ភ្នំពេញ៖ នៅឯវិមានសាមគ្គីភាព កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេច ហ៊ុន សែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ថ្នាក់ដឹកនាំនៃក្រសួងអប់រំ សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ និងប្រតិភូយុវជននៃកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៥០ ទាំង២១រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ។ នៅក្នុងឱកាសនេះ សម្តេចបានផ្តល់អនុសាសន៍ឱ្យប្រតិភូទាំងអស់ ប្រកាន់ឥរិយាបថថ្លៃថ្នូរ មិនត្រូវឆ្មើងឆ្មៃ និងត្រូវបង្ហាញនូវសមត្ថភាព ព្រមទាំងសក្តានុពលរបស់យុវជនកម្ពុជា ទៅកាន់ប្រទេសនានាឱ្យបានល្អ ដើម្បីលើកតម្កើងកិត្យានុភាពរបស់ជាតិ ក្នុងនាមជាពលរដ្ឋខ្មែរតំណាងឱ្យប្រជាជន ១៨លាននាក់។
យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងអប់រំ កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (Ship for Southeast Asian and Japan Youth Program – SSEAYP) គឺជាកម្មវិធីផ្លាស់ប្ដូរយុវជនអន្តរជាតិដែលមានគោលបំណងពង្រឹងមិត្តភាព សាមគ្គីភាព ការយោគយល់គ្នា និងកិច្ចសហប្រតិបត្តិការរវាងយុវជននៃប្រទេសអាស៊ីអាគ្នេយ៍ និងជប៉ុន។ តាមរយៈកម្មវិធីនេះ យុវជនមានឱកាសផ្លាស់ប្ដូរចំណេះដឹង បទពិសោធ និងវប្បធម៌ សិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក ព្រមទាំងពង្រីកទស្សនវិស័យ និងទំនាក់ទំនងមិត្តភាពនៅក្នុងតំបន់។
គួរបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិកពេញសិទ្ធិនៃកម្មវិធី SSEAYP ចាប់តាំងពីឆ្នាំ២០០០ ហើយបានបន្តចូលរួមក្នុងកម្មវិធីនេះជាបន្តបន្ទាប់។