Swift cc time

ក្រុម EnergyFlow ជាប់ជ័យលាភីក្នុងកម្មវិធី DGIy ក្រោយបង្កើតដំណោះស្រាយឌីជីថល ជួយសម្រួលអ្នកប្រើប្រាស់រថយន្តអគ្គិសនី (EV) ស្វែងរកស្ថានីយសាកថ្ម

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រុម EnergyFlow ទទួលបានជ័យលាភីលេខ១ ក្នុងកម្មវិធី Digital and Green Innovation – Youth (DGIy) ក្រោយបានបង្កើតកម្មវិធីទូរស័ព្ទដៃ MOVIA ជាវេទិកាទិន្នន័យចល័តភាពសម្រាប់យានយន្តអគ្គិសនី ជួយសម្រួលទាំងអ្នកប្រើប្រាស់រថយន្តអគ្គិសនី (EV) ស្វែងរកស្ថានីយសាកថ្ម និងប្រតិបត្តិករស្វែងយល់ពីតម្រូវការ ដើម្បីជួយកំណត់ទីតាំង និងសមត្ថភាពរបស់ស្ថានីយ។

ក្រុម EnergyFlow ទទួលបានជោគជ័យ ក្រោយបានប្រកួតប្រជែងជាមួយយុវជន ៥ក្រុមផ្សេងទៀត។ ក្រុម EnergyFlow បានរកឃើញគម្លាតមួយនៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃយានយន្តអគ្គិសនី (EV) ដោយអ្នកបើកបរមិនអាចរៀបចំផែនការធ្វើដំណើរដោយផ្អែកលើភាពអាចរកបាននៃស្ថានីយសាកថ្មបានត្រឹមត្រូវនោះទេ ហើយប្រតិបត្តិករស្ថានីយសាកថ្មក៏ខ្វះព័ត៌មានជាក់ស្តែង អំពីទីតាំងដែលមានតម្រូវការសាកថ្មផងដែរ។

ក្រោយមើលឃើញបញ្ហានេះ ក្រុម EnergyFlow បានបង្កើតនូវដំណោះស្រាយមានឈ្មោះថា MOVIA គឺជាវេទិកាទិន្នន័យចល័តភាពសម្រាប់យានយន្តអគ្គិសនី ដែលបម្រើដល់ភាគីទាំងពីរតាមរយៈប្រព័ន្ធទិន្នន័យរួមតែមួយ។ វាផ្តល់ជូនអ្នកបើកបរនូវការណែនាំផ្លូវធ្វើដំណើរដែលគិតគូរពីកម្រិតថាមពលថ្ម និងភាពអាចរកបាននៃស្ថានីយសាកថ្ម ហើយផ្តល់ជូនប្រតិបត្តិករនូវព័ត៌មានជាក់ស្តែងអំពីតម្រូវការ ដើម្បីជួយកំណត់ទីតាំង និងសមត្ថភាពរបស់ស្ថានីយ។ អ្វីដែលធ្វើឱ្យវិធីសាស្រ្តរបស់ពួកគេមានលក្ខណៈពិសេសនោះគឺ វាចាប់ផ្តើមពីទិន្នន័យនៃការធ្វើដំណើរ មិនមែនចាប់ផ្តើមពីការស្វែងរក ឬការកក់ស្ថានីយសាកថ្មនោះទេ។

EnergyFlow ដែលជាក្រុមទទួលបានជ័យលាភី ទទួលបានរង្វាន់ធំ ជាដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ផ្នែកនវានុវត្តន៍ថ្នាក់តំបន់រយៈពេល ៣ថ្ងៃ នៅប្រទេសឥណ្ឌូណេស៊ី ក្នុងខែតុលា ឆ្នាំ២០២៦ ដោយទទួលបានការរ៉ាប់រងលើការចំណាយទាំងអស់៕

Khcct banner

អត្ថបទទាក់ទង