ភ្នំពេញ៖ នៅក្នុងខេត្តសៀមរាប ក្រៅពីការទស្សនានៅតាមប្រាង្គប្រាសាទ និងការកម្សាន្តនៅរមណីយដ្ឋានអង្គរ កំពង់ភ្លុកក៏ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលទាក់ទាញ និងពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តជាតិ ដែលចង់ទទួលបានបទពិសោធន៍ប្លែកអារម្មណ៍ តាមរយៈការជិះទូកតាមព្រៃលិចទឹកស្រូបយកខ្យល់អាកាស និងគយគយគន់ជីវភាពរស់នៅប្រជាជន ព្រមទាំងទិដ្ឋភាពលំនៅឋានលើទឹករាប់រយខ្នង នាឱកាសភ្ជុំបិណ្ឌ។
កំពង់ភ្លុក គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលស្ថិតនៅក្នុងស្រុកបាគង ខេត្តសៀមរាប។ រមណីយដ្ឋានមួយនេះ មានភាពលេចធ្លោដោយសារទិដ្ឋភាពផ្ទះលើទឹកដែលមានសរសរខ្ពស់ៗ សង់ប្របនៅមាត់បឹងទន្លេសាប និងភាពខៀវស្រងាត់នៃធម្មជាតិនៅទីនោះ។ ជាមួយគ្នា ភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិអាចលំហែរអារម្មណ៍តាមរយៈការជិះទូកកម្សាន្តទៅកាន់ព្រៃលិចទឹកស្រូបយកខ្យល់អាកាស និងទស្សនាថ្ងៃលិចបានទៀតផង។ ជាពិសេស នៅក្នុងរដូវភ្ជុំបិណ្ឌ ដែលជាខែទឹកឡើងខ្ពស់ ធ្វើឱ្យសម្រស់រមណីយដ្ឋានធម្មជាតិមួយនេះ កាន់តែស្រស់បំព្រងប្រៀបបាននឹងកញ្ចក់ឆ្លុះព្រៃព្រឹក្សា។
លោក គង់ ថាញ់ឡុង សមាជិកសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុកបានឱ្យដឹងថា នារដូវភ្ជុំបិណ្ឌនេះ គឺជាពេលមួយដែលកំពង់ភ្លុកឈានដល់ចំណុចមួយដែលស្អាតបំផុត ដែលកំពុងទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចូលទស្សនា។ លោកបានថ្លែងថា ទូកទេសចរណ៍តូចធំជាច្រើន ត្រូវបានរៀបចំត្រៀមរួចជាស្រេច ដើម្បីនាំភ្ញៀវធ្វើដំណើរកាត់តាមផ្លូវទឹក ឆ្ពោះទៅកាន់ព្រៃលិចទឹកដ៏ធំល្វឹងល្វើយ ដែលជាសម្បត្តិធម្មជាតិដ៏កម្ររបស់បឹងទន្លេសាប ហើយសហគមន៍ទេសចរណ៍កំពង់ភ្លុក ក៏បានរសុវត្ថិរៀបចំខ្លួនរួចជាស្រេចក្នុងការ ការពារសុវត្ថិភាពភ្ញៀវទេសចរ និងការរក្សាបរិស្ថាននិង អនាម័យ ផងដែរ។
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)
លោកបន្ថែមថា ប្រជាសហគមន៍មានក្តីសង្ឃឹមថា ចរន្តភ្ញៀវទេសចរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ នឹងមានការកើនឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីស្ថានភាពទឹកអំណោយផល និងមានការផ្សព្វផ្សាយកាន់តែទូលំទូលាយអំពីសក្ដានុពលទេសចរណ៍របស់តំបន់។ លោកបានសង្កត់ធ្ងន់ផងដែរថា «កំណើនភ្ញៀវទេសចរនេះ នឹងរួមចំណែកបង្កើនចំណូលដល់គ្រួសារប្រជាពលរដ្ឋក្នុងសហគមន៍ និងជួយលើកស្ទួយសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរឹងមាំថែមទៀត»៕