ភ្នំពេញ៖ កម្មវិធី Young Leaders Fellowship របស់អង្គការ MCW Global កំពុងបើកទទួលពាក្យសម្រាប់យុវជនដែលមានអាយុពី ១៨ដល់២៦ ឆ្នាំទៅផ្លាស់ប្តូរការសិក្សារយៈពេល ១០ថ្ងៃនៅសហរដ្ឋអាម៉េរិក ដើម្បីពង្រឹងសមត្ថភាពយុវជនក្នុងការដឹកនាំ ការរៀបចំគម្រោងសហគមន៍ និងការបង្កើតការផ្លាស់ប្តូរជាវិជ្ជមានក្នុងសង្គម។ កម្មវិធីនេះ នឹងមានរួមបញ្ចូល វគ្គបណ្តុះបណ្តាល ពីការវាយតម្លៃតម្រូវការរបស់សហគម៍តាមប្រព័ន្ធអនឡាញ ការផ្លាស់ប្តូរការសិក្សា និងការអនុវត្តគម្រោងនៅក្នុងសហគមន៍។
យោងតាមគេហទំព័រផ្លូវការរបស់ អង្គការ MCW Global ដើម្បីដាក់ពាក្យចូលរួមកម្មវិធី យុវជនត្រូវតែមានអាយុចាប់ពី ១៨ ដល់២៦ ឆ្នាំ ដែលមានចំណាប់អារម្មណ៍លើការអភិវឌ្ឍសហគមន៍ក្នុង វិស័យអប់រំ សុខាភិបាល និងសន្តិសុខសេដ្ឋកិច្ច ព្រមទាំងអាចប្រើប្រាស់ភាសាអង់គ្លេសទាំងអាន និងសរសេរ។ ជាមួយគ្នា យុវជនត្រូវរៀបចំឯកសារដូចជា ព័ត៌មានផ្ទាល់ខ្លួន និងចម្លើយឆ្លើយតបនឹងសំណួរកម្មវិធី ប្រវត្តិរូបសង្ខេប (CV/Resume) មិនលើសពី ១ទំព័រ និង លិខិតអនុសាសន៍ចំនួន ២ច្បាប់(Recommendation letter)។
បើតាមប្រភពដដែល យុវជនដែលត្រូវបានជ្រើសរើស នឹងអាចអភិវឌ្ឍភាពជាអ្នកដឹកនាំ និងសមត្ថភាព តាមរយៈកម្មវិធីធំៗបីគឺ ទី១ កម្មវិធីវាយតម្លៃតម្រូវការសហគមន៍ ដែលអនុញ្ញាតឱ្យយុវជនអាចយល់ដឹងអំពីវិធីសាស្ត្រនៃការវាយតម្លៃតម្រូវការរបស់សហគមន៍ តាមរយៈវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញចាប់ពីខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២៧ ។ ទី២ ចូលរូមវគ្គបណ្តុះបណ្តាល ដែលរួមមានសិក្ខាសាលា និងការណែនាំពីការអនុវត្តផែនការពីវាគ្មិនល្អ និងផ្លាស់ប្តូរទស្សនៈវិស័យជាមួយយុវជនមកពីជុំវិញពិភពលោក រយៈពេល ១០ថ្ងៃនៅសហរដ្ឋអាម៉េរិក ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៧។ ជាចុងក្រោយគឺការអនុវត្តគម្រោងដែលយុវជន មានពេលរហូតដល់ ១០ខែក្នុងការអនុវត្តគម្រោង ដោយមានការណែនាំពីអតីតយុវជនដែលចូលរួម។
គួរបញ្ជាក់ថា កម្មវិធីនឹងរ៉ាប់រងលើថ្លៃធ្វើដំណើរទៅមក កន្លែងស្នាក់នៅ អាហារ និងការធ្វើដំណើរទៅមកពីទីក្រុងញូវយ៉ក ទៅកាន់ទីក្រុង Burlington រដ្ឋ Vermont។ ដោយឡែក កម្មវិធីនឹងមិនផ្តល់ជូនសេវាលិខិតឆ្លងដែន និងសេវាទិដ្ឋាការឡើយ ហើយអ្នកដែលជ្រើសរើសចូលរួមត្រូវបង់ប្រាក់កក់មុន ១០០ដុល្លារមុន ដែលប្រាក់កក់នេះ នឹងសងត្រឡប់វិញបន្ទាប់ពីចប់វគ្គបណ្តុះបណ្តាល។ សម្រាប់យុវជនមានចំណាប់អារម្មណ៍ អាចអានព័ត៌មានបន្ថែម និងដាក់ពាក្យតាម តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៦៕