Swift cc time

យុវជន ៣០រូប ចូលរួមគំរូកិច្ចប្រជុំអង្គការសហប្រជាជាតិ ដើម្បីពង្រឹងជំនាញការទូត និងការដោះស្រាយបញ្ហាអន្តរជាតិ

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ យុវជន និងនិស្សិតចំនួន ៣០រូប មកពីសាកលវិទ្យាល័យផ្សេងៗក្នុងរាជធានីភ្នំពេញ បានចូលរួមសម្តែងតួនាទីជាគណៈប្រតិភូតំណាងរដ្ឋ ក្នុងកម្មវិធីគំរូកិច្ចប្រជុំអង្គការសហប្រជាជាតិ រាជធានីភ្នំពេញ (Phnom Penh Model United Nations – PPMUN) ឆ្នាំ២០២៦ ដើម្បីហ្វឹកហាត់ជំនាញការទូត ការចរចា និងការដោះស្រាយបញ្ហាអន្តរជាតិ តាមទម្រង់កិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ។

កម្មវិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដោយផ្តោតលើប្រធានបទ «ការពង្រីកលំហស្ត្រី សន្តិភាព និងសន្តិសុខ៖ ឆ្ពោះទៅរកសន្តិសុខមនុស្សធម៌ដែលមានភាពទូលំទូលាយជាងមុន»។ ប្រធានបទនេះពាក់ព័ន្ធនឹងសិទ្ធិស្ត្រី សន្តិភាព សន្តិសុខ និងបញ្ហាប្រឈមជាសកលនាពេលបច្ចុប្បន្ន។

PPMUN ឆ្នាំ២០២៦ មាននិស្សិតចំនួន ៣០រូប ក្នុងនោះមាននារី ២០រូប តំណាងឱ្យរដ្ឋចំនួន ១៥ ក្នុងគំរូកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។ តាមរយៈតួនាទីជាប្រតិភូរដ្ឋ និស្សិតបានចូលរួមចរចា ផ្លាស់ប្តូរយោបល់ និងពិភាក្សាលើបញ្ហាអន្តរជាតិ ព្រមទាំងស្វែងរកដំណោះស្រាយរួម ស្របតាមបែបបទការទូត។ កម្មវិធីនេះត្រូវបានដឹកនាំ និងគាំទ្រដោយ លោកសាស្ត្រាចារ្យបណ្ឌិត ឃុន មន្ទីរ និងអ្នកគ្រូ តាន់ ចាន់ណារ័ត្ន។

ក្រៅពីការចូលរួមប្រជុំនិងចរចា កម្មវិធីក៏បានប្រគល់វិញ្ញាបនបត្រ និងពានរង្វាន់ជូនដល់គណៈប្រតិភូដែលមានស្នាដៃលេចធ្លោផងដែរ។ ពានរង្វាន់គណៈប្រតិភូល្អបំផុត បានប្រគល់ជូន កញ្ញា ឆេង ពេជ្ររាសី ដែលតំណាងឱ្យប្រទេសមីយ៉ាន់ម៉ា។ ការវាយតម្លៃផ្តោតលើគុណភាពរបាយការណ៍គោលជំហរ ការប្តេជ្ញាចិត្ត និងសមត្ថភាពធ្វើបទបង្ហាញចាប់ពីដំណាក់កាលហ្វឹកហាត់រហូតដល់ថ្ងៃកម្មវិធី។

កញ្ញា ឆេង ពេជ្ររាសី

ចំណែកពានរង្វាន់ «ប្រតិភូឆ្នើម» បានប្រគល់ជូន កញ្ញា លាង ហ្គេចហួរ តំណាងប្រទេសអាល្លឺម៉ង់ ដោយសារមានភាពសកម្មក្នុងកិច្ចប្រជុំ និងអាចបញ្ចេញទស្សនៈ និងមតិយោបល់បានល្អ។ កម្មវិធីក៏បានផ្តល់ពានរង្វាន់កោតសរសើរ ជូនដល់បេក្ខជនដែលបង្ហាញពីការតាំងចិត្តខ្ពស់ និងពានរង្វាន់សម្រាប់ប្រតិភូដែលទទួលបានសំឡេងគាំទ្រច្រើនពីប្រតិភូដទៃទៀតក្នុងមហាសន្និបាត ដែលបានទៅលើប្រតិភូតំណាងព្រះរាជាណាចក្រន័រវែស។

សម្រាប់ពានរង្វាន់ជាក្រុម ដែលផ្តោតលើការសហការរបស់ប្រតិភូតំណាងរដ្ឋ ពានរង្វាន់ «គណៈប្រតិភូតំណាងរដ្ឋល្អបំផុត» បានទៅលើប្រតិភូតំណាងសហរដ្ឋអាម៉េរិក សម្រាប់កិច្ចសហការល្អក្នុងការរៀបចំ និងដាក់ចេញដំណោះស្រាយ។ រីឯពានរង្វាន់សម្រាប់ប្រតិភូដែលមានរបាយការណ៍គោលជំហរល្អ តាមរយៈការសិក្សាស្រាវជ្រាវ និងវិភាគស៊ីជម្រៅពីជំហររដ្ឋដែលខ្លួនតំណាង បានទៅលើប្រតិភូតំណាងចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង។

ក្នុងបទសម្ភាសជាមួយស៊ីស៊ីថាមស៍ លោក សុខ សត្យារះ ដែលដើរតួជាប្រតិភូតំណាងព្រះរាជាណាចក្រន័រវែស បានលើកឡើងថា កម្មវិធី PPMUN មានសារៈសំខាន់សម្រាប់និស្សិតដែលសិក្សាជំនាញទំនាក់ទំនងអន្តរជាតិ ព្រោះអាចឱ្យពួកគេសិក្សា និងយល់កាន់តែច្បាស់ពីដំណើរការកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ តាមរយៈការអនុវត្តជាក់ស្តែង។

ចំណែក កញ្ញា រ៉ា រាជិនី បានបញ្ជាក់ថា មុនពេលចូលរួមកម្មវិធី កញ្ញាមិនសូវមានភាពក្លាហានក្នុងការនិយាយជាសាធារណៈនោះទេ ប៉ុន្តែការចូលរួមក្នុង PPMUN បានជួយឱ្យកញ្ញាមានទំនុកចិត្ត និងក្លាហានជាងមុនក្នុងការបញ្ចេញមតិ ការនិយាយជាសាធារណៈ និងការផ្លាស់ប្តូរយោបល់ជាមួយយុវជនដទៃ។

យុវជនទាំងពីររូបបានលើកទឹកចិត្តឱ្យយុវជនដទៃចូលរួមកម្មវិធីដែលមានលក្ខណៈដូចនេះឱ្យបានច្រើន ដោយសារវាអាចជួយពង្រឹងចំណេះដឹងអំពីការចរចាររវាងរដ្ឋតាមបែបការទូត បង្កើនសមត្ថភាពស្វែងរកដំណោះស្រាយរួម ការបញ្ចេញមតិដោយមានទំនុកចិត្ត និងជំនាញសហការជាមួយនិស្សិតមកពីស្ថាប័នផ្សេងៗ។

គួរបញ្ជាក់ថា កម្មវិធី PPMUN ឆ្នាំ២០២៦ មានការចូលរួមពីអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា សាស្ត្រាចារ្យ អាណាព្យាបាល និស្សិត ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ សរុបជាង ៣០០នាក់៕

Khcct banner

អត្ថបទទាក់ទង