Khmer suport khmer cc time

ស្ថានទូតអាល្លឺម៉ង់ រៀបចំការប្រកួត«រចនាឡូហ្គោ» ដើម្បីអបអរសាទរខួបលើកទី៦០ នៃទំនាក់ទំនងការទូតអាល្លឺម៉ង់-កម្ពុជា

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានប្រកាសពីការប្រកួតប្រជែងរចនាឡូហ្គោ ដើម្បីអបអរសាទរខួបលើកទី៦០ នៃទំនាក់ទំនងការទូតអាល្លឺម៉ង់-កម្ពុជា។ ស្នាដៃរចនាឡូហ្គោ ត្រូវតែជានិមិត្តសញ្ញាតំណាងឱ្យប្រវត្តិសាស្ត្រនៃមិត្តភាព កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងអាល្លឺម៉ង់ និងកម្ពុជា ក្នុងរយៈពេល ៦ ទសវត្សរ៍កន្លងមកនេះ។

បើតាមស្ថានទូតអាល្លឺម៉ង់ ស្នាដៃដែលដាក់ស្នើត្រូវមានចំណុចរួមមាន ការឆ្លុះបញ្ចាំងប្រកបដោយអត្ថន័យ៖ បង្ហាញយ៉ាងច្បាស់ និងមានអត្ថន័យអំពីទំនាក់ទំនងការទូត មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសអាល្លឺម៉ង់ និងប្រទេសកម្ពុជា ដោយរួមបញ្ចូលនូវធាតុផ្សំតំណាងឱ្យប្រទេសទាំងពីរ។ ប្រធានបទខួបលើកទី ៦០៖ ការបញ្ចូលលេខ ៦០ ទៅក្នុងស្នាដៃប្រកបដោយភាពច្នៃប្រឌិត និងលេចធ្លោ ដែលជានិមិត្តរូបនៃទំនាក់ទំនងការទូតរយៈពេល ៦ ទសវត្សរ៍។

ទន្ទឹមនឹងនេះ ស្នាដៃត្រូវមានភាពទាក់ទាញ និងលទ្ធភាពក្នុងការប្រើប្រាស់៖ រូបសញ្ញាដែលមានលក្ខណៈសាមញ្ញច្បាស់លាស់ (Clean design) មានលក្ខណៈវិជ្ជាជីវៈ និងអាចប្រើប្រាស់បានយ៉ាងទូលំទូលាយលើសម្ភារៈ និងបណ្តាញទំនាក់ទំនងផ្សេងៗ។ ភាពច្នៃប្រឌិត៖ ការរចនាប្រកបដោយគំនិតថ្មីប្លែក មានលក្ខណៈពិសេស និងងាយចងចាំ។ ភាពដើម និងមិនមែនបង្កើតដោយបញ្ញាសិប្បនិម្មិត (AI)៖ រាល់ស្នាដៃទាំងអស់ត្រូវតែជាស្នាដៃដើម ដែលបង្កើតឡើងជាពិសេសសម្រាប់ការប្រកួតនេះ ហើយមិនត្រូវបង្កើតឡើងដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ឡើយ។ ទំហំឯកសារ៖ ឯកសារដែលមានគុណភាពបង្ហាញខ្ពស់ (High-resolution) ដោយមានទំហំអតិបរមា ១០ មេកាបៃ (MB) (ទំហំយ៉ាងតិច ១០០០px x ១០០០px) និងទម្រង់ឯកសារ៖ Vector, PDF, JPEG ឬ PNG។

ការប្រកួតនេះ ផ្តល់ឱកាសដល់អ្នកដែលមានគំនិតច្នៃប្រឌិត អ្នករចនាក្រាហ្វិក សិល្បករ សិស្ស/និស្សិត និងអ្នកជំនាញ។ អ្នកចូលរួមត្រូវតែជាពលរដ្ឋកម្ពុជា និងមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។ កម្មវិធីនេះ ស្វែងរកជ័យលាភីចំនួន៣ ដោយចំណាត់ថ្នាក់លេខ ១ ទទួលបាន ៤០០ ដុល្លារ, ចំណាត់ថ្នាក់លេខ ២ ទទួលបាន ២០០ ដុល្លារ និងចំណាត់ថ្នាក់លេខ ៣ ទទួលបាន ១០០ ដុល្លារ។ ស្នាដៃដែលឈ្នះនឹងត្រូវបានជ្រើសរើសយកទៅប្រើប្រាស់ជាឡូហ្គោផ្លូវការសម្រាប់ខួបលើកទី ៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសអាល្លឺម៉ង់ និងប្រទេសកម្ពុជា ហើយនឹងត្រូវបានដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធទាំងអស់។

ដើម្បីដាក់ពាក្យ បេក្ខជនត្រូវស្នើសុំរួមជាមួយព័ត៌មានលម្អិត (ឈ្មោះ អាយុ ភេទ សញ្ជាតិ លេខទូរសព្ទ និងអ៊ីមែល) ការពន្យល់សង្ខេបអំពីគំនិតនៃឡូហ្គោ (មិនលើសពី ១០០ ពាក្យ) ឯកសាររចនាឡូហ្គោ និងឃ្លាបញ្ជាក់អំពីកម្មសិទ្ធិបញ្ញា។ បេក្ខជនម្នាក់អាចដាក់ស្នើបានច្រើនដង ប៉ុន្តែតម្រូវឱ្យបំពេញទម្រង់បែបបទដាក់ពាក្យមួយដាច់ដោយឡែកសម្រាប់ឡូហ្គោនីមួយៗ។

គួរបញ្ជាក់ថា បេក្ខជនអាចដាក់ពាក្យតាមរយៈ Link ដោយរូបសញ្ញាទាំងអស់ត្រូវតែដាក់ជូនត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៦៕

Khcct banner

អត្ថបទទាក់ទង