ភ្នំពេញ៖ រដ្ឋាភិបាលប្រទេសចិន កំពុងបើកទទួលពាក្យអាហារូបករណ៍ប្រភេទ B (CSC Type B) ថ្នាក់អនុបណ្ឌិត និងបណ្ឌិតដល់និស្សិតទៅបន្តការសិក្សានៅសាកលវិទ្យាល័យ Shanghai Ocean University ប្រទេសចិន។ នៅក្នុងនោះ និស្សិតអាហារូបករណ៍អាចទទួលបានប្រាក់ឧបត្ថម្ភរហូតដល់ ៣៥០០យ័នក្នុងមួយខែ ហើយនិស្សិតថ្នាក់បណ្ឌិតអាចរើសជំនាញសិក្សារហូតដល់ ៧ជំនាញ និងនិស្សិតថ្នាក់អនុបណ្ឌិតអាចរើសជំនាញសិក្សារហូតដល់ ៩ជំនាញ។
យោងតាមគេហទំព័ររបស់សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) ដើម្បីដាក់ពាក្យអាហារូបករណ៍និស្សិតថ្នាក់អនុបណ្ឌិតត្រូវមានសញ្ញាបរិញ្ញាបត្រ និងមានអាយុមិនលើសពី ៣០ឆ្នាំ ព្រមទាំងត្រូវមានសញ្ញាបត្រថ្នាក់អនុបណ្ឌិត និងអាយុមិនលើសពី ៣៥ឆ្នាំ សម្រាប់ថ្នាក់បណ្ឌិត ហើយចំពោះកម្រិតថ្នាក់ទាំងពីរនេះ បេក្ខជនត្រូវតែធ្លាប់បោះពុម្ភអត្ថបទស្រាវជ្រាវវិទ្យាសាស្ត្រយ៉ាងតិច ១ និងមានលទ្ធផលសិក្សា GPA យ៉ាងហោច ៣.០។
បើតាមប្រភពដដែល ដើម្បីដាក់ពាក្យ បេក្ខជនត្រូវទាក់ទងសាស្ត្រាចារ្យដឹកនាំនៅសាកលវិទ្យាល័យ SHOU ជាមុនដើម្បីស្នើសុំការយល់ព្រម និងហត្ថលេខាលើគម្រោងស្រាវជ្រាវ។ បន្ទាប់មក បេក្ខជនត្រូវដាក់ពាក្យតាម តំណភ្ជាប់ប្រព័ន្ធសាកលវិទ្យាល័យ និង តំណភ្ជាប់ក្រុមប្រឹក្សាអាហារូបករណ៍ ឱ្យបានត្រឹមថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៧។ ពេលចុះឈ្មោះ ត្រូវប្រើកូដស្ថាប័ន Agency Code: 10264 និងជ្រើសរើសអាហារូបករណ៍ Type-B។
ជាមួយគ្នា បេក្ខជនត្រូវមានឯកសារដូចជា លិខិតឆ្លងដែន, រូបថត, សញ្ញាបត្រ, និងព្រឹត្តិបត្រពិន្ទុ វិញ្ញាបនបត្របញ្ជាក់សមត្ថភាពភាសា IELTS 6.0 ឬ TOEFT iBT 80ឡើងទៅ ឬ HSK កម្រិត ៥ ពិន្ទុចាប់ពី ១៨, គម្រោងស្រាវជ្រាវ ដែលចុះហត្ថលេខាដោយគ្រូដឹកនាំ SHOU, ប្រវត្តិរូបសង្ខេប, លិខិតឧទ្ទេសនាម ២ច្បាប់, លិខិតពិនិត្យសុខភាព, លិខិតថ្កោលទោស, និងលិខិតបញ្ជាក់លទ្ធភាពហិរញ្ញវត្ថុ។ បន្ថែមពីនេះ បេក្ខជនត្រូវធ្វើវីដេអូណែនាំខ្លួន និងជំនាញដែលខ្លួនចង់សិក្សាជាភាសាអង់គ្លេស ឬភាសាចិនរយៈពេល ៣នាទី។
គួរបញ្ជាក់ថា ថ្នាក់អនុបណ្ឌិតត្រូវរៀន ៣ឆ្នាំ និងថ្នាក់បណ្ឌិតត្រូវរៀន ៤ឆ្នាំ ហើយអាហារូបករណ៍នឹងឧបត្ថម្ភថ្លៃសិក្សា កន្លែងស្នាក់នៅ ប្រាក់ឧបត្ថម្ភប្រចាំខែពី ៣០០០ ទៅ ៣៥០០យ័ន និងធានារ៉ាប់រងសុខភាព៕