
អ៊ីស្រាអែល៖ ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល បានលាតត្រដាងកាលពីថ្ងៃទី១៦ ខែមីនាថា អ៊ីស្រាអែលបានប្រើប្រាស់ដ្រូន ដើម្បីវាយប្រហារទីតាំងផលិតដ្រូនមួយនៅភាគខាងលិចប្រទេសអ៊ីរ៉ង់ កាលពីខែកុម្ភៈ ដោយបានបំផ្លាញដ្រូនរាប់រយគ្រឿង។
ប្រព័ន្ធផ្សព្វផ្សាយលីបង់ជឿថា នេះអាចជាហេតុផលនៅពីក្រោយការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ទៅលើ "មជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់" របស់អ៊ីស្រាអែលនៅទីក្រុង Erbil រដ្ឋធានី នៃតំបន់ស្វយ័តឃឺដអ៊ីរ៉ាក់ កាលពីថ្ងៃទី ១៣ នៃខែនេះ។
ស្ថានីយ៍ទូរទស្សន៍ "Square" របស់លីបង់ បានរាយការណ៍ព័ត៌មាននៃការវាយប្រហាររបស់អ៊ីស្រាអែលជាលើកដំបូង។ អ៊ីរ៉ង់បានថ្កោលទោសការវាយប្រហារនេះ ខណៈរដ្ឋាភិបាលអ៊ីស្រាអែលមិនបានឆ្លើយតប។
យោងតាមកាសែត Haaretz របស់អ៊ីស្រាអែលបានឲ្យដឹងថា អ៊ីស្រាអែលបានប្រើប្រាស់ដ្រូន ចំនួន ៦ គ្រឿង ហោះចេញពីមូលដ្ឋាននៅតំបន់ស្វយ័តឃឺដ នៃប្រទេសអ៊ីរ៉ាក់ ដើម្បីវាយប្រហារគោលដៅនៅភាគខាងលិចប្រទេសអ៊ីរ៉ង់។ ការវាយតម្លៃរបស់អ៊ីស្រាអែលបានកំណត់ថា ការវាយប្រហារនេះបានបំផ្លាញដ្រូនរបស់អ៊ីរ៉ង់រាប់រយប្រភេទ។
របាយការណ៍នេះមិនបានបញ្ជាក់អំពីទីតាំងពិតប្រាកដនៃការវាយប្រហារនោះទេ ហើយក៏មិនបាននិយាយថា តើគោលដៅនោះ ជាកន្លែងផលិតដ្រូនរបស់អ៊ីរ៉ង់ ឬកន្លែងហោះឡើងនោះទេ។
កងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ បានប្រកាសនៅថ្ងៃទី ១៣ ថាខ្លួនបានប្រើមីស៊ីល ដើម្បីវាយប្រហារមជ្ឈមណ្ឌលចារកម្មអ៊ីស្រាអែលនៅ Erbil នៅព្រឹកនោះ ជាការសងសឹកចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅក្នុងប្រទេសស៊ីរីកាលពីដើមខែនេះ ដែលបានសម្លាប់មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាមពីរនាក់។
ស្ថានីយទូរទស្សន៍ "Square" ជឿជាក់ថា គោលបំណងពិតប្រាកដរបស់ភាគីអ៊ីរ៉ង់ គឺចង់សងសឹកភាគីអ៊ីស្រាអែល ចំពោះការវាយប្រហារលើមូលដ្ឋានដ្រូនរបស់អ៊ីរ៉ង់។
យោងតាមការវិភាគរបស់អ្នករាយការណ៍ព័ត៌មានស៊ើបការណ៍សម្ងាត់ និងកិច្ចការយុទ្ធសាស្ត្រ Yossi Meirman នៃ Haaretz ដើម្បីទប់ទល់នឹងឧត្តមភាពដែនអាកាសរបស់អ៊ីស្រាអែល អ៊ីរ៉ង់បានពន្លឿនការអភិវឌ្ឍន៍ដ្រូនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ អ៊ីស្រាអែលព្រួយបារម្ភអំពីការកើនឡើងនៃកម្លាំងដ្រូនរបស់អ៊ីរ៉ង់ ហើយការវាយប្រហារតាមអាកាសត្រូវបានគេរំពឹងទុក៕