ភ្នំពេញ៖ សិស្សានុសិស្ស មកពីវិទ្យាល័យសុខអានទន្លេបាទី ជាប់ជ័យលាភីលេខ១ នៅក្នុងការប្រកួតប្រជែងផលិតវីដេអូអប់រំខ្លីស្ដីពី "ផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង" ក្នុងចំណោមវីដេអូចំនួន ៣០ ដែលមានអ្នកមើលច្រើនជាងគេ។ ការប្រកួតវីដេអូនេះ ធ្វើឡើងដើម្បីលើកកម្ពស់ការអប់រំសុខភាព និងកាត់បន្ថយហានិភ័យសុខភាពសាធារណៈ ព្រមទាំងរក្សាសន្តិសុខសង្គមដែលបង្កឡើងដោយការសេពគ្រឿងស្រវឹង។
យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងអប់រំ នៅក្នុងការប្រកួត មានក្រុមសិស្ស-និស្សិត ៥ក្រុមដែលទទួលបានជ័យលាភីនៅក្នុងកម្មវិធីនេះ។ ក្នុងនោះ ជ័យលាភីទី១ បានទៅលើក្រុមសិស្សមកពីវិទ្យាល័យសុខអានទន្លេបាទី, ជ័យលាភីទី២ បានទៅលើក្រុមនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, ជ័យលាភីទី៣ បានទៅលើក្រុមនិស្សិតមកពីសាលាវេជ្ជសាស្ត្រចម្ការដូង, ជ័យលាភីទី៤ បានទៅលើក្រុមនិស្សិតមកពី វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលនៃកងយោធពលខេមរភូមិន្ទ, និងជ័យលាភីទី៥ បានទៅលើក្រុមសិស្សមកពី Education First Cambodia។
បើតាមប្រភពដដែល មុននឹងឈានដល់ការសម្រេចបាននូលលទ្ធផលនេះ វីដេអូដែលដាក់ប្រកួតត្រូវបានឆ្លងកាត់ការពិនិត្យ និងដាក់ពិន្ទុពីដំណាក់កាលគឺ ដំណាក់កាលទី១ គណៈកម្មការបានធ្វើការស្រង់យកវីដេអូចំនួន ៣០ ដែលទទួលបានចំនួនអ្នកទស្សនា (Views) ច្រើនជាងគេនៅលើបណ្ដាញសង្គម និងដំណាក់កាលទី២ គណៈកម្មការបានពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់ ដើម្បីជ្រើសរើសយក ១០វីដេអូចុងក្រោយ (Top 10) ដែលមានចំណុចខ្លាំងក្នុងផ្នែកបច្ចេកទេស ខ្លឹមសារអប់រំ និងបទដ្ឋាននៃការប្រកួតដែលបានកំណត់។ ជាចុងក្រោយ គឺការចម្រាញ់យក ៥ក្រុមដែលល្អជាងគេ។
គួរបញ្ជាក់ថា កម្មវិធីនេះត្រូវបានរៀបចំឡើងដោយ អង្គការចលនាដើម្បីសុខភាពកម្ពុជា សហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ៕