Swift cc time

ក្រសួងអប់រំ បន្តរឹតបន្តឹងកំណែទម្រង់ការសិក្សាថ្នាក់បណ្ឌិត ដើម្បីលើកកម្ពស់គុណភាពស្រាវជ្រាវឱ្យឆ្លើយតបនឹងស្ដង់ដាអន្តរជាតិ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងអប់រំ បន្តជំរុញនូវកំណែទម្រង់ការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតនៅកម្ពុជា សំដៅពង្រឹងគុណភាព និងលើកកម្ពស់តម្លៃសញ្ញាបត្រឱ្យស្របតាមស្ដង់ដាតំបន់ និងអន្តរជាតិ ឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចផ្អែកលើចំណេះដឹង។ នេះជាការលើកឡើងរបស់ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ក្នុងឱកាសដឹកនាំកិច្ចប្រជុំស្ដីពី «ការពិនិត្យវឌ្ឍនភាពនៃកំណែទម្រង់ការសិក្សាថ្នាក់បណ្ឌិត» នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា ការពង្រឹងគុណភាពអប់រំកម្រិតបណ្ឌិតឱ្យបានគត់មត់ មិនត្រឹមតែជួយលើកកម្ពស់កិត្យានុភាពសញ្ញាបត្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយគម្លាតសមត្ថភាពអប់រំ និងការស្រាវជ្រាវជាមួយបណ្ដាប្រទេសជិតខាងផងដែរ។ ការងារនេះជាទិសដៅយុទ្ធសាស្ត្រគន្លឹះក្នុងការកសាងធនធានមនុស្សសតវត្សរ៍ទី២១ ឆ្ពោះទៅជំរុញសេដ្ឋកិច្ចផ្អែកលើចំណេះដឹង (Knowledge-based Economy) ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ដើម្បីឱ្យការអនុវត្តកំណែទម្រង់នេះកាន់តែមានប្រសិទ្ធភាព រដ្ឋមន្រ្តីក្រសួងអប់រំ បានដាក់ចេញនូវអនុសាសន៍ណែនាំសំខាន់ៗមួយចំនួនដល់ក្រុមការងារជំនាញ។ លោកបានណែនាំឱ្យរៀបចំឡើងវិញនូវយន្តការត្រួតពិនិត្យគុណភាព និងស្ដង់ដានិក្ខេបបទថ្នាក់បណ្ឌិតឱ្យបានច្បាស់លាស់ និងម៉ឺងម៉ាត់។ ព្រមជាមួយគ្នានេះ ក្រុមការងារត្រូវពន្លឿនការរៀបចំសេចក្ដីណែនាំស្ដីពីការធ្វើនិក្ខេបបទ និងវិធីសាស្ត្រស្រាវជ្រាវសម្រាប់កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ទាំងការបណ្ដុះបណ្ដាលផ្ទាល់នៅថ្នាក់ និងតាមប្រព័ន្ធអនឡាញ។ បន្ថែមពីនេះ ក្រុមការងារក៏ត្រូវរៀបចំបញ្ជីឈ្មោះគ្រឹះស្ថានអប់រំទាំងអស់ដែលផ្ដល់សញ្ញាបត្របណ្ឌិតឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីត្រៀមចុះធ្វើអធិការកិច្ចពិនិត្យគុណភាពបណ្ដុះបណ្ដាលជាក់ស្ដែងផងដែរ។

ទន្ទឹមនឹងនេះ លោក ក៏បានសង្កត់ធ្ងន់លើការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដោយតម្រូវឱ្យក្រុមការងារបន្តប្រមូលផ្តុំរាល់ស្នាដៃនិក្ខេបបទពីគ្រប់សាកលវិទ្យាល័យរដ្ឋ និងឯកជនទូទាំងប្រទេស យកមកតម្កល់ទុកនៅ «បណ្ណាល័យសម្ដេចព្រះសង្ឃរាជ ជួន ណាត» សំដៅលើកកម្ពស់ស្នាដៃស្រាវជ្រាវរបស់បញ្ញវន្តខ្មែរ ជំរុញការចែករំលែកពុទ្ធិក្នុងសង្គម និងធានាការថែរក្សាទុកនូវកេរដំណែលចំណេះដឹងទាំងនេះឱ្យបានគង់វង្សយូរអង្វែងពីមួយជំនាន់ទៅមួយជំនាន់៕

Khcct banner

អត្ថបទទាក់ទង