ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកកម្មវិធីសិក្សា និងការបង្រៀនកម្រិតមធ្យមសិក្សា សម្រាប់ឆ្នាំសិក្សា២០២៧-២០២៩ ចំនួន ១៥០កន្លែង ជូនដល់គ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យា និងមុខវិជ្ជា វិទ្យាសាស្ត្រ ដែលកំពុងបម្រើការងារនៅគ្រឹះស្ថានមធ្យមសិក្សាគោលដៅចំនួន ២៥៩ របស់គម្រោង SE4HC ដោយផ្តល់អាទិភាព ២៥% សម្រាប់បេក្ខជនជាស្ត្រី ដើម្បីចូលរៀននៅមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
កម្មវិធីអាហារូបករណ៍នេះ ផ្តោតលើមុខជំនាញចំនួន៥ រួមមាន៖ ឯកទេសអប់រំ រូបវិទ្យា, គណិតវិទ្យា, គីមីវិទ្យា, ជីវវិទ្យា និងផែនដី និងបរិស្ថានវិទ្យា។ កម្មវិធីសិក្សានេះ មានរយៈពេលសិក្សា ២ឆ្នាំ (សរុប ៤៥ ក្រេឌីត) ដោយរួមបញ្ចូលការសិក្សាផ្ទាល់ និង ការចុះពិសោធន៍ជាក់ស្តែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងការសិក្សាតាមប្រព័ន្ធអនឡាញ។
ដើម្បីដាក់ពាក្យអាហារូបករណ៍នេះ បេក្ខជនត្រូវតែបច្ចុប្បន្នកំពុងបម្រើការជាគ្រូបង្រៀនមធ្យមសិក្សាមុខវិជ្ជាគណិតវិទ្យា និងមុខវិជ្ជាវិទ្យាសាស្ត្រ (រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងផែនដី និងបរិស្ថានវិទ្យា) នៅគ្រឹះស្ថានសិក្សាគោលដៅចំនួន ២៥៩, មានសញ្ញាបត្របរិញ្ញាបត្រផ្នែកគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ផែនដី និងបរិស្ថានវិទ្យា ឬមុខជំនាញ ពាក់ព័ន្ធដែលសមស្របនឹងជំនាញឯកទេសដែលខ្លួនបានដាក់ពាក្យ, មានបទពិសោធន៍បង្រៀនយ៉ាងតិច ២ឆ្នាំ, មានអាយុមិនលើស ៥០ ឆ្នាំ, មិនទាន់មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ក្នុងជំនាញពាក់ព័ន្ធ, បន្តបំពេញកាតព្វកិច្ចបម្រើការងារ យ៉ាងតិច ២ឆ្នាំ បន្ទាប់ពីបញ្ចប់ការសិក្សា, មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តការសិក្សា និងអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ និងបេក្ខជនត្រូវឆ្លងកាត់ការប្រឡងជ្រើសរើស។
បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចស្វែងរកពាក្យស្នើសុំ តាមរយៈ Link និងដាក់ពាក្យតាមរយៈ Link ត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦៕