ភ្នំពេញ៖ យុវជនកម្ពុជា ៤រូប នឹងចូលរួមជាគណៈប្រតិភូតំណាងកម្ពុជា ទៅពិភាក្សាចរចាអំពីគោលនយោបាយ ដើម្បីស្វែងរកចំណុចរួមលើបញ្ហាដែលពាក់ព័ន្ធនឹងអនាគតអាស៊ានជាមួយយុវជនអាស៊ានដទៃទៀត នៅក្នុងកម្មវិធី «កិច្ចប្រជុំគំរូនៃមហាសន្និបាតអន្តរសភាអាស៊ាន លើកទី ៦» នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦។
កម្មវិធីនេះ នឹងផ្តល់ឱកាសដល់យុវជនអាស៊ានចូលរួមពិភាក្សា និងចរចាលើបញ្ហាគោលនយោបាយ ពាក់ព័ន្ធនឹងអនាគតអាស៊ាន ព្រមទាំងស្វែងរកចំណុចរួម និងផ្លាស់ប្តូរទស្សនៈជាមួយយុវជនមកពីបណ្តាប្រទេសអាស៊ាន ព្រមទាំងនឹងមានការចូលរួមពីថ្នាក់ដឹកនាំអាស៊ានទាំង១០ប្រទេស និងមានតំណាងមកពីប្រទេសចំនួន២៥ផ្សេងទៀតនឹងចូលរួមជាអ្នកចូលរួមអង្កេត។ យុវជនទាំង៤រូប នឹងចូលរួមផ្នែកមួយនៃកម្មវីធីដែលជាកិច្ចសន្ទនាយុវជនលើឆាកអន្តរជាតិ តំណាងកម្ពុជា។
យុវតីទាំង ៤រូបដែលនឹងចូលរួម រួមមាន យុវតី សម្ភស្ស កន្និថា, យុវតី ឃឿន សៀវម៉ី, សេង លីងអ៊ឺ ដែលអ្នកទាំងបីជានិស្សិតនៅ វិទ្យាស្ថាន សិក្សាអន្តរជាតិនិងគោលនយោបាយសាធារណៈ សិក្សាជំនាញទំនាក់ទំនងអន្តរជាតិ, និងយុវជនឈ្មោះ ហុង ស៊ីនួន ជានិស្សិត សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សិក្សាជំនាញ ការគ្រប់គ្រងអាជីវកម្ម និងសេដ្ឋកិច្ច។
កញ្ញា សម្ភស្ស កន្និថា ដែលជាប្រធានគណៈប្រតិភូកម្ពុជា បានឱ្យដឹងថា ការចូលរួម Model AIPA នឹងជួយឱ្យនាងស្វែងយល់កាន់តែច្បាស់ពីដំណើរការប្រជុំ ការចរចា និងការសម្រេចចិត្តក្នុងក្របខណ្ឌសភាអាស៊ាន ព្រមទាំងអភិវឌ្ឍជំនាញដឹកនាំ ការបង្ហាញទស្សនៈ និងការស្វែងរកចំណុចរួមជាមួយប្រតិភូមកពីប្រទេសផ្សេងៗ។ នាងក៏រំពឹងថា បទពិសោធន៍នេះនឹងជួយពង្រឹងចំណេះដឹងផ្នែកនយោបាយ ការទូត និងទំនាក់ទំនងអន្តរជាតិ ដើម្បីរួមចំណែកដល់កិច្ចសហប្រតិបត្តិការ និងសន្តិភាពក្នុងតំបន់។
ចំណែក កញ្ញា ឃឿន សៀវម៉ី រំពឹងថា នឹងទទួលបានបទពិសោធន៍ជាក់ស្តែងពាក់ព័ន្ធនឹងការទូត និងការដោះស្រាយបញ្ហា ព្រមទាំងអភិវឌ្ឍជំនាញនិយាយជាសាធារណៈ ការគិតវិភាគ និងការអនុវត្តចំណេះដឹងផ្នែកការទូត។
កញ្ញា សេង លីងអ៊ឺ បានលើកឡើងថា កម្មវិធីនេះនឹងជួយឱ្យនាងយល់កាន់តែច្បាស់ពីរបៀបវារៈ និងដំណើរការរបស់ប្រតិភូនៅក្នុងអង្គប្រជុំ ព្រមទាំងបង្កើនចំណេះដឹងផ្នែកនយោបាយ និងការទូត ដែលអាចយកទៅអនុវត្តក្នុងការសិក្សា និងការងារផ្នែកទំនាក់ទំនងអន្តរជាតិ។
ដោយឡែក លោក ហុង ស៊ីនួន រំពឹងថា នឹងបង្កើនចំណេះដឹងអំពីកិច្ចសហប្រតិបត្តិការអាស៊ាន និងការវិនិយោគប្រកបដោយចីរភាព ពង្រឹងជំនាញទំនាក់ទំនង និងការចរចា ព្រមទាំងផ្លាស់ប្តូរគំនិតជាមួយប្រតិភូអាស៊ាន និងចូលរួមបង្ហាញទស្សនៈរបស់កម្ពុជាចំពោះការអភិវឌ្ឍក្នុងតំបន់។
កម្មវិធី «កិច្ចប្រជុំគំរូនៃមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៦» នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «Navigating ASEAN’s Future: Building a Peaceful, Prosperous, and People-Centred ASEAN» ឬ «រួមគ្នាឆ្ពោះទៅអនាគតអាស៊ាន៖ កសាងអាស៊ានប្រកបដោយសន្តិភាព វិបុលភាព និងផ្តោតលើប្រជាជន»៕