ភ្នំពេញ៖ ក្រុមនិស្សិតបង្កើតគម្រោង “Pick Me” ដែលជាក្រុមផ្តោតលើការបង្កើត AI ដើម្បីជួយសម្រួលដល់ការស្វែងរក និងតម្រង់ទិសការងារ ក្លាយជាម្ចាស់ជ័យលាភីលេខ ១ ក្នុងកម្មវិធី យុវជន២១(Youth21) ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យារបស់យុវជន៖ គំនិតវ័យក្មេង ការផ្លាស់ប្តូរពិត-Youth-Tech Startups: Young Minds, Real Change»។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយក្រសួងអប់រំ ហើយមាន និស្សិត១០ក្រុម ដែលបានឈានមកដល់វគ្គផ្តាច់ព្រ័ត្រ។
កម្មវិធី យុវជន២១(Youth 21) នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំប្រកាសលទ្ធផលក្រុមជ័យលាភីសម្រាប់ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។ ក្នុងនោះ ម្ចាស់ជ័យលាភីលេខ១ បានទៅលើគម្រោង “Pick Me” ជ័យលាភីលេខ២ គម្រោង “VFix” និងជ័យលាភីលេខ៣ បានទៅលើគម្រោង“ប្រឹក្សា-Pruksa”។
ក្នុងនោះ គម្រោង “ Pick Me” បង្កើតឡើងដោយ ក្រុមនិស្សិតមកពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានផ្តោតលើការបង្កើតកម្មវិធី AI ដើម្បីជួយសម្រួលដល់ការស្វែងរកការងារ និងការតម្រង់ទិសការងារ តាមរយៈមុខងារធំៗបីគឺ AI CV Builder ដែលជួយកែសម្រួលប្រវត្តិរូបសង្ខេប (CV) ឱ្យស្របតាមស្តង់ដា, AI Interview ជាមុខងារដែលអ្នកប្រើប្រាស់អាចត្រៀមខ្លួនសម្ភាសដោយហ្វឹកហាត់ជាមួយ AI ទាំងការប្រើប្រាស់សម្លេង ឬ អត្ថបទ ហើយបន្ទាប់មក AI នោះនឹងវាយតម្លៃ និងផ្តល់លទ្ធផលឱ្យ និងជាចុងក្រោយគឺ Self Discovery ដែលអ្នកប្រើប្រាស់អាចប្រើ AI ដើម្បីស្វែងយល់ពីចំណង់ចំណូលចិត្ត និងស្វែងរកការងារដើម្បីឱ្យសមស្រប។
រីឯ គម្រោង “VFix” ត្រូវបានបង្កើតឡើងដោយក្រុមនិស្សិតមកពីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។ ក្រុមនេះ បង្កើតកម្មវិធី “VFix” ដើម្បីភ្ជាប់ទំនាក់ទំនងរវាងអតិថិជន និងជាងជួសជុល ដើម្បីងាយស្រួលនៅក្នុងការកក់សេវាកម្មជួសជុល និងថែទាំយានយន្តតាមឌីជីថល។
ជាចុងក្រោយ គម្រោង “ប្រឹក្សា-Pruksa” ផ្តួចផ្តើមឡើងដោយ ក្រុមនិស្សិតមកពីសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ បង្កើតឡើងដើម្បីសម្រួលដល់សិស្សថ្នាក់ទើបតែបញ្ចប់ថ្នាក់ទី១២ ក្នុងការជ្រើសរើសជំនាញ និងយល់ដឹងពីអាហារូបករណ៍ និងសាកលវិទ្យាល័យនានា។
ជាមួយគ្នានេះ សមាសភាពបេក្ខជនប្រកួតនា «វគ្គផ្តាច់ព្រ័ត្រ» ទាំង១០ក្រុមមកពីគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនដូចជាបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា, សាកលវិទ្យាល័យពុទ្ធិសាស្រ្ត, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សាកលវិទ្យាល័យអាស៊ីអឺរ៉ុប, វិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម, សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ, សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យកម្ពុជា, និងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ។
គួរបញ្ជាក់ មុននឹងឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះបេក្ខជនបានឆ្លងកាត់ដំណើរការអនុវត្តអស់រយៈពេល៨ខែ ដោយទទួលបានឱកាសរៀនសូត្រជាច្រើន ដូចជា ការបណ្តុះបណ្តាល ការធ្វើការងារជាក្រុម ការអនុវត្តការងារជាក់ស្តែង និងការប្រកួតប្រជែងយ៉ាងស្វិតស្វាញ។ កម្មវិធី “យុវជន២១” រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពយុវជនឱ្យមានចំណេះដឹងអំពីអាជីវកម្មឌីជីថល និងការច្នៃប្រឌិតក្នុងការបង្កើតគំនិតអាជីវកម្មសមស្របនឹងបរិបទសម័យថ្មី ដែលនគ្រូដឹកនាំ និងបេក្ខនិស្សិតចំនួន ២៦ក្រុម សរុប ១៨២នាក់ មកពីគ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេស៕