Cctimesw1140xh150cm copy

ស្ករត្នោតកំពង់ស្ពឺមានតម្លៃខ្ពស់ជាងមុន ខណៈការនាំចេញទៅទីផ្សារអឺរ៉ុបភាគច្រើន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក វី វាសនា ជំនួញការប្រធានសមាគមស្ករត្នោតខេត្តកំពង់ស្ពឺ។

កំពង់ស្ពឺ៖ តម្លៃស្ករត្នោតកំពង់ស្ពឺ នាពេលបច្ចុប្បន្ននេះបានឡើងថ្លៃជាងមុន ដោយតម្លៃស្ករម្សៅ បានឡើងថ្លៃពី៦៨០០​ទៅ៧០០០រៀល/គីឡូ, ស្ករសាច់ ឡើងថ្លៃពី៥០០០ទៅ៦០០០រៀល/គីឡូ, ស្ករសឺរ៉ូ ឡើងថ្លៃពី៥២០០ទៅ៥៥០០រៀល/គីឡូ។ ទន្ទឹមនេះតម្រូវការស្ករត្នោតក៏នៅតែបន្តកើនឡើង ជាពិសេសស្ករត្នោតកំពង់ស្ពឺបាននាំចេញទៅទីផ្សារអន្តរជាតិជាច្រើន និងភាគច្រើននាំចេញទៅទីផ្សារអឺរ៉ុប។ នេះបើតាមការលើកឡើងរបស់លោក វី វាសនា ជំនួញការប្រធានសមាគមស្ករត្នោតខេត្តកំពង់ស្ពឺ។

លោក វី វាសនា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ស្ករត្នោតកំពង់ស្ពឺឆ្នាំនេះមានតម្រូវការខ្ពស់ដូចឆ្នាំមុន ហើយទាក់ទងទៅនឹងការនាំចេញស្ករត្នោតទៅទីផ្សារអន្តរជាតិ ដូចជា ម៉ាឡេស៊ី បារាំង អាឡឺម៉ង អាមេរិក និងចិន ជាដើម។ ចំពោះបរិមាណស្ករត្នោតកំពង់ស្ពឺក្នុងឆ្នាំនេះអាចនឹងផលិតបាននៅចន្លោះ១៥០-១៧០តោន។ ដោយឡែក វិបត្តិសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែនមិនបានបង្កផលប៉ះពាល់ច្រើនដល់ការនាំចេញស្ករត្នោតកម្ពុជាទេ កម្ពុជានៅតែអាចនាំចេញទៅទីផ្សារអន្តរជាតិ និងជាពិសេសនាំចេញទៅអឺរ៉ុបបានច្រើនជាងគេ។

បើតាមលោក វី វាសនា បានឲ្យដឹងថា ឆ្នាំ២០២២នេះ សមាគមស្ករត្នោតខេត្តកំពង់ស្ពឺមានសមាជិកសរុប១៥៥នាក់។ បច្ចុប្បន្ននេះ កសិករផលិតស្ករត្នោតបានជួយបញ្ហាប្រឈមមួយចំនួន ដោយសារតែតំបន់មួយចំនួនក្នុងខេត្តកំពង់ស្ពឺ ភាគច្រើនជាតំបន់អភិវឌ្ឍន៍។ ដូច្នេះមានការរីករាលដាលខាងអចលនទ្រព្យច្រើនធ្វើឲ្យដើមត្នោតមានបញ្ហាប្រឈមដោយសារការកាប់គាស់ច្រើន ជាហេតុធ្វើឲ្យកសិករត្រូវរកដើមត្នោតថ្មី និងត្រូវជួលដើមត្នោតបន្ថែមទៀត។

ជាមួយគ្នានេះ លោក វី វាសនា បានបញ្ជាក់ថា កាលពីឆ្នាំ២០២១ស្ករត្នោតកំពង់ស្ពឺផលិតបាន១៥៧តោន នៅក្នុងនោះមាន ៤២តោនជាស្ករម្សៅ, ១៩តោនជាស្ករសឺរ៉ូ, ជាង៩០តោនជាស្ករសាច់ ដែលបានដាក់ឈ្មោះលក់ជាស្ករត្នោតកំពង់ស្ពឺ។ ដោយឡែកក្នុងឆ្នាំ២០២២នេះ សមាគមស្ករត្នោតខេត្តកំពង់ស្ពឺរំពឹងថាបរិមាណផលិតស្ករត្នោតអាចកើនឡើងនៅចន្លោះ១៥០-១៧០តោន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង