គ្រង (វត្តភ្នំ) ហើយលទ្ធផលនឹងត្រូវប្រកាសផ្សាយនៅថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ទាំងនៅទីតាំងផ្ទាល់ និងលើគេហទំព័រផ្លូវការ។
គួរបញ្ជាក់ថា បេក្ខជនជ័យលាភីត្រូវបំពេញបែបបទដាក់ពាក្យចូលរៀនចាប់ពីថ្ងៃប្រកាសលទ្ធផលរហូតដល់ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៦ មុនពេលវគ្គសិក្សាថ្មីនឹងចាប់ផ្ដើមចូលរៀននៅថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០២៦។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សិស្សានុសិស្សអាចទាក់ទងតាមរយៈទូរសព្ទ និងតេឡេក្រាមលេខ ០១០ ២៤៤ ៣៤៩៕