ភ្នំពេញ៖ យុវជន អ៊ឹង អ៊ិនពិសិដ្ឋ ជាសិស្សដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ នៅក្នុងវ័យ ១៨ ឆ្នាំយុវជនរូបនេះ បានក្លាយជាស្ថាបនិកគម្រោងធំៗ ចំនួនពីរគឺ មូលនិធិសប្បុរសធម៌ ដែលជាការបង្កើតនូវសកម្មភាព ដើម្បីរៃអង្គាសថវិកាជួយដល់អ្នកដែលមានជីវភាពខ្វះខាត និងស្ថាប័នត្រូវការជំនួយ និងគម្រោង Romduol Scholar ដែលជាគម្រោងដែលបង្កើតឡើងជាលក្ខណៈប្រកួតប្រជែង ដើម្បីឱ្យសិស្សប្រកួតគ្នាដណ្តើមអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស។ យុវជនរូបនេះ បានបង្កើតគម្រោងដំបូងដែលជា គម្រោងមូលនិធិសប្បុរសធម៌រំដូល ចាប់តាំងពីខ្លួន មានអាយុ ១៥ឆ្នាំមកម្លេះ។
នៅក្នុងបទសម្ភាសជាមួយ ស៊ីស៊ីថាមស៍ ពិសិដ្ឋ បានថ្លែងថា នៅក្នុងចំណោមគម្រោងទាំងពីរនេះ គាត់ស្រលាញ់គម្រោង Romduol Scholar Challenge នៃ គម្រោង Romduol Scholar ជាងគេ ព្រោះវាបានគឺជាវេទិការមួយដែលសិស្សានុសិស្សអាចប្រកួតប្រជែង ដើម្បីដណ្តើមអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ហើយកាលពីរដូវកាលមុន មានសិស្សានុសិស្សចូលរួមប្រកួតសរុបជាង ១០០០០នាក់។
យុវជនរូបនេះ បានរៀបរាប់ថា កាលពីចាប់ផ្តើមដំបូង វាមិនមានភាពងាយស្រួលទេសម្រាប់គាត់ កាន់តែពិបាកគឺនៅក្នុងវ័យសិក្សា។ ប៉ុន្តែ ដើម្បីជម្នះវាបាន ពិសិដ្ឋ បានដាក់គោលដៅថា ត្រូវតែជម្នះវាឱ្យបាន។ គាត់បាននិយាយថា “ បើខ្ញុំបានដាក់គោលដៅហើយ វាមានជម្រើសតែពីរទេសម្រាប់ខ្ញុំ គឺទី១ សុខចិត្តមិនធ្វើអ្វីទាំងអស់ និងទទួលយកបរាជ័យទាំងស្រុង និងទី២ ទោះបីនៅក្នុងការងារនេះ មានភាពជោជ័យតែ ១ភាគរយ ក៏ខ្ញុំត្រូវតែធ្វើវា និងឈានទៅមុខដែរ ហើយព្យាយាមដោះស្រាយបញ្ហា និងឧបសគ្គដែលខ្ញុំបានជួបប្រទះ និងសិក្សាពីកំហុសរបស់ខ្ញុំ យកមកអភិវឌ្ឍខ្លួនគ្រប់ជំហានដែលខ្ញុំដើរ”។
ជាមួយគ្នានេះ ពិសិដ្ឋក៏បានឱ្យដឹងថា នៅពេលរៀបចំវេទិកាប្រកួតប្រជែងមួយវាមិនងាយស្រួលទេ ជាពិសេសនៅវ័យក្មេង ជាមួយនឹងក្រុមការងារដែលមានភាពវ័យក្មេងដូចគ្នា ហើយគាត់បានប្រៀបប្រដូចពួកគេ ដូចជាគ្រួសារតូចរបស់គាត់អីចឹង។ ដូច្នេះហើយ អ្វីដែលគាត់អាចធ្វើបានគឺធ្វើយ៉ាងណា ឱ្យក្រុមការងារទាំងអស់សប្បាយចិត្ត ដើម្បីឱ្យការងារមានភាពរលូន។
ជាចុងក្រោយ ស្ថាបនិកវ័យក្មេងរូបនេះ បានប្រាប់មកស៊ីស៊ីថាមស៍ថា គោលដៅបន្ទាប់របស់គាត់ គឺធ្វើយ៉ាងណាឱ្យយុវជន និងសិស្សានុសិស្សទាំងអស់មានឱកាសស្មើៗគ្នា នៅក្នុងផ្នែកអប់រំ ដោយមិនកំណត់ពីជីវភាព និងកន្លែងរស់នៅ។ គាត់សង្កត់ធ្ងន់ ជាពិសេសគឺការអភិវឌ្ឍបន្ថែមឱ្យបានទៅដល់តំបន់ដាច់ស្រយាល ដោយមើលឃើញពីគម្លាត នៃការទទួលបានឱកាសរវាងសិស្សនៅទីក្រុង ទីប្រជុំជន និងសិស្សនៅបណ្តាទីដាច់ស្រយាលនានា៕