ភ្នំពេញ៖ យុវតី ដែលជាសិស្សវិទ្យាល័យ ចំនួន ៣រូប បានចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សា Homestay Program 2026 នៅជប៉ុន ពីថ្ងៃទី ២៩ ខែកញ្ញា ដល់ថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៦ ដើម្បីឈ្វេងយល់ពីប្រព័ន្ធអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវប្បធម៌របស់ជប៉ុន។
យោងតាមគេហទំព័រ សមាគមអតីតនិស្សិតកម្ពុជាពីប្រទេសជប៉ុន (JAC) កម្មវិធីនេះបានរួមចំណែកលើកកម្ពស់ការយល់ដឹងទៅវិញទៅមកក្នុងចំណោមយុវជនអាស៊ីបូព៌ា ព្រមទាំងបង្កើតមិត្តភាពថ្មីៗ តាមរយៈការផ្លាស់ប្តូរផ្នែកអប់រំ វប្បធម៌ និងបទពិសោធន៍អន្តរជាតិ។ សិស្សទាំង៣រូប មានពីររូបរៀនថ្នាក់ទី១០ និង១រូប រៀនថ្នាក់ទី១១។
បើតាមបញ្ជីរាយនាមសិស្សដែលបានជាប់ជាស្ថាពរសម្រាប់កម្មវិធីផ្លាស់ប្តូរការសិក្សានេះក្នុងគេហទំព័ររបស់ JAC សិស្សទាំង៣រូប ប៊ី ចន្ទបូរមី សិទ្ធវីន សុនីសា និងសួន ម៉ាណា ដែលបានឆ្លងកាត់ការដាក់ពាក្យ និងសម្ភាសជម្រុះ១៥នាក់ចុងក្រោយ រហូតក្លាយជាសិស្សដែលបានតំណាងកម្ពុជាចូលរួម Homestay Program 2026 នៅជប៉ុន ពីថ្ងៃទី ២៩ ខែកញ្ញា ដល់ថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៦ ជាមួយសិស្សមកពីអាស៊ីបូព៌ាផ្សេងទៀត។
ក្នុងរយៈពេលមួយសប្តាហ៍នេះ សិស្សទាំង៣រូប បានសិក្សាស្វែងយល់អំពីប្រព័ន្ធអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវប្បធម៌របស់ប្រទេសជប៉ុន តាមរយៈសកម្មភាពជាច្រើន រួមមាន៖ សាកលវិទ្យាល័យតូក្យូ (Graduate School of Engineering) Miraikan (សារមន្ទីរជាតិវិទ្យាសាស្ត្រ និងនវានុវត្តន៍) មជ្ឈមណ្ឌលភស្តុភារ Haneda Chronogate វិទ្យាល័យ Koishikawa Secondary Education School ដំណើរទស្សនកិច្ចវប្បធម៌នៅ Asakusa ដំណើរទស្សនកិច្ចនៅ Shinjuku និង Shibuya និងពិធីប្រគល់ពានរង្វាន់ កម្មវិធីស្វាគមន៍ និងកិច្ចប្រជុំប្រចាំខែរបស់ EACAT៕