
ចិន៖ ប្រធានាធិបតីអាមេរិក ចូ បៃឌិន នៅថ្ងៃទី ១៨ មីនា បានប្រកាសបញ្ជាក់ជំហរជាថ្មីរបស់នយោបាយអាម៉េរិកចំពោះតំបន់តៃវ៉ាន់ដោយមិនគាំទ្រឱ្យតំបន់នេះប្រកាសឯករាជ្យនោះទេ។ការប្រកាសជំហររបស់ប្រធានាធិបតីអាម៉េរិកយ៉ាងដូច្នេះ ធ្វើឡើងក្នុងក្នុងកិច្ចសន្ទនាជាមួយប្រធានាធិបតីចិន ស៊ី ជិងពីង។
លោកបៃឌិត បានប្រាប់លោកស៊ីថា អាម៉េរិកមិនស្វែងរកសង្រ្គាមត្រជាក់ថ្មីជាមួយចិនទេ ហើយក៏មិនមានបំណងចង់ផ្លាស់ប្តូរប្រព័ន្ធរបស់ចិននោះដែរ។អាម៉េរិកមិនគាំទ្រ "ឯករាជ្យភាពតៃវ៉ាន់" ហើយខ្លួនគ្មានចេតនាចង់រកជម្លោះជាមួយចិនទេ។អាម៉េរិក ត្រៀមខ្លួនរួចជាស្រេចក្នុងការសន្ទនាដោយស្មោះត្រង់ និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយប្រទេសចិន រក្សាការប្តេជ្ញាចិត្តចំពោះគោលនយោបាយចិនតែមួយ និងគ្រប់គ្រងការប្រកួតប្រជែង និងការខ្វែងគំនិតគ្នាប្រកបដោយប្រសិទ្ធភាព ដើម្បីធានាបាននូវកំណើនស្ថិរភាពនៃទំនាក់ទំនង។
បើតាមចូ បៃឌិន អាម៉េរិកបង្ហាញពីការត្រៀមខ្លួនក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយចិន ដើម្បីកំណត់ទិសដៅ សម្រាប់ទំនាក់ទំនងអាមេរិក-ចិន។
លោកស៊ី ជិងពីង បានបតវិញថា ប្រទេសចិន និងសហរដ្ឋអាមេ៉រិកត្រូវគោរពគ្នាទៅវិញទៅមក រួមរស់ជាមួយគ្នាដោយសន្តិភាព និង ជៀសវាងការប្រឈមមុខគ្នា ហើយភាគីទាំងពីរគួរតែបង្កើនការទំនាក់ទំនង និង ការសន្ទនានៅគ្រប់កម្រិត និងគ្រប់វិស័យ។
ចំពោះសម្តីរបស់លោកបៃ ឌិន មិនស្វែងរកសង្រ្គាមត្រជាក់ថ្មីជាមួយចិន ដើម្បីផ្លាស់ប្តូរប្រព័ន្ធរបស់ចិន ឬធ្វើឱ្យសម្ព័ន្ធភាពប្រឆាំងនឹងចិនឡើងវិញនោះទេ ហើយថាសហរដ្ឋអាមេរិកមិនគាំទ្រ "ឯករាជ្យភាពតៃវ៉ាន់" ឬមានបំណងស្វែងរកជម្លោះជាមួយចិនលោកស៊ីថា "ខ្ញុំយកការកត់សម្គាល់ទាំងនេះយ៉ាងយកចិត្តទុកដាក់"។
លោកស៊ី ជិងពីង បានអះអាងថា មនុស្សមួយចំនួនរបស់អាម៉េរិក បានបញ្ជូនសញ្ញាខុសទៅកាន់កងកម្លាំង "ឯករាជ្យតៃវ៉ាន់"ដែលនេះវាការបង្ហាញសញ្ញា"គ្រោះថ្នាក់ខ្លាំងណាស់"។ហើយចិនសង្ឃឹមថា អាម៉េរិកនឹងយកចិត្តទុកដាក់ចំពោះបញ្ហានេះ។
គួរបញ្ជាក់ថា អតីតប្រមុខការទូតសហរដ្ឋអាម៉េរិក ម៉ៃផុមផែវ(Mike Pompeo)បានលើកឡើងនៅថ្ងៃសុក្រទី៤ខែមីនា ឆ្នំា២០២២នេះនៅក្នុងឱកាសនៃការថ្លែងសុន្ទរកថាក្នុងកម្មវិធីជួបជុំមួយដែលរៀបចំឡើងដោយក្រុមបញ្ញវន្តអ្នកស្រាវជ្រាវរបស់កោះតៃវ៉ាន់ ដោយលោកបានលើកឡើងថា សហរដ្ឋអាម៉េរិក គួរតែទទួលស្គាល់នូវកោះតៃវ៉ាន់ជាប្រទេសផ្លូវការតែម្តងទៅ។ ការថ្លែងបែបនេះរបស់លោកនៅក្នុងតៃប៉ិបានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លំាងពីសំណាក់រដ្ឋការទីក្រុងប៉េកំាង៕