ត្បូងឃ្មុំ៖ ធនាគារជាតិកម្ពុជា បានបង្កើតកម្មវិធីប្រកួតផលិតវីដេអូខ្លី ដើម្បីអបអរសាទរខួបលើកទី ៤៦ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ក្រោមប្រធានបទ «តើប្រាក់ ១ម៉ឺនរៀល អាចទិញអ្វីបានខ្លះនៅខេត្តត្បូងឃ្មុំ?»។ យុវជនចូលរួម តម្រូវឱ្យផលិតវីដេអូពី ៤០វិនាទី - ៣នាទី ខណៈអ្នកឈ្នះនឹងទទួលបានជ័យលាភីជាទឹកប្រាក់មួយចំនួន។
បើតាមធនាគារជាតិកម្ពុជា កម្មវិធីប្រកួតផលិតវីដេអូខ្លីមានលក្ខខណ្ឌក្នុងការចូលរួមដូចជា៖ ទីតាំងថតក្នុងខេត្តត្បូងឃ្មុំ, វីដេអូត្រូវមានរយៈពេលពី ៤០វិនាទី - ៣នាទី, តាមដាន (Follow) ទំព័រហ្វ៊េសប៊ុកផ្លូវការធនាគារជាតិនៃកម្ពុជា, ផ្សព្វផ្សាយវីដេអូនៅលើគណនីហ៊្វេសបុក ឬ Tiktok ផ្ទាល់ខ្លួន ដោយមានភ្ជាប់ចំណងជើង #ទិវាប្រាក់រៀល២០២៦ #ខ្ញុំស្រឡាញ់ប្រាក់រៀល និង #ធនាគារជាតិនៃកម្ពុជា និង mention គណនីបណ្ដាញសង្គមផ្លូវការធនាគារជាតិនៃកម្ពុជា (ធនាគារជាតិ នៃកម្ពុជា - National Bank of Cambodia) និង (@nationalbankofcambodia_នៅលើ Tiktok) និងបង្កប់អត្ថន័យពីសារៈសំខាន់ ការប្រើប្រាស់ប្រាក់រៀល ឬការប្រើប្រាស់ប្រាក់រៀលតាមបែបឌីជីថល។
កម្មវិធីនេះ ផ្តល់ជូនជ័យលាភីលេខ១ ទទួលបានទឹកប្រាក់ចំនួន ២ លានរៀល និងជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ចំនួន ១ លានរៀល។ គួរបញ្ជាក់ថា យុវជនដែលមានចំណាប់អារម្មណ៍ប្រកួត សូមផ្ញើតំណភ្ជាប់វីដេអូដែលបានផ្សព្វផ្សាយមកក្នុងប្រអប់សារនៃហ្វ៊េសបុកផ្លូវការធនាគារជាតិនៃកម្ពុជា ត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៦។ សម្រាប់ជ័យលាភីនឹងទទួលរង្វាន់នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR) ដែលនឹងធ្វើឡើងនៅខេត្តត្បូងឃ្មុំ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៦៕