សៀមរាប៖ យុវជនសៀមរាបចំនួន៤ក្រុម បង្ហាញពីគម្រោងឆ្លើយតបទៅនឹងបញ្ហាប្រឈមសង្គមជាក់ស្ដែងនៅតាមសហគមន៍ជនបទ ដោយរួមបញ្ចូលគំនិតច្នៃប្រឌិត ភាពជាអ្នកដឹកនាំ បំណិនសតវត្សរ៍ទី២១ និងការចូលរួមជាពលរដ្ឋសកម្ម ដើម្បីយកទៅប្រើប្រាស់ក្នុងសង្គមបានជាក់ស្ដែង ក្រោយចូលរួម The Civic Action Bootcamp ដឹកនាំឡើងដោយលោក ទុយ ច័ន្ទសុបញ្ញា ក្នុងនាមជាអតីតសិក្ខាកាម YSEALI និងទទួលបានថវិកា(grant) អនុវត្តគម្រោងនៅសហគមន៍ក្នុងប្រទេសកម្ពុជា។
គំនិតផ្តួចផ្តើម The Civic Action Bootcamp គឺជាគម្រោងផ្លាស់ប្តូរទៅវិញទៅមកនៃកម្មវិធី YSEALI (YSEALI Reciprocal Exchange Project) ដែលទទួលបានការឧបត្ថម្ភថវិកាផ្លូវការពី ការិយាល័យកិច្ចការអប់រំ និងវប្បធម៌ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក (U.S. Department of State Bureau of Educational and Cultural Affairs) តាមរយៈ ស្ថានទូតអាមេរិកប្រចាំកម្ពុជា ដោយមានកិច្ចសហការអនុវត្តរវាង អគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័ន spectrUM Discovery Area នៃសាកលវិទ្យាល័យម៉ុងតាន៉ា សហរដ្ឋអាមេរិក (University of Montana, USA) ក្រោមការដឹកនាំរួមគ្នារបស់លោក ទុយ ច័ន្ទសុបញ្ញា និងសហការីជាតិអាមេរិក អ្នកនាង Caitlin Ervin។
លោក ទុយ ច័ន្ទសុបញ្ញា អនុប្រធានការិយាល័យកិច្ចការយុវជនអន្តរជាតិ ប្រធានដឹកនាំគម្រោង និងជាអតីតសិក្ខាកាម YSEALI PFP បានបញ្ជាក់ថា គម្រោងរបស់ក្រុមយុវជននីមួយៗសុទ្ធសឹងតែបង្កើតឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងបញ្ហាប្រឈមសង្គមជាក់ស្ដែងនៅតាមសហគមន៍ជនបទ ដោយរួមបញ្ចូលគំនិតច្នៃប្រឌិត ភាពជាអ្នកដឹកនាំ បំណិនសតវត្សរ៍ទី២១ និងការចូលរួមជាពលរដ្ឋសកម្ម ដើម្បីយកទៅប្រើប្រាស់ក្នុងសង្គមបានជាក់ស្ដែង។
លោកស្រី ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន បានថ្លែងថា កម្មវិធី The Civic Action Bootcamp ជាវេទិកាសិក្សាមួយ សម្រាប់អភិវឌ្ឍ និងបណ្ដុះសមត្ថភាពយុវជននៅតាមតំបន់ជនបទប្រកបដោយគុណភាព ដើម្បីប្រកបជាប្រយោជន៍ជូនដល់សហគមន៍ និងសង្គមជាតិ។លោកស្រី បានបន្តថា ការចូលរួមរបស់យុវជនក្នុងសកម្មភាពសង្គមនាពេលនេះ គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍពីបាតគ្រឹះ និងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងស្ថាប័នរដ្ឋ ដៃគូអន្តរជាតិ និងវិស័យឯកជន ក្នុងការលើកកម្ពស់សមត្ថភាពយុវជនកម្ពុជា។
គួរបញ្ជាក់ផងដែរថា កម្មវិធីបិទនេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានយុវជន រដ្ឋបាលខេត្តសៀមរាប តំណាង មន្ទីរអប់រំយុវជន និងកីឡា ខេត្តសៀមរាប មជ្ឈមណ្ឌលជាតិយុវជនខេត្តសៀមរាប និងមជ្ឈមណ្ឌលអាមេរិកាំង សៀមរាប និង អ្នកសម្របសម្រួល និងប្អូនៗសិក្ខាកាមយុវជនសរុបចំនួន ២០នាក់ (បែងចែកជា ៤ក្រុម)៕