ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា កំពុងរៀបចំការប្រឡង គណិតវិទ្យា និងភាសាអង់គ្លេស នៃកម្មវិធី YOUNG MASTER CHALLENGE 2027 សម្រាប់សិស្សដែលមានអាយុចាប់ពី ៨ឆ្នាំ ទៅ១៨ឆ្នាំ។ នៅក្នុងការប្រឡងប្រជែងនេះ សិស្សដែលជាប់នៅក្នុងការជម្រុះថ្នាក់ជាតិ នឹងមានឱកាសទៅប្រកួតថ្នាក់អន្តរជាតិ នៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេស។
យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងអប់រំ ដើម្បីដាក់ពាក្យចូលប្រកួត សិស្សអាចចូលទៅកាន់ តំណភ្ជាប់ ដើម្បីដាក់ពាក្យ ឬក៏ទៅដាក់ពាក្យដោយផ្ទាល់នៅអគារ (I) ដេប៉ាតឺម៉ង់ស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំ ឱ្យបានត្រឹមថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៧ វេលាម៉ោង ៥ល្ងាចជាកំហិត។
បើតាមប្រភពដដែល ការប្រឡងថ្នាក់ជាតិនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២៧ នៅឯវិទ្យាស្ថានជាតិអប់រំ។ បន្ទាប់មក សិស្សដែលប្រឡងជាប់ថ្នាក់ជាតិនឹងទៅប្រកួតថ្នាក់អន្តរជាតិ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៧ នៅឯទីក្រុងឡុងដ៍ចក្រភពអង់គ្លេស។
សូមជម្រាបថា បេក្ខជនអាចទាក់ទងទៅកាន់លេខទូរស័ព្ទ 096 943 9944 ឬ 077 468 989 និង 011 697 038 សម្រាប់ព័ត៌មានបន្ថែម៕