ភ្នំពេញ៖ តាំងពីអាយុ១៣ ឆ្នាំ យុវតី ធា ម៉ារិន ចាកចេញពីគ្រួសារនៅស្រុក ដើម្បីស្នាក់នៅក្នុងបន្ទប់ជួលម្នាក់ឯងក្បែរវិទ្យាល័យព្រះគោ នៅខេត្តស្ទឹងត្រែង ព្រោះតែចម្ងាយផ្លូវពីផ្ទះមកសាលាមានចម្ងាយជាង ៧០ គីឡូម៉ែត្រ។ ចប់បាក់ឌុប២០២៦នេះ ក្រោយមិនទទួលបានអាហារូបករណ៍ ម៉ារិន និងគ្រួសារបានសម្រេចលក់ម៉ូតូតម្លៃ ៧០០ដុល្លារ ដើម្បីអាចបន្តក្តីស្រមៃមករៀននៅភ្នំពេញ។ បច្ចុប្បន្ន ម៉ារិន កំពុងសិក្សាឆ្នាំទី១ ជំនាញនីតិសាស្ត្រ និងមានក្តីស្រមៃចង់ក្លាយជាស្ត្រីម្នាក់ដែលមានចំណេះដឹង ភាពក្លាហាន និងសមត្ថភាពចូលរួមបម្រើសង្គម។
នៅក្នុងវ័យដែលក្មេងៗភាគច្រើនមិនទាន់ស្គាល់ការទទួលខុសត្រូវលើជីវិតប្រចាំថ្ងៃផ្ទាល់ខ្លួន ម៉ារិនត្រូវរៀនធ្វើម្ហូប បោកគក់ រៀបចំការរស់នៅ និងគ្រប់គ្រងការចំណាយដោយខ្លួនឯង។ រយៈពេល ៦ ឆ្នាំ ចាប់ពីថ្នាក់ទី៧ រហូតដល់ទី១២ បន្ទប់ជួលដ៏ស្ងប់ស្ងាត់បានក្លាយជាផ្ទះរបស់នាង ខណៈភាពឯកាបានក្លាយជាផ្នែកមួយនៃជីវិត។ ប៉ុន្តែមានរឿងមួយដែលមិនដែលផ្លាស់ប្តូរ៖ បំណងប្រាថ្នាចង់រៀន និងក្តីស្រមៃចង់មានអនាគតល្អប្រសើរ។
ក្រោយប្រឹងប្រែងបញ្ចប់ថ្នាក់ទី១២ ម៉ារិនបានដាក់ពាក្យសុំអាហារូបករណ៍ទៅសាលាជាច្រើន ដោយសង្ឃឹមថា អាហារូបករណ៍នឹងជួយសម្រាលបន្ទុកគ្រួសារ និងអនុញ្ញាតឱ្យនាងបន្តការសិក្សានៅភ្នំពេញ ប៉ុន្តែក្តីសង្ឃឹមនោះមិនបានក្លាយជាការពិត។ ម៉ារិន បានថ្លែង «ពេលដែលខ្ញុំអត់ឃើញឈ្មោះនៅក្នុងផេកក្រសួងជាប់អាហារូបករណ៍ គឺមានអារម្មណ៍ថាស្តាយខ្លាំងមែនទែន»។ ការខកចិត្តមិនមែនកើតឡើងដោយសារតែនាងខ្លាចបោះបង់ការសិក្សានោះទេ។ ផ្ទុយទៅវិញ នាងបានគិតភ្លាមៗថា ប្រសិនបើគ្មានអាហារូបករណ៍ នាងនឹងរកការងារធ្វើបណ្តើរ និងរៀនបណ្តើរ ដើម្បីបន្តក្តីស្រមៃរបស់ខ្លួន។ សម្រាប់ម៉ារិន អាហារូបករណ៍មានន័យធំជាងការជួយខ្លួនឯង។ ក្នុងនាមជាកូនស្រីទី៣ ក្នុងចំណោមបងប្អូន៥នាក់ នាងចង់សន្សំប្រាក់ឱ្យបានខ្លះ ដើម្បីឱ្យប្អូនៗពីរនាក់ដែលនៅក្រោយនាង អាចបន្តការសិក្សាបានពេញលេញដូចគ្នា។
ក្រោយលទ្ធផលអាហារូបករណ៍មិនមានឈ្មោះ ម៉ារិន គ្រួសាររបស់ម៉ារិនបានព្យាយាមស្វែងរកលទ្ធភាពហិរញ្ញវត្ថុគ្រប់ច្រកល្ហក ដើម្បីឱ្យកូនស្រីអាចបន្តការសិក្សា តែថវិកាទាំងនោះពុំគ្រប់គ្រាន់ដើម្បីបញ្ជូននាងមកភ្នំពេញនោះឡើយ។ ហេតុនេះ ជម្រើសមួយដែលនៅសល់ គឺលក់ម៉ូតូរបស់ម៉ារិន ដែលឪពុកម្តាយរបស់នាងបានខិតខំសន្សំប្រាក់អស់ជាច្រើនឆ្នាំ ដើម្បីទិញឱ្យនាងកាលពីរៀនថ្នាក់ទី១០។ សម្រាប់ម៉ារិន នេះមិនមែនជាការលះបង់ទេ ប៉ុន្តែជាការដោះដូរមួយរវាងអ្វីដែលមានតម្លៃនៅថ្ងៃនេះ និងអនាគតដែលនាងចង់បាន។ ម៉ារិន បាននិយាយថា «ខ្ញុំគិតថា មានតែចំណេះដឹងទេដែលអាចឱ្យយើងមានអនាគតទៅមុខ»។
ការមករស់នៅភ្នំពេញមិនមែនជារឿងងាយស្រួលសម្រាប់យុវតីម្នាក់ដែលធ្លាប់រស់នៅឆ្ងាយពីទីក្រុងនោះឡើយ។ ប៉ុន្តែបទពិសោធន៍តាំងពីអាយុ១២ឆ្នាំ បានធ្វើឱ្យនាងស្គាល់ការរស់នៅដោយខ្លួនឯងរួចទៅហើយ។ក្រោយចូលរៀននៅភ្នំពេញ ម៉ារិនបន្តធ្វើម្ហូបដោយខ្លួនឯង ស្វែងរកការរៀនតាមប្រព័ន្ធអនឡាញ និងរៀនបន្ថែមនៅផ្ទះក្រៅម៉ោងសិក្សា។
ក្រោយមករស់នៅភ្នំពេញបានជិត១ខែ យុវតី ម៉ារិន ទទួលស្គាល់ថា នឹកផ្ទះ ប៉ុន្តែក្តីនឹករលឹកមិនអាចធ្វើឱ្យនាងបោះបង់ក្តីស្រមៃបានឡើយ។ បច្ចុប្បន្ន ម៉ារិនកំពុងសិក្សាឆ្នាំទី១ ជំនាញ នីតិសាស្ត្រ នៅសាកលវិទ្យាល័យធនធានមនុស្ស ក្នុងរាជធានីភ្នំពេញ។ ការជ្រើសរើសជំនាញច្បាប់ គឺដោយសារនាងមើលឃើញថា វាមានសារៈសំខាន់សម្រាប់សង្គម និងបើកឱកាសការងារបានទូលំទូលាយ។
ពីក្មេងស្រីម្នាក់ដែលធ្លាប់អង្គុយយំក្នុងបន្ទប់ជួលចម្ងាយជាង ៧០ គីឡូម៉ែត្រពីផ្ទះ រហូតដល់យុវតីដែលហ៊ានលះបង់ម៉ូតូតម្លៃ ៧០០ ដុល្លារ ដើម្បីបន្តការសិក្សា ដំណើររបស់ម៉ារិនបានបង្ហាញថា ការអប់រំសម្រាប់យុវជនមួយចំនួន គឺត្រូវបានស្តែងចេញ ដោយការតស៊ូ និងការលះបង់យ៉ាងធំធេង។ ម៉ារិន ចង់ផ្ញើសារទៅកាន់សិស្ស និងយុវជន ជាពិសេសក្មេងស្រីដែលកំពុងមានក្តីស្រមៃថា កុំឱ្យការភ័យខ្លាចក្លាយជាឧបសគ្គ។ ម៉ារិន បានគូសបញ្ជាក់ថា «ខ្ញុំចង់ផ្តាំផ្ញើទៅកាន់សិស្សប្អូន ក៏ដូចជាយុវជន ជាពិសេសស្ត្រី និងក្មេងស្រី ចង់ឱ្យគាត់មានភាពក្លាហាន មានភាពរឹងមាំ ហើយកុំភ័យខ្លាចក្នុងការមករស់នៅម្នាក់ឯង។ ការរស់នៅម្នាក់ឯង អាចធ្វើឱ្យមនុស្សម្នាក់ស្គាល់អត្ថន័យជីវិតកាន់តែច្រើន និងកសាងជំហររឹងមាំដោយខ្លួនឯង។»
ពីក្មេងស្រីម្នាក់នៅខេត្តស្ទឹងត្រែង ដែលចាកចេញពីផ្ទះតាំងពីអាយុ១២ឆ្នាំ ម៉ារិន កំពុងដើរលើផ្លូវមួយដែលនាងជឿថា អាចនាំនាងទៅរកអនាគតដែលខ្លួនចង់បាន គឺអនាគតក្នុងនាមជាស្ត្រីម្នាក់ដែលមានចំណេះដឹង ភាពក្លាហាន និងសមត្ថភាពចូលរួមបម្រើសង្គម៕