ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសរៀបចំការប្រឡងជ្រើសរើសនិស្សិតកម្ពុជាចំនួន ៨៥នាក់ ដោយក្នុងនោះមានថ្នាក់បរិញ្ញាបត្រ ៥៥នាក់ និងបរិញ្ញាបត្រជាន់ខ្ពស់ ៣០នាក់ ទៅសិក្សានៅប្រទេសចិន ក្រោមអាហារូបករណ៍របស់រដ្ឋាភិបាលចិន សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨ លើមុខជំនាញ៖ វិទ្យសាស្ត្រ វិស្វកម្ម សេដ្ឋកិច្ច ការគ្រប់គ្រងពាណិជ្ជកម្ម វេជ្ជសាស្ត្រ និងព័ត៌មានវិទ្យាជាដើម។
ដើម្បីដាក់ពាក្យប្រឡងអាហារូបករណ៍ បេក្ខជនត្រូវតែមានសញ្ជាតិខ្មែរ អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ និងមានសុខភាពល្អទាំងកាយសម្បទា និងសតិបញ្ញា។ចំពោះបេក្ខជនដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រត្រូវមានអាយុក្រោម ២៥ឆ្នាំ និងមានលិខិតបញ្ជាក់ពីកម្រិត CSCA ជាការវាយតម្លៃសមត្ថភាពសិក្សារបស់ប្រទេសចិន សម្រាប់និស្សិតអន្តរជាតិដែលចូលរៀនថ្នាក់បរិញ្ញាបត្រ។ រីឯ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បេក្ខជនត្រូវមានអាយុក្រោម ៣៥ឆ្នាំ។
ប្រភព៖ MoEYS Cambodia
ដើម្បីស្នើសុំប្រឡង បេក្ខជនត្រូវរៀបចំនូវឯកសារដូចជា បង្កាន់ដៃទទួលពាក្យ ១ច្បាប់, ពាក្យសុំអាហារូបករណ៍ ១ច្បាប់, ជីវប្រវត្តិសង្ខេប ១ច្បាប់, កិច្ចសន្យា ១ច្បាប់, រូបថត ៤គុណ៦ «៤សន្លឹក» (ពណ៌ធម្មជាតិ ទើបថតថ្មី ផ្ទៃខាងក្រោយពណ៌ស, សញ្ញាបត្របរិញ្ញាបត្រ (ច្បាប់ថតចម្លង ១ច្បាប់) សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃសមមូល (ច្បាប់ថតចម្លង ១ច្បាប់) សម្រាប់ថ្នាក់បរិញ្ញាបត្រ ដោយភ្ជាប់សញ្ញាបត្រច្បាប់ដើមមកជាមួយ ដើម្បីផ្ទៀងផ្ទាត់។ណលិខិតបញ្ជាក់ការសិក្សាពីគ្រឹះស្ថានសិក្សា/បណ្ណសម្គាល់ខ្លួននិស្សិត ចំពោះបេក្ខជនជានិស្សិតដែលកំពុងសិក្សាតាមគ្រឹះស្ថានសិក្សានានា និងលិខិតបញ្ជាក់ពីអង្គភាព ចំពោះបេក្ខជនជាមន្ត្រីរាជការ។
សកម្មភាពប្រឡងជ្រើសរើស សម្រាប់ឆ្នាំសិក្សា ២០២៦_២០២៧
ប្រភព៖ MoEYS Cambodia
បេក្ខជន ត្រូវដាក់ពាក្យដោយផ្ទាល់ នៅនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន នៃក្រសួងអប់រំ ដែលស្ថិតក្នុងមជ្ឈមណ្ឌលអន្តេវាសិកដ្ឋាននិស្សិតនារី ដែលមានអាសយដ្ឋាននៅជាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យបានត្រឹមថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៦ វេលាម៉ោង ៤ល្ងាច។
គួរបញ្ជាក់ថា ការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៦ ហើយបេក្ខជនដែលទទួលបានអាហារូបករណ៍នេះនឹងគាំទ្រលើថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់អាហារូបករណ៍ រីឯថ្លៃធ្វើដំណើរទៅមកជាបន្ទុករបស់បេក្ខជន៕