ភ្នំពេញ៖ គ្រូបង្រៀន៣រូប ទទួលបានពានរង្វាន់ "ព្រះភិរម្យភាសាអ៊ូ ហៅង៉ុយ" ផ្នែកស្មូតកំណាព្យ និង ៣រូប ទទួលបានពានរង្វាន់ "សម្តេចព្រះសង្ឃរាជ ជួន ណាត" ផ្នែកតែងនិពន្ធ ក្រោមប្រធានបទ "គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១"។ កម្មវិធីប្រកួតនេះ ត្រូវបានធ្វើឡើងក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ២០២៦។
យោងតាមគេហទំព័រក្រសួងអប់រំ សម្រាប់ទិវាគ្រូបង្រៀនឆ្នាំ២០២៦ នេះ ក្រសួងបានកំណត់យកប្រធានបទ «គ្រូបង្រៀន ជាសសរស្ដម្ភនៃគរុកោសល្យ ទំនើបដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១» ដែលឆ្លុះបញ្ចាំងអំពីតួនាទីស្នូលរបស់ គ្រូបង្រៀន ក្នុងការបណ្តុះសម្បទាគ្រប់ជ្រុងជ្រោយដល់យុវជន ដើម្បីអាចឆ្លើយតបទៅនឹងបរិបទពិភពលោកដែលកំពុងប្រែប្រួលឥតឈប់ឈរ។
បើតាមគេហទំព័រក្រសួងអប់រំ គ្រូបង្រៀន៣រូប ទទួលបានពានរង្វាន់ "ព្រះភិរម្យភាសាអ៊ូ ហៅង៉ុយ" ផ្នែកស្មូតកំណាព្យ រួមមាន ជ័យលាភីលេខ១ បានទៅលើ លោក រួញ ភារិន គ្រូបង្រៀន បឋមសិក្សាទ្រុងខ្លា មកពីបាត់ដំបង ជ័យលាភីលេខ២ បានទៅលើ លោក ភឿន សុផល គ្រូបង្រៀន វិទ្យាល័យអង្គរជុំ មកពីខេត្តសៀមរាប និងជ័យលាភីលេខ៣បានទៅលើ លោក ពៅ សុខចាន់ គ្រូបង្រៀន អនុវិទ្យាល័យចំរើនវិជ្ជា មកពីខេត្តត្បូងឃ្មុំ។ ចំណែកឯ ពានរង្វាន់ "សម្តេចព្រះសង្ឃរាជ ជួន ណាត" ផ្នែកតែងនិពន្ធ ជ័យលាភីលេខ១បានទៅលើ លោក ជួន ខ្មៅ គ្រូបង្រៀន វិទ្យាល័យ ច.ប. ក្រុងព្រះសីហនុ មកពីខេត្តព្រះសីហនុ លោក ឃុន ផានិត គ្រូបង្រៀន វិទ្យាល័យ ហ៊ុន សែន ចំការដូងបានជ័យលាភីលេខ២មកពីខេត្តកែប និងលេខ៣បានទៅលើ លោក សោ គឹមស្រូយ គ្រូបង្រៀន បឋមសិក្សា ប៊ុនរ៉ានី ហ៊ុនសែន អង្គចង្អេរ មកពីខេត្តតាកែវ។
គួរបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងទាំងពីរនេះ ត្រូវបានរៀបចំឡើង ដើម្បីចូលរួមចំណែកលើកស្ទួយ និងអភិរក្សអក្សរសាស្ត្រ និងភាសាខ្មែរ រំលឹកគុណនិងស្នាដៃវីរជនអក្សរសាស្ត្រជាតិ តាមរយៈការលើកទឹកចិត្ត និងផ្តល់វេទិកាដល់កវី និងអ្នកស្មូត ក៏ដូចជាបង្កើតឱកាសសម្រាប់អ្នកដែលមានទេពកោសល្យលើផ្នែកតែងនិពន្ធ និងស្មូតកំណាព្យ បានបង្ហាញសមត្ថភាព ទទួលបានការទទួលស្គាល់និងពានរង្វាន់។ កម្មវិធីនេះ ក៏មានគោលដៅជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជនខ្មែរ ចាប់អារម្មណ៍ បណ្ដុះស្មារតីស្រឡាញ់ និងចូលរួមក្នុងការតែងនិពន្ធ ដើម្បីថែរក្សាអក្សរសាស្ត្រជាតិឱ្យបានគង់វង្ស និងរីកចម្រើន៕